ជាតិ
សេដ្ឋកិច្ច
មេសហជីព ទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ២៥០ដុល្លារ ដល់កម្មករ
02, May 2019 , 10:03 am        
រូបភាព
ភ្នំពេញ៖ មេសហជីពមកពីវិស័យនានា បានស្នើដល់រាជរដ្ឋាភិបាល ឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមា២៥០ដុល្លារ ក្នុងមួយខែ ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត នៃវិស័យសំណង់ ទេសចរណ៍ សេវាកម្ម ដឹកជញ្ជូន ព្រមទាំងវិស័យផ្សេងៗទៀត ត្រឹមឆ្នាំ២០២០។ នេះបើយោងតាមញត្តិ ដែលក្រុមសហជីពបានដាក់ជូនរដ្ឋាភិបាល នាព្រឹកថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៩ ដែលជាទិវាពលកម្មអន្តរជាតិលើកទី១១៣។



មេសហជីពបានអះអាងថា វិស័យការងារនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមជាច្រើនដូចជា ប្រាក់ឈ្នួលនៅទាប ធ្វើការច្រើនម៉ោង កន្លែងធ្វើការប្រកបដោយគ្រោះថ្នាក់ ការចាប់ដាក់ពន្ធនាគារ ការប្រើហិង្សា ការរើសអើងសហជីពឯករាជ្យ ការប្ដឹងទៅតុលាការ និងការរំលោភបំពានជាច្រើនទៀត។ ក្នុងញត្តិបានសរសេរថា៖«កន្លងមក មានថៅកែក្រុមហ៊ុនមួយចំនួនបានសហការ និងឃុបឃិតជាមួយមន្ត្រីខិលខូច ធ្វើអំពើទុច្ចរិតជាច្រើន មកលើកម្មករ. ករណីខ្លះមានការបិទរោងចក្រ មិនបានបើកប្រាក់ខែ និងអត្ថប្រយោងជន៍ផ្សេងៗជូនកម្មករនិយោជិត ឲ្យបានត្រឹមត្រូវតាមច្បាប់ឡើយ»។

ជុំវិញការទាមទារដំឡើងប្រាក់ខែនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ការកើនឡើងនៃប្រាក់ឈ្នួល អាចជាការគំរាមកំហែងដល់ភាពប្រកួតប្រជែង នៃវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន​ ប្រាក់ឈ្នួលដែលកម្មករកម្ពុជាទទួល គឺសមរម្យតាមទីផ្សារការ​ងារ​ហើយ។ លោកបន្ដថា ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ខែខ្ពស់ទី៥ ក្នុងតំបន់អាស៊ាន ដែលខ្ពស់ជាងប្រទេសមីយ៉ាន់ម៉ា តំបន់ខ្លះនៃប្រទេសវៀតណាម និងប្រទេសឥណ្ឌូណេស៊ី។

លោកបន្ថែមថា ក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលនឹងចេញច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាថ្មី ជាមួយនឹងការបង្កើតគណៈកម្មាធិការជាតិប្រាក់ឈ្នួល។ ដូច្នេះការទាមទារប្រាក់ឈ្នួល នឹងយកទៅពិភាក្សា នៅគណៈកម្មាធិការជាតិប្រាក់ឈ្នួល។

លោកបាននិយាយថា៖«ការទាមទារ ជាសិទ្ធិសេរីភាពរបស់ពួកគាត់ គាត់ទារអ្វី ទារទៅ ប៉ុន្តែត្រូវសម្រេចទៅតាមលក្ខណៈបច្ចេកទេស ដោយត្រួតពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច និងលក្ខណៈវិនិច្ឆ័យតាមបែបសង្គម ដែលមានចែងច្បាស់ទៅក្នុងរូបមន្តរបស់យើង។ ហើយជជែកគ្នាក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដែលនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ»។

កម្មករ-កម្មការិនីជាង១ពាន់ បានជួបជុំគ្នា ក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១១៣នេះផងដែរ ដើម្បីដង្ហែក្បួន និងដាក់ញត្តិទាមទារឲ្យមានការដោះស្រាយបញ្ហាចំនួន២០ចំណុច នៅតាមស្ថាប័នមួយចំនួន មានរដ្ឋសភា ជាដើម។ ពួកគេ បានប្រមូលផ្តុំគ្នា នៅមាត់ទន្លេ ម្តុំក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)។

គួររម្លឹកថា ក្នុងឆ្នាំ២០១៩នេះ កម្មកររោងចក្រកាត់ដេរ ទទួលបានប្រាក់ឈ្នួលគោល១៨២ ដុល្លារ ក្នុងមួយខែ ឡើង១២ ដុល្លារបើធៀបនឹងឆ្នាំ២០១៨ គឺ ១៧០ដុល្លារ៕

Tag:
 កម្មករ
  ប្រាក់ខែ
  សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com