អន្តរជាតិ
ព្រះខ័នរាជ្យ​ប្រើ​ក្នុង​ពិធី​រាជាភិសេក​មហាក្សត្រ​ថៃ ត្រូវបាន​នាំយក​ពី​កម្ពុជា
02, May 2019 , 7:39 pm        
រូបភាព
ព្រះសែងខ័នជ័យស្រីដែលប្រើក្នុងពិធីរាជាភិសេកមហាក្សត្រថៃ។ រូបភាព The Nation
ព្រះសែងខ័នជ័យស្រីដែលប្រើក្នុងពិធីរាជាភិសេកមហាក្សត្រថៃ។ រូបភាព The Nation
​ប្រទេស​ថៃ នឹង​រៀបចំ​ពិធី​រាជាភិសេក​របស់​ព្រះមហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែ ឧសភា​នេះ​។ អំឡុង​ពិធី​ដ៏​អធិកអធម​នេះ ក្សត្រា​អង្គ​ទី​១០ នៃ​រាជវង្ស​ចក្រី នឹងត្រូវ​ថ្វាយ​គ្រឿង​កេតនភណ្ឌ​សំខាន់ៗ​ចំនួន​២៨​មុខ ដើម្បី​ពេញ​យស​ជា​មហាក្សត្រ​។ ក្នុងចំណោម​គ្រឿង​សម្គាល់​សញ្ញា​ជា​ព្រះរាជា​នេះ គ្រឿង​បញ្ច​កកុធភណ្ឌ ជា​វត្ថុ​សំខាន់​ជាងគេ​។ ព្រះខ័នរាជ្យ​ដែលជា​គ្រឿង​បញ្ចកកុធភណ្ឌ​មួយ​ដែរ ត្រូវបាន​នាំយក​ពី​កម្ពុជា​។ 

 
​គ្រឿង​បញ្ច​កកុធភណ្ឌ​ដែលជា​វត្ថុ​តំណាង​ឲ្យ​ចេស្ដា​ស្ដេច​ថៃ មានដូចជា ព្រះមហា​ពិជ័យ​ម្កុដ​, ព្រះ​សែង​ខ័ន​ជ័យស្រី​, ព្រះ​ទណ្ឌៈ (​ដំបង​), វាលវីជនី (​ផ្លិត​) និង​ព្រះ​សុពណ៌​បាទ​។ គ្រឿង​ទាំងនេះ ជា​វត្ថុ​ចាំបាច់​បំផុត​សម្រាប់​ក្សត្រ​គ្រងរាជ្យ​ដែល​ថ្វាយ​ពី​សំណាក់​មហា​ព្រាហ្មណ៍​រាជគ្រូ​ប្រចាំ​ព្រះបរមរាជវាំង​ដើម្បី​គ្រង​រាជសម្បត្តិ​ពេញ​បរិបូណ៌​ជា​មហាក្សត្រ​របស់​ថៃ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ព្រះ​សែង​ខ័ន​ជ័យស្រី​។ គ្រឿងសាស្ត្រាវុធ​នេះ ត្រូវបាន​នាំយក​ពី​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​កាសែត​បាងកក​ប៉ុស្តិ៍​ត្រង់​មាតិកា​ពិសេស​ស្ដីពី​ពិធី​រាជាភិសេក​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ។ ព្រះខ័នរាជ្យ​នេះ តំណាង​ឲ្យ​តួនាទី​របស់​មហាក្សត្រ​ជា​អ្នកការពារ​ប្រទេស និង​ជា​សេចក្ដីក្លាហាន និង​អំណាច​កំពូល​ជា​ក្សត្រ​។ 
 
​ប្រភពព័ត៌មាន​ខាងលើ​បន្តថា ព្រះខ័នរាជ្យ​មុខ​ពីរ​នេះ ត្រូវបាន​រកឃើញ​ក្នុង​បឹង​ទន្លេសាប​ដោយ​អ្នកនេសាទ ដែល​ក្រោយមក​ក៏​យក​ឲ្យ​ចៅហ្វាយ​ខេត្តបាត់ដំបង ចៅហ៊្វា បែន ​។ បន្ទាប់មក​ មន្ត្រី​សៀម​ក៏​យក​អាវុធ​នេះ​ថ្វាយ​ស្ដេច​រាមា​ទី​១ តែម្ដង​។ មហាក្សត្រ​ថៃ​អង្គ​នេះ ក៏​បញ្ជា​ឲ្យ​កសាង​ដង និង​ស្រោម​ពី​មាស និង​ត្បូង​សម្រាប់​ព្រះខ័នរាជ្យ​នេះ ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពិធី​រាជាភិសេក​មហាក្សត្រ​ថៃ​នា​សម័យ​ក្រោយៗ​មកទៀត​។​
 
​ទាំង​ដង ទាំង​ផ្លែ​មាន​ប្រវែង​៨៩,៨​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​១,៣​គីឡូក្រាម​។ នៅ​ពេលដាក់​ក្នុង​ស្រោម អាវុធ​ក្សត្រ​មួយ​នេះ​មាន​ប្រវែង​១០១​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​១,៩​គីឡូក្រាម​៕
 

Tag:
 ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com