អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថា អាមេរិក​ប្រុងប្រៀប​អន្តរាគមន៍​ខាង​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
03, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo និយាយថា សហរដ្ឋអាមេរិក ប្រុងប្រៀប​ធ្វើ​អន្តរាគមន៍​ខាង​យោធា​ដើម្បី​ទប់ស្កាត់​ភាពចលាចល​ដែល​បន្ត​មាន​ឡើង​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

 
​អ្នកការទូត​កំពូល​អាមេរិក​រូបនោះ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox Bussiness Network ថា «​ចំណាត់ការ​ខាង​យោធា អាច​កើតមាន ប្រសិនបើ​នេះ​ជា​អ្វីដែល​ត្រូវតម្រូវ​។ នេះ​ជា​អ្វីដែល​សហរដ្ឋអាមេរិក​នឹងធ្វើ​នោះ​»​។​
 
​ទោះយ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Pompeo បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា សហរដ្ឋអាមេរិក ចង់បាន​អន្តរកាល​នៃ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស​ពី​ប្រធានាធិបតី​សង្គមនិយម​លោក Nicolas Maduro ទៅ​លោក Juan Guaido ប្រធានាធិបតី​អន្តរ​កាលដែល​ប្រកាស​ខ្លួនឯង​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ប្រហែល​៥០​ផ្សេងទៀត​ជា មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង​នេះ​។​
 
​ការផ្តល់​សញ្ញា​របស់លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo ថា សហរដ្ឋអាមេរិក អាច​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នោះ បានធ្វើ​ឲ្យ​មានការ​ស្តីបន្ទោស​ភ្លាមៗ​មកពី​ប្រទេស​រុស្ស៊ី​ដែលជា​អ្នកគាំទ្រ​ប្រធានាធិបតី Maduro យ៉ាងខ្លាំង​នោះ​។​
 
​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និយាយថា លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បាន​ព្រមាន​លោក​Pompeo នៅក្នុង​ការនិយាយ​តាម​ទូរ​សព្ទ​ថា វិធានការ​គឃ្លើន​ដោយ​សហរដ្ឋអាមេរិក​ក្នុងប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា អាចធ្វើ​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ង​បំផុត​។ អ្នកការទូត​រុស្ស៊ី​រូបនេះ​បាន​រិះគន់​អ្វីដែល​លោក​បាន​និយាយថា ជាការ​ជ្រៀតជ្រែក​របស់​សហរដ្ឋអាមេរិក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​លោក​បាន​ហៅថា ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com