កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ​របួស Ramsey ត្រូវ​បង្ខំចិត្ត​បញ្ចប់​អាជីព​ជាមួយ Arsenal មុនពេល​កំណត់
02, May 2019 , 4:51 pm        
រូបភាព
​ខ្សែបម្រើ Aaron Ramsey មិនអាច​បង្ហាញខ្លួន​ឲ្យ Arsenal សម្រាប់​ប្រកួត​ដែល​នៅសល់​រដូវ​នេះ​ទេ បន្ទាប់ពី​រងរបួស​ស​រ​សៃ​ពួរ​។ បញ្ហា​របួស​នេះ បង្ខំ​ឲ្យ​រូបគេ​បញ្ចប់​អាជីព​ជាមួយ​ក្លិប ដែល​ធ្លាប់​រួមរស់​រយៈពេល ១១ រដូវ​កាល​នៅត្រឹម​ពេលនេះ​តែម្តង​។ នេះ​បើតាម​ការអះអាង​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Unai Emery ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ក្រុម​នេះ​ទទួលភ្ញៀវ Valencia ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពាន Europa League​។​


 
Ramsey នឹង​ត្រូវផុត​កិច្ចសន្យា​ជាមួយ Arsenal នៅ​ខែ​ក្រោយនេះ និង​យល់​ព្រមទៅ​ចូលរួម ជាមួយ Juventus តាំងពី​ខែកុម្ភៈ​មក ជាមួយ​កិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​។​


 
​ខ្សែបម្រើ​សញ្ជាតិ​វែ​ល​សិ៍​ដែល​ក្លាយជា​កីឡាករ​លេង​ឲ្យ Arsenal យូរ​ជាងគេ​រូបនេះ បាន​រងរបួស​សរសៃ​ពួរ​អំឡុង​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League ទល់នឹង Napoli កាលពី​ខែ​មុន​។ ដោយសារ​បញ្ហា​របួស​បាន​ធ្វើ​ឲ្យ Ramsey បញ្ចប់​អាជីព​ជាមួយ Arsenal នៅត្រឹម​នេះ​តែម្តង​។​
 
«​វា​ជា​បទពិសោធ​ល្អ​ដែល​បានធ្វើការ​ជាមួយ​កីឡាករ​គ្រប់រូប ជាពិសេស​ដូចជា Ramsey នេះ ព្រោះ​គាត់​បាន​បញ្ចេញ​ថាមពល​របស់គាត់​អស់ពី​បេះដូង​សម្រាប់ Arsenal »​។ លោក Emery បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅមុន​ពេល​ការប្រកួត​ជើង​ទី​១​ទល់ Valencia នៅ​រាត្រី​ថ្ងៃទី​២ ខែឧសភា ឆ្លង​ចូល​ថ្ងៃទី​៣ នៅវេលា​ម៉ោង​២:០០​នាទី​អា​ធ្រា​ត្រ​។​


 
​គ្រូ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បន្ថែមថា​៖៖«​ខ្ញុំ​បាន​និយាយ​ទៅ​គាត់​កាលពី​មួយខែ​មុន​ថា​ខ្ញុំ​ចង់​ធ្វើ​រឿង​សំខាន់​សម្រាប់​ការប្រកួត​ចុងក្រោយ​របស់គាត់​ជាមួយ​យើង ប៉ុន្តែ​នៅពេលនេះ​គឺ​បាន​ត្រឹម​គិត​ទៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​»​។​
 
Ramsey វ័យ​២៨​ឆ្នាំ​បាន​ផ្លាស់​ពី Cardiff City ទៅ​ចូលរួម Arsenal កាលពី​ឆ្នាំ​២០០៨ ក្នុងនោះ​បង្ហាញខ្លួន​លើសពី​៣៥០​ប្រកួត​។ រយៈពេល​១១​រដូវ​កាល Ramsey ធ្លាប់​ឈ្នះ​ពាន FA Cup ចំនួន​៣​ដង​៕

Tag:
 បាល់ទាត់​
  Aaron Ramsey
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com