ជាតិ
មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិ ប្រាប់​មន្ត្រី​កុំ​ភ្ញាក់ផ្អើល​លើ​ព័ត៌មាន​ទម្លាក់​សក្តិ​
02, May 2019 , 11:23 am        
រូបភាព
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិលោក នាង ផាត បាន​ប្រាប់​ឲ្យ​មន្ត្រី​ទាហាន​ទាំងអស់ បន្ត​ប្រឹងប្រែង​បំពេញការងារ ហើយ​កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​ទាក់ទង​ការ​កាត់ ឬ​ទម្លាក់​សក្តិ​មន្ត្រី កាលពីពេល​ថ្មីៗ​នេះ​។ ការលើកឡើង​របស់លោក នាង ផាត នេះ ត្រូវបាន​ស្រង់​សម្តី​ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។​


 
​លោក នាង ផាត ចាត់ទុក​ព័ត៌មាន​ទម្លាក់​សក្តិ​នេះ គឺ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម ដែល​បកស្រាយ​ខុសពី​គោលបំណង​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំខែ ដែលមាន​ការចូលរួម​ពីថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន នៃ​កង​យោពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​២ ឧសភា មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ចំពោះ​ពាក្យ​ច​ចាម​អារាម​ដែលថា ក្រសួងការពារជាតិ​មាន​គម្រោង​ទម្លាក់​សក្តិ ដែល​ព័ត៌មាន​នេះ​មិនមែនជា​ការពិត​ទេ​។ សុំឱ្យ​នាយទាហាន​ទាំងអស់​កុំ​មានការ​ភ្ញាក់ផ្អើល តាម​ការបកស្រាយ​ខុស​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ផែនការ​កែទម្រង់​កង​យោពល​ខេ​ម​ភូមិន្ទ រយៈពេល​៥​ឆ្នាំ ២០១៥-២០១៩»​។​
 
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​អះអាងថា គម្រោង​កែទម្រង់​របស់​រដ្ឋាភិបាល លើ​វិស័យ​ការពារជាតិ​នេះ មាន​ផែនការ​យុទ្ធសាស្ត្រ​ជា​ជំហាន ដូច្នេះ​គ្មាន​ការទម្លាក់​សក្តិ ដូច​ការលើកឡើង​ឡើយ​។ «​ការកែទម្រង់​ឋានន្ត​សក្តិ ក្នុង​កងយោធពល​ខេ​ម​ភូមិន្ទ មាន​ផែន​ការណ៍​យុទ្ធសាស្ត្រ​យូរអង្វែង ជា​ជំហានៗ ដើម្បី​កសាង​កងទ័ព​មួយ​មាន​គុណភាព និង ប្រសិទ្ធភាព​ដឹកនាំ បញ្ជា​ឱ្យ​សមស្រប តាម​ការ​វិវឌ្ឍន៍ នៃ​សភាពការណ៍​ជាតិ និង​អន្តជាតិ​។ មិនមែន​កាត់ ឬ​ទម្លាក់​សក្តិ ដូច​ការបកស្រាយ​ភាន់ច្រឡំ​នោះទេ​»​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។ 
 
​ប្រមុខ​រដ្ឋាភិបាល គ្រោង​កំណែទម្រង់​ក្របខណ្ឌ​ក្រសួងការពារជាតិ ឲ្យ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤​ត្រឹមតែ​២​រូប​ប៉ុណ្ណោះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ ស្ម័គ្រចិត្ត​ទម្លាក់​ពី​ឋានន្តរសក្តិ​ផ្កាយ​៤ មក​ផ្កាយ​៣​វិញ ហើយ​ទុក​តែ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ តែ​២​រូបនោះ គឺ​មានតែ​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើតាម​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន ដែល​បាន​ស្រង់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល មក​សរសេរ​រៀបរាប់ កាលពីពេល​ថ្មី​នេះ ៕
 

Tag:
 នាង ផាត​
  ឈុំ សុជាតិ
 ​យោធា
 ​ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com