ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ទាំងនេះ​អាច​ញ៉ាំ​បាន​ច្រើន ដោយ​មិនបាច់​ភ័យ​រឿង​ឡើង​គីឡូ​ឡើយ​
03, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​គ្រប់គ្នា​តែងតែ​ស្រមៃ​ថា​អាច​ញ៉ាំ​អ្វី​បាន​ច្រើន​ដោយ​មិន​ឡើង​ទម្ងន់ ប៉ុន្តែ​បញ្ហា​នោះ​គឺថា វា​មិនមាន​អាហារ​ណា​ដែល​គ្មាន​កាឡូរី​នឹងមិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​សោះ​។ ប៉ុន្តែ​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា មាន​អាហារ​ជាច្រើន​ដែល​មិនមាន​កាឡូរី​ច្រើន ហើយ​អាច​ញ៉ាំ​បាន​ច្រើន ដោយ​មិនបាច់​ភ័យ​រឿង​ឡើង​ទម្ងន់​ទេ​។


ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អាហារ​មួយចំនួន​ដែល​អាច​ឲ្យ​អ្នក​ញ៉ាំ​បាន​កាន់តែច្រើន ហើយ​មិនអាច​ឡើង​គីឡូ​ថែមទៀត​៖
 
​ផ្លែ​ប៉ោម​
 
​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ប្រហែលជា​ជួយ​កុំ​ឲ្យ​ឈឺ គឺជា​ការ​ពិតមែន ព្រោះថា​ផ្លែឈើ​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ដល់​ការរំលាយ​អាហារ ខណៈពេល​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត​ផង​។ ផ្លែ​ប៉ោម​ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​យ៉ាងច្រើន ព្រមទាំង​វីតាមីន C ហើយ​វា​មាន​កាឡូរី​តែ ៥០​ប៉ុណ្ណោះ​។ 
 
​សាឡា​ត់​
 
​មាន​ហេតុផល​មួយ​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​សាឡា​ត់​ច្រើនតែ​ត្រូវបាន​គេ​ណែនាំ​ឲ្យ​អ្នក​ដែល​ចង់​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ឬ​ព្យាយាម​សម្រក​ទម្ងន់ ហើយ​រឿងនេះ​ជាការ​ពិតមែន ដោយសារតែ​សាឡា​ត់​មាន​អាស៊ីត​ហ្វូ​លិ​ក​ច្រើន​។ ស្លឹក​របស់​សាឡា​ត់​មានតែ ៣​កាឡូរី​ប៉ុណ្ណោះ ដូច្នេះ​មានន័យថា​អ្នក​អាច​ញ៉ាំ​ច្រើន​បំផុត​តាមតែ​ចិត្ត​ចង់​ដោយ​មិនបាច់​ភ័យ​រឿង​គីឡូ​ឡើង​ឡើយ​។ 
 
​ផ្កា​ខាត់ណា​
 
​ផ្កា​ខាត់ណា​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ផង និង​សារធាតុ Phytochemicals ផង ដែល​វា​សុទ្ធសឹងតែ​សំខាន់​សម្រាប់​សុខភាព​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន Folate វីតាមីន C និង K​។ សម្រាប់​ការ​ញ៉ាំ​ផ្កា​ខាត់ណា​មួយពេល អ្នកទទួល​បានត្រឹមតែ ២៥​កាឡូរី​ប៉ុណ្ណោះ ដូច្នេះ​វា​នឹងមិន​អាច​ញ៉ាំ​រហូតដល់​ឡើង​ទម្ងន់​បានឡើយ​។ 
 
​ត្រសក់​
 
​ជម្រើស​មួយ​ផ្សេងទៀត​ដែល​អ្នក​អាច​ពិចារណា​ទៅលើ​ការបង្ការ​កុំ​ឲ្យ​ឡើង​ទម្ងន់​បាន​គឺ​ការ​ញ៉ាំ​ត្រសក់​នេះឯង​។ បន្លែ​មួយ​នេះ​មាន​កាឡូរី​ទាប​ណាស់ តែមាន​ជាតិ​ទឹក​ច្រើន និង​អាចរំលាយ​ជាតិ​ខ្លាញ់​ដែល​លើស​ក្នុង​រាងកាយ​បាន ព្រមទាំង​បង្ការ​ការ​ហើមពោះ​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com