អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN បញ្ចូលមេជីវពលនៅប៉ាគីស្ថានក្នុងបញ្ជីភេរវករ ក្រោយចិនផ្ដល់ភ្លើងខៀវ
02, May 2019 , 1:25 pm        
រូបភាព
បាតុករឥណ្ឌាលើបដាមានរូបប្រមុខដឹកនាំក្រុមជ្រុលនិយមនៅប៉ាគីស្ថាន Masood Azhar ។ រូបភាព AFP
បាតុករឥណ្ឌាលើបដាមានរូបប្រមុខដឹកនាំក្រុមជ្រុលនិយមនៅប៉ាគីស្ថាន Masood Azhar ។ រូបភាព AFP
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១ ខែឧសភា បានបញ្ចូលឈ្មោះ Masood Azhar ជាមេដឹកនាំក្រុមជ្រុលនិយមមានមូលដ្ឋាននៅប៉ាគីសស្ថានទៅក្នុងបញ្ជីភេរវករអន្តរជាតិ។ការបញ្ចូលឈ្មោះ អាចធ្វើបានដោយសារចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប៉ាគីស្ថាន បើកភ្លើងខៀវរួចមក។ ក្រុងប៉េកាំង បានប្រឆាំងម្ដងជាពីរដងទៅហើយជុំវិញរឿងនេះ។ ឥណ្ឌាដែលរងគ្រោះដោយសារទង្វើរបស់ក្រុមជ្រុលនិយមនៅប៉ាគីស្ថាន បានសាទរចំណាត់ការរបស់អង្គការសហប្រជាជាតិ។



បន្ទាប់ពីជំទាស់អស់បួនដងហើយនោះ ចិនក៏យល់ស្របលើសំណើបញ្ចូលឈ្មោះ Masood Azhar ជាមេដឹកនាំក្រុមជ្រុលនិយម Jaish-e-Mohammad មានមូលដ្ឋាននៅប៉ាគីស្ថាន ទៅក្នុងបញ្ជីភេរវជនអន្តរជាតិ។ គណៈកម្មការធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១ ខែឧសភា បានប្រកាសពីបញ្ចូលឈ្មោះជន Azhar នេះទៅក្នុងបញ្ជីភេរវករក្រោមហេតុផលថា ជននេះមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។

ក្រុម Jaish-e-Mohammad នេះហើយដែលប្រកាសទទួលខុសត្រូវករណីវាយប្រហារថ្ងៃទី១៤ ខែកុម្ភៈដែលសម្លាប់ទាហានឥណ្ឌា៤០នាក់នៅទឹកដីកាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ ដោយសារព្រឹត្តិការណ៍នេះ ប៉ាគីស្ថាន និងឥណ្ឌា ក៏ផ្ទុះជម្លោះទ្រង់ទ្រាយតូចនៅតំបន់បែងចែកមួយនេះ រហូតដល់មានការវាយប្រហារដែនអាកាសទៅមកទៀតផង។ ក្រុមជ្រុលនិយមដដែល ស្ថិតក្នុងបញ្ជីក្រុមភេរវករអន្តរជាតិតាំងពីឆ្នាំ២០០១ មក។

ក្រោមការសម្រេចចិត្តរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិ មេដឹកនាំក្រុមជ្រុលនិយមខាងលើ នឹងប្រឈមមុខការបង្កកទ្រព្យសម្បត្តិ ការរឹតត្បិតការធ្វើដំណើរអន្តរជាតិ និងបម្រាមទិញអាវុធជាដើម។ បើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការដដែល បុគ្គល Azhar មានជាប់ពាក់ព័ន្ធអំពើភេរវកម្ម ព្រោះបានផ្ដល់ហិរញ្ញវត្ថុ រៀបចំផែនការ សម្របសម្រួលការងារ និងធ្វើសកម្មភាពតាមរយៈក្រុម Jaish-e-Mohammad ដោយផ្ទាល់។

មន្រ្តីការទូតប្រចាំអង្គការសហប្រជាជាតិនិយាយថា សំណើលើកទីបួនដើម្បីបញ្ចូល Azhar ទៅក្នុងបញ្ជីភេរវករ ត្រូវបានស្នើក្នុងកិច្ចប្រជុំគណៈកម្មាធិការទណ្ឌកម្ម ហើយចិនមិនបានប្រឆាំងអ្វីទេ។ សហរដ្ឋអាមេរិក បានស្នើសេចក្ដីព្រាងដំណោះស្រាយរបស់ខ្លួនជាបន្តបន្ទាប់ ដែលនោះក៏បានក្លាយជាការដាក់សម្ពាធលើចិនកាន់តែខ្លាំង ទើបមានការផ្ដល់ភ្លើងខៀវតែម្ដង។

ក្រុងញូវដែលី បង្ហាញការរីករាយយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ដោយចាត់ទុកដំណោះស្រាយនេះជាជោគជ័យនៃនយោបាយការបរទេសរបស់ឥណ្ឌា រដ្ឋមន្រ្តីហិរញ្ញវត្ថុ Arun Jaitley បានសរសេរលើបណ្ដាញសង្គមTwitter របស់ខ្លួនថា ឥណ្ឌាពិតជាត្រឹមត្រូវ។ ពេលនេះ Masoor Azhar ក្លាយជាភេរវករអន្តរជាតិ ហើយឥណ្ឌាក៏មានក្ដីសុខដែរ៕

Tag:
 UN
  ឥណ្ឌា
  ប៉ាគីស្ថាន
  Masood Azhar
© រក្សាសិទ្ធិដោយ thmeythmey.com