អន្តរជាតិ
សេរីភាព​សារព័ត៌មាន​៖ ន័​រវេ​សលេខ​១ កម្ពុជា​លេខ​១៤៣ រីឯ​តួ​កមេ​នី​ស្ថាន​យ៉ាប់​ជាងគេ​
03, May 2019 , 7:59 am        
រូបភាព
ដោយ: ធីតា
​របាយការណ៍ World Press Freedom Index របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​បង្ហាញថា កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៤៣​ក្នុងចំណោម​១៨០​ប្រទេស​។ ន័​រវេ​ស​ស្ថិតនៅលើ​កំពូល​តារាង​ដែល​ប្រសើរ​ដាច់​គ្នា ខណៈ​តួ​កមេ​នី​ស្ថាន ជា​កន្លែង​ដែល​គ្រោះថ្នាក់​ខ្លាំងជាងគេ​សម្រាប់​សេរីភាព​សារព័ត៌មាន​។​

 
​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​៣៤​ប្រទេស ចំនួន​អ្នកកាសែត ជាពិសេស Bloggers ទទួលរង​គំ​នាម​ច្រើនជាងគេ ពោលគឺ​នៅ​ចិន វៀតណាម អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ា​គី​ស្ថាន ហ្វីលីពីន និង​បង់​ក្លា​ដែ​ស​។ ស្ថានភាព​នៅក្នុង​តំបន់​នេះ កំពុង​ធ្លាក់​កម្រិត​ខ្មៅ ដែល​មានន័យថា​គ្រោះថ្នាក់​បំផុត ដូចជា​កូរ៉េខាងជើង និង​ឡាវ ជាដើម​។​
 
​ន័​រវេ​ស​ជា​ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន​ល្អប្រសើរ​ជាងគេ ហើយ​ប្រទេស​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ចំណោម Top 15 រួមមាន ហ្វាំ​ង​ឡង់​, ស៊ុយអែត​, ហូ​ឡង់​, ដា​ណឺ​ម៉ាក​, ស្វី​ស​, នូ​វែ​ល​សេ​ឡង់​, ហ្សា​ម៉ា​អ៊ី​ក​, បែលហ្ស៊ិក​, កូ​ស្តា​រី​កា​, អេ​ស្តូ​នី​, ព័រ​ទុយ​ហ្គា​ល់​, អាល្លឺម៉ង់​, អ៊ី​ស្លង់ និង​អៀរ​ឡង់​។​
 
​ផ្ទុយទៅវិញ ប្រទេស​ចំនួន​១៨ ជា​ប្រទេស​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​សេរីភាព​សារព័ត៌មាន ដែល​ក្នុងនោះ​មាន តួ​កមេ​នី​ស្ថាន កូរ៉េខាងជើង អេ​រី​ត្រេ ចិន វៀតណាម ស៊ូដង់ ស៊ី​រី ឌី​ជី​ប៊ូ​ទី អា​រ៉ា​ប៊ី​សា​អូឌីត ឡាវ អ៊ីរ៉ង់ គុយបា យេ​ម៉ែន បា​រ៉ែ​ន អា​ស៊ែ​របៃ​ហ្ស​ង់ ហ្គី​ណេ​អេក្វាទ័រ សូ​ម៉ាលី អេ​ហ្ស៊ី​ប និង​លី​ប៊ី​។​
 
​ដោយឡែក​កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៤៣​។ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​សមាជិក​អាស៊ាន កម្ពុជា ស្ថិតនៅ​បន្ទាប់ពី ម៉ាឡេស៊ី (១២៣), ឥណ្ឌូណេស៊ី (១២៤), ហ្វីលីពីន (១៣៤), ថៃ (១៣៦), មី​យ៉ាន់​ម៉ា (១៣៨) ប៉ុន្តែ​នៅ​ពីលើ សិង្ហ​បុរី (១៥១), ព្រុយ​ណេ (១៥២), ឡាវ (១៧១), វៀតណាម (១៧៦)៕
 

Tag:
 ​សារព័ត៌មាន​
  សេរីភាព​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com