ជាតិ
សិល្បះ
កាឡៃ​បទ​ចម្រៀង​៖ ក្រសួង​វប្បធម៌​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ បើ​ផលិតកម្ម​សាន់​ដេ​មិន​ចូលខ្លួន​ដោះស្រាយ​
02, May 2019 , 8:19 pm        
រូបភាព
រូប​ពី​ហ្វេសប៊ុក លោក ស៊ឹម សត្តា រូប​កណ្ដាល
រូប​ពី​ហ្វេសប៊ុក លោក ស៊ឹម សត្តា រូប​កណ្ដាល
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២​ឧសភា​នេះ គឺ​ជាង​១០​ថ្ងៃ​ហើយ ដែល​ផលិតកម្ម​សាន់​ដេ មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ខាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តាម​ការសន្យា ជុំវិញ​ករណី​កាឡៃ​បទ​ចម្រៀង ដោយ​គ្មាន​ការអនុញ្ញាត​។ ក្រសួង​វប្បធម៌ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ បើ​ផលិតកម្ម​សាន់​ដេ នៅ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​។​

 
​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​និយាយថា ក្រសួង​បាន​ពន្យា​ពេល​ឲ្យ​ក្រុមហ៊ុន​សាន់​ដេ យូរថ្ងៃ​ហើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នៃ​ការផលិត​បទ​ចម្រៀងរ​បស់​ផលិតកម្ម​មួយ​នេះ​។ ប៉ុន្តែ​ផលិតកម្ម​សាន់​ដេ បែ​ជា​បង្ហាញ​ការ​មិនឱ្យ​តម្លៃ​ក្រសួង​វប្បធម៌​ទៅវិញ តាមរយៈ​ការមិន​ចូលទៅ​ដោះស្រាយ​តាម​ពាក្យសន្យា​។ ត្រង់ចំណុច​នេះ លោក ស៊ឹម សត្តា បាន​បន្ថែមថា បើ​សាន់​ដេ​នៅតែ​មិន​ព្រម​មក​ប្រជុំ​ជាមួយ​ក្រសួង​នៅក្នុង​អំឡុង​សប្ដាហ៍​នេះ នាយកដ្ឋាន​របស់លោក និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ លើ​ករណី​កាឡៃ​បទ​ចម្រៀង​យកទៅ​ធ្វើ​អាជីវកម្ម​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​នេះ​។​
 
​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា ៖«​បើសិនជា​សាន់​ដេ​មិន​ចូលរួម​សហការ​ជាមួយ​ក្រសួង​ទេ យើង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ហើយ​។  យើង​ទាក់ទង​ទៅ​គាត់ គាត់​ថា​មិនមាន​ពេល ថា​បែបនេះ បែប​នោះ នេះ​ជាការ​ងារ​មួយ​ដែល​សាន់​ដេ​កំពុងតែ​មិនឱ្យ​តម្លៃ​ស្ថាប័នរដ្ឋ​។ យើង​នៅ​ទុក​ឱកាស​ឱ្យ​សាន់​ដេ​ទេ យើង​នឹង​ព្យាយាម​ទាក់ទង​ទៅ​គាត់​ទៀត បើ​ក្នុង​សប្ដាហ៍​នេះ​គាត់​នៅតែ​មិន​មកទៀត ពួកយើង​នឹងធ្វើ​របាយការណ៍​ដាក់​ទៅ​ក្រសួង ដើម្បី​សម្រេច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​»​។​
 
​លោក ស៊ឹម សត្តា មិនទាន់​អាច​បញ្ជាក់​ពី​វិធានការ​ក្រសួង​ថា តើ​នឹង​ប្ដឹងទៅ​តុលាការ ឬ​យ៉ាងណា ? ក្នុងករណី​ផលិតកម្ម​សាន់​ដេ មិន​ព្រម​បង្ហាញខ្លួន​នេះ ពោលគឺ​ត្រូវ​រង់ចាំ​ការប្រជុំ​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
 
អត្ថបទទាក់ទង
 
 
​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានចេញ​លិខិត​កោះហៅ​ផលិតកម្ម​សាន់​ដេ មក​អប់រំ​ណែនាំ​ករណី​ផលិត​បទ​ចម្រៀង​ដែល​មិនមាន​ការអនុញ្ញាត​។ តែ​នៅ​ថ្ងៃទី​៨​កន្លង​ទៅនោះ ចាងហ្វាង​ផលិតកម្ម​សាន់​ដេ​មិនបាន​ទៅដោយ​ខ្លួនឯង​ឡើយ បាន​ត្រឹម​ឱ្យ​តំណាង​ដែល​មិនមាន​សិទ្ធិ​សម្រេច​អ្វី​បាន ទៅ​ជួប​ក្រសួង​តែប៉ុណ្ណោះ​។ ក្នុង​ការជួបពិភាក្សាគ្នា​នេះ ខាង​តំណាង​សាន់​ដេ​បានទទួល​ស្គាល់​កំហុស​ខ្លួន ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​អ្វី​ជា​ផ្លូវការ​ទេ ដោយ​រង់ចាំ​ជំនួប​ចុងក្រោយ​រវាង​ម្ចាស់​ផលិតកម្ម និង​ភាគី​ក្រសួង​ផ្ទាល់​តែម្ដង​។

ហើយ​មកដល់ពេលនេះ ម្ចាស់​ផលិតកម្ម​សាន់​ដេ នៅតែ​មិនទាន់​ជួប​ភាគី​ខាង​ក្រសួង​ដដែល បើ​ទោះ​ក្រសួងសាមី​បាន​ហៅ​ទូរ​សព្ទ​ទៅ​ភាគី​សាន់​ដេ​ចំនួន​៣​ដង​រួចមកហើយ ដើម្បី​បញ្ជាក់​ពេលវេលា​ប្រជុំ ។​តែ​សាន់​ដេ​បាន​ត្រឹម​ឆ្លើយថា ជាប់រវល់​មិនមាន​ពេល​មកជួប​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ក្រសួង​បាន​រកឃើញ​ចម្រៀង​៤​បទ​ដែល​សាន់​ដេ​យកទៅ​ធ្វើ​អាជីវកម្ម​ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត និង​កែ​ទំនុកច្រៀង​ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​អ្នកនិពន្ធ​។ បទ​ទាំង​៤​នោះ​មាន​បទ “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” យកទៅ​កាឡៃ​ជា​បទ "​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​" ។  បទ “​ស្រឡាញ់គ្នា​ដល់​ចាស់​កាន់​ឈើច្រត់​" កាឡៃ​ពីបទ "​ចិត្ត​ប្រឹង​ស្រឡាញ់​”​។ បទ​”​នរក​១៨​ជាន់​” កាឡៃ​ពីបទ “​ស្ដាយ​ចិត្ត​ដែល​ខំ​រក្សា​” និង​បទ​” ជើងមេឃ​ពណ៌​ខ្មៅ​” កាឡៃ​ពីបទ “​ជើងមេឃ​ពណ៌​ខ្មៅ​” ដោយ​បទ​នេះ​កែ​ទំនុកច្រៀង​ខ្លះ​។ បទ​ទាំងនេះ​សុទ្ធសឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​៕

Tag:
 ក្រសួង​វប្បធម៌​
  សាន់​ដេ​
  សិល្បៈ​
  ចម្រៀង​
  តន្ត្រី​
 ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com