អន្តរជាតិ
នយោបាយអន្តរជាតិ
មហាក្សត្រថៃ ប្រកាសរៀបអភិសេកជាមួយមេបញ្ជាការកងអង្គរក្សផ្ទាល់ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ នៅថ្ងៃទី១ ខែឧសភា បានប្រកាសរៀបអភិសេកជាមួយព្រះនាងម្ចាស់ សុធីតា វជិរាលង្ករណ៍ ណ អយុធ្យា ដែលជាមេបញ្ជាការនៃប្រតិបត្តិការពិសេសកងអង្គរក្សផ្ទាល់របស់ទ្រង់។ រូបថត AFP
× មហាក្សត្រថៃ មហា វជិរាលង្ករណ៍ នៅថ្ងៃទី១ ខែឧសភា បានប្រកាសរៀបអភិសេកជាមួយព្រះនាងម្ចាស់ សុធីតា វជិរាលង្ករណ៍ ណ អយុធ្យា (Suthida Vajiralongkorn na Ayudhya) ដែលជាមេបញ្ជាការរងកងអង្គរក្សផ្ទាល់របស់ទ្រង់។ ការប្រកាសព័ត៌មានស្តីពីការរៀបអភិសេកនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះធ្វើឡើងតែប៉ុន្មានថ្ងៃមុនពិធីគ្រងរាជ្យសម្បត្តិផ្លូវការរបស់ក្សត មហា វជិរាលង្ករណ៍ នៅចុងសប្ដាហ៍នេះ។
ពិធីអភិសេករវាងមហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងព្រះនាងម្ចាស់ សុធីតា វជិរាលង្ករណ៍ ណ អយុធ្យា ធ្វើឡើងតាមច្បាប់របស់ប្រទេស និងប្រពៃណីក្សត្រ។ នេះបើតាមសេចក្ដីប្រកាសថ្ងៃទី១ ខែឧសភា ស្ដីពីការតែងតាំងព្រះរាជនីថ្មីរបស់ប្រទេស។ អាស្រ័យដូចនេះ មហាក្សត្រ មហា វជិរាលង្ករណ៍ ក៏តែងតាំងមហេសីថ្មីរបស់ទ្រង់ទៅជាសម្ដេចព្រះរាជិនីសុធីតាតែម្ដង។
ទំនាក់ទំនងស្នេហារវាងមហាក្សត្រអង្គទី១០ នៃរាជវង្សចក្រី និងមហេសីចុងក្រោយនេះ កើតឡើងកាលពីព្រះអង្គនៅជារជ្ជទាយាទ ហើយមហេសីអង្គនេះ នៅជាបុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មកម្ល៉េះ។ ទោះជាយ៉ាងណា ទំនាក់ទំនងនេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយរហូតដល់ពេលប្រកាសព័ត៌មានជុំវិញការរៀបអភិសេកនេះតែម្ដង។
ក្នុងពិធីដែលធ្វើឡើងរាជវាំងតុសិតក្នុងរាជធានីបាងកក ស្ដេចរាមាទី១០ និងសម្ដេចព្រះរាជិនី បានឡាយព្រះហស្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីក្លាយជាគូស្វាមីភរិយាស្របច្បាប់។ ព្រះម្ចាស់ក្សត្រិយ៍ សិរិនថន និងប្រធានទីប្រឹក្សាមហាក្សត្រ ព្រេម ទីនសុឡាណុន ក៏បានធ្វើជាសាក្សីផងដែរ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
អំឡុងទំនាក់ទំនងមិនបញ្ចេញជាសាធារណៈនេះ អគ្គមហេសីសុធីតា ដែលកាលនោះនៅមានឋានៈតូចតាចនៅឡើយ ក៏ក្លាយជាមន្ត្រីក្នុងជួរអង្គរក្សរបស់ស្ដេច។ ក្នុងឆ្នាំ២០១៤ ត្រូវបានតាំងតាំងជាមេបញ្ជាការកងអង្គរក្សផ្ទាល់របស់មហាក្សត្រ មហា វជិរាលង្ករណ៍ ដែលនៅជារជ្ជទាយាទ។ បន្ទាប់ពី ក៏ត្រូវបានតែងតាំងជាមេបញ្ជាការប្រតិបត្តិការពិសេសនៃកងអង្គរក្សមហាក្សត្រ ហើយដល់ឆ្នាំ២០១៦ ក៏ឡើងជាឧត្តមសេនីយ៍ផ្កាយបួនតែម្ដង។
នេះជាការរៀបអភិសេកលើកទីបួនហើយរបស់ស្ដេច មហា វជិរាលង្ករណ៍ ។ សម្រាប់អាពាហ៍ពិពាហ៍បីលើកកន្លងមក ទ្រង់មានបុត្រាបុត្រី៧អង្គ តែបច្ចុប្បន្ននៅសល់តែបីអង្គប៉ុណ្ណោះ៕
Tag:
ថៃ
មហា វជិរាលង្កករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com