ពីនេះ ពីនោះ
អន្តរជាតិ
រូបភាព​ចរិត​លោក ជេ​ក ម៉ា ពេល​សុំ​គេ​សហការ​ធ្វើ​ជំនួញ​ដំបូង​
02, May 2019 , 9:30 am        
រូបភាព
​ក្រុង​ហាង​ចូ​វ​៖ ខុសពី​បុគ្គល​មួយចំនួន នៅពេលដែល​ពួកគេ​ទៅសុំ​ការងារ​គេ​ធ្វើ ឬ​ចង់​សហការ​បើក​ជំនួញ​ជាមួយគ្នា គឺ​បង្ហាញ​ឥរិយាបថ​បែប​អំនួត​ដោយ​សំអាង​លើ​ចំណេះដឹង ទ្រព្យសម្បត្តិ និង​អ្វី​ផ្សេងៗ លោក ជេ​ក ម៉ា បានបង្ហាញ​កាយវិការ​ដ៏​ទន់ភ្លន់ ដោយ​ដៃស្តាំ​កាន់​កាបូប និង​ដើរ​ឱន​មុខ​ឆ្ពោះ​ទៅសុំ​សហការ​ពី​ក្រុមហ៊ុន​ដទៃ ដើម្បី​ធ្វើ​អាជីវកម្ម​រួមគ្នា​។ រូបសំណាក​តំណាង​ឲ្យ​លោក ជេ​ក ម៉ា បង្ហាញ​ពី​ចរិត​ដ៏​ទន់ភ្លន់​របស់លោក ត្រូវបាន​សាងសង់​នៅ​ចំ​ពីមុខ​ច្រកចូល​ក្នុង​ក្រុមហ៊ុន Alibaba ដែលមាន​អាគារ​ចំនួន​៩ និង​កម្ពស់​៦​ជាន់ លម្អ​ដោយ​បរិស្ថាន​ស្រស់ស្អាត​ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ​នេះ ស្ថិត​ទីក្រុង​ហាង​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន​។​

 
​លើសពី​ឥរិយាបថ​ដ៏​ទន់ភ្លន់​ដែល​លោក ជេ​ក ម៉ា ទៅសុំ​គេ​សហការ​ធ្វើ​ជំនួញ​ដំបូង លោក WU Szhe បុគ្គលិក​នៃ​ក្រុមហ៊ុន Alibaba ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា​៖«​រូបសំណាក​នេះ មានន័យថា មុន​ចាប់ផ្ដើម​អាជីវកម្ម លោក ជេ​ក ម៉ា បាន​ស្លៀក​សម្លៀកបំពាក់​បែបនេះ ដោយ​ដៃ​ម្ខាង​កាន់​កាបូប ហើយ​ដើរ​ឱន​មុខ ទៅសុំ​ការសហការ​ពី​ក្រុមហ៊ុន​ដទៃ​។ ប៉ុន្តែ ការធ្វើ​បែបនេះ ត្រូវបាន​គេ​ថា​លោក ជេ​ក ម៉ា ជា​មនុស្ស​បោកប្រាស់​។ ដូច្នេះ ទើប​នៅក្នុង​ក្រុមហ៊ុន Alibaba សាងសង់​រូបនេះ ដើម្បី​បង្ហាញ​ពី​ស្មារតី​គោរព​ចំពោះ​ភ្ញៀវ​និង​អតិថិជន​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖ 

 
​រូបសំណាក​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា ឈរ​ឱន​មុខ​ដោយ​ដៃស្តាំ​កាន់​កាបូបយួរ និង​ពាក់មួក​លើ​ក្បាល នៅ​ច្រកចូល​ក្រុមហ៊ុន Alibaba នេះ ក៏​បង្ហាញ​ពី​ការ​ដាស់តឿន​ស្មារតី​បុគ្គលិក​របស់លោក​ជិត​៨​ម៉ឺន​នាក់ ដែល​ដើរ​ឆ្លងកាត់​ទីតាំង​នេះ ឲ្យ​មាន​ស្មារតី​គោរព​ចំពោះ​អតិថិជន​និង​ភ្ញៀវ ជាពិសេស​បង្ហាញ​ពី​ការចាប់ផ្ដើម​អាជីវកម្ម​ដំបូង​ដែល​អ្នកខ្លះ​ត្រូវបាន​គេ​មើលងាយ​និង​មិន​ឲ្យ​តម្លៃ​៕

Tag:
 ចិន​
  ជេ​ក ម៉ា​
  Alibaba
  ហាង​ចូ​វ​
  រូបសំណាក​
© រក្សាសិទ្ធិដោយ thmeythmey.com