ជាតិ
ជលផល​ខេត្តកំពង់ធំ ៖ ត្រី​ជាង​២៥​តោន​ងាប់ ដោយសារ​អាកាសធាតុ ត្រូវបាន​ពលរដ្ឋ​ធ្វើជា​ប្រហុក និង​ផ្អក​
02, May 2019 , 2:15 pm        
រូបភាព
រូបភាពពីលោក ប៉ែន វណ្ណរិទ្ធិ នាយខណ្ឌជលផលខេត្តកំពង់ធំ
រូបភាពពីលោក ប៉ែន វណ្ណរិទ្ធិ នាយខណ្ឌជលផលខេត្តកំពង់ធំ
​ត្រី​ជាច្រើន​ប្រភេទ​ជាង​២៥​តោន បាន​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​អាកាសធាតុ​ក្តៅ និង​ទឹក​រាក់ ស្ថិតនៅក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

 
​លោក ប៉ែន វណ្ណ​រិ​ទ្ធិ នាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ធំ បាន​និយាយថា ការ​ងាប់​ត្រី​នេះ បណ្ដាលមកពី​ទឹក​ក្នុង​ទន្លេ​មាន​កម្ពស់​ទាប ហើយ​រង​នូវ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​ជិត​៣​ម៉ោង កាលពី​ថ្ងៃទី​២៨​មេសា ឆ្នាំ​២០១៩​។​


 
​លោក ប៉ែន វណ្ណ​រិ​ទ្ធិ បានបញ្ជាក់​ប្រាប់​សារ​ព័​ត័​មាន​ថ្មី​(Thmey Thmey) តាម​ទូរស័ព្ទ​ថា «​ការ​ងាប់​ត្រី​នេះ ដោយសារ​អាការ​ធាតុ​ក្ដៅ ទឹកទន្លេ​រាក់ ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រួមជាមួយ​ខ្យល់ ធ្វើ​ឲ្យ​ភក់​ផុស​ឡើងលើ បណ្ដាល​ឲ្យ​ពុល​ត្រី​»​។​


 
​បើតាម​នាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ធំ ទឹក​រាក់​នោះ ត្រឹមតែ​៣​ទៅ​៧​តឹក ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ត្រី​ងាប់ បូក​រួមនឹង​ការប្រែប្រួល​អាកាសធាតុ​ភ្លាមៗ ពី​ក្ដៅ​មក​ត្រជាក់ ដែលមាន​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​បង្ក​ឲ្យ​ត្រី​ងាប់​។ ចំពោះ​ត្រី​ដែល​ងាប់​ក្នុង​ទន្លេ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រមូល​រើសយក​ធ្វើ​ប្រហុក ផ្អក់ ឯ​ត្រី​ដែល​នៅរស់ ខាង​អាជ្ញាធរ​នឹង​រក​គ្រប់​វិធី ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​។​


 
​ត្រី​ដែល​ងាប់ មាន​ត្រី​រៀល​១២​តោន​, ត្រី​ច្រកែង​៣​តោន​, ត្រី​ឆ្ពិន​៣​តោន​, ត្រី​សណ្ដាយ​២​តោន​, ត្រី​ឆ្លាំង​២តោន, ត្រី​ខ្មាន់​២​តោន​, ត្រី​តា​ឱន​១​តោន និង​កែស​កន្លះ​តោន​។ នេះ​បើតាម​លោក ប៉ែន វណ្ណ​រិ​ទ្ធិ​៕




 

Tag:
 កំពង់ធំ​
  ត្រី​ងាប់
© រក្សាសិទ្ធិដោយ thmeythmey.com