កីឡាជាតិ
ជាតិ
ទោះ​ចាញ់ ៥-១ គ្រូ​ណាហ្គា​វើ​ល​នៅតែ​ពេញចិត្ត ព្រោះ​លទ្ធផល​មិនអាក្រក់​ដូច​នៅ​ហាណូយ​
02, May 2019 , 9:39 pm        
រូបភាព
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ganiyu Oseni រកបានពីរគ្រាប់ម្នាកឯងក្នុងជ័យជម្នះ ៥-១ របស់ Hanoi លើណាហ្គា
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ganiyu Oseni រកបានពីរគ្រាប់ម្នាកឯងក្នុងជ័យជម្នះ ៥-១ របស់ Hanoi លើណាហ្គា
ដោយ:
​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល​បាន​អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​លំដាប់​ទី​២​ទ្វីបអាស៊ី AFC Cup 2019 បន្ទាប់ពី​ពួកគេ​បន្ត​ចាញ់​ក្រុម Hanoi FC ក្នុង​លទ្ធផល ៥-១ នា​ជំនួប​ជើង​ទី​២​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក​ណាហ្គា​បានបង្ហាញ​ការពេញចិត្ត​ជាមួយ​លទ្ធ​ផល​ដែល​ចាញ់​តិចជាង​ជើង​ទី​១ តែ​មិន​សប្បាយ​ចិត្តជា​មួយក្រុម ដែល​ធ្វើ​ឲ្យ​ដៃគូ​ទាត់​ចូល​នៅ​ម៉ោង​បន្ថែម​។ 

 
​ក្រុម​ណាហ្គា​វើ​ល ដែល​រំពឹង​លើ​កត្តា​ទីលាន​និង​អាកាសធាតុ​រួមចំណែក​ជួយ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ បាន​បន្ត​ចាញ់​ក្រុម Hanoi FC របស់​វៀតណាម​ក្នុង​លទ្ធផល ៥-១ នៅលើ​ទឹកដី​ខ្លួន​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក មាស ចាន់ណា មួយ​នេះ អស់​ឱកាស​ប្រជែង​កៅអី ដើម្បី​ឈានទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC Cup 2019​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​វៀតណាម ណាហ្គា​វើ​ល​ត្រូវបាន​ម្ចាស់ផ្ទះ Hanoi លត់​ក្នុង​លទ្ធផល ១០-០​។ 
 
​ទោះបី​ចាញ់​ក្រុម​ភ្ញៀវ Hanoi រហូត ៥-១ ក៏ដោយ តែ​សម្រាប់​លោក មាស ចាន់ណា លទ្ធផល​នេះ​អាច​ទទួលយកបាន ព្រោះ​វា​មិន​ធ្ងន់ធ្ងរ​ដូច​ជើង​ទី​១​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​គ្រូបង្វឹក​រូបនេះ​អះអាងថា លោក​នឹង​ព្យាយាម​រារាំង​ក្រុម​ភ្ញៀវ​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់​ដូច​ជើង​ទី​១​នោះឡើយ ដូច្នេះ​លទ្ធផល​នេះ វា​ស្របតាម​នឹង​ផែនការ ដែល​បាន​គ្រោងទុក​។ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ ហាក់​មិន​សប្បាយ​ចិត្តជា​មួយក្រុម ដែល​ធ្វេសប្រហែស​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​នៅ​ម៉ោង​បន្ថែម​នៃ​តង់​ទី​២​។ 
 
​គ្រូបង្វឹក​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​មុន​ការប្រកួត​ខ្ញុំ​បាន​និយាយថា យ៉ាងហោចណាស់​លទ្ធផល​មិន​ឲ្យ​អាក្រក់​ដូច​នៅ Hanoi នោះទេ ដូច្នេះ​លទ្ធផល​នេះ​ខ្ញុំ​ទទួលយកបាន ប៉ុន្តែ​ទាក់ទង​នឹង​គេ​ទាត់​ចូល​ចុង​ម៉ោង ខ្ញុំ​នឹង​ព្យាយាម​កែប្រែ​ទាំង​លី​គ ទាំង​ប្រកួត​បន្ទាប់​ក៏ដោយ ខ្ញុំ​មិន​ឲ្យ​គេ​ទាត់​ចូល​អ៊ីចឹង​ទៀត​ទេ​។ យើង​គួរតែ​ខ្លាំងជាងគេ ទាត់​ចូល​គេ​នៅ​តង់​ទី​ពីរ ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ពី​ការគិត​»​។   
 
​តែ​យ៉ាងណា លោក​សប្បាយចិត្ត​ដែល​កូនក្រុម​ធ្វើបាន​ល្អ​នៅ​ដើមតង់​ទី​១ និង​ទី​២ រហូត​អាច​រក​គ្រាប់​វាយបក​មួយ​គ្រាប់​ពី​ក្រុម​ភ្ញៀវ Hanoi FC ហើយ​លោក​ចាត់ទុក​ការធ្វើ​បានល្អ​របស់​កូនក្រុម វា​ស្របតាម​ផែនការ ដែល​បានរ​រៀបចំ​។ «​ខ្ញុំ​សប្បាយចិត្ត​នៅពេល​ពួកគាត់​ធ្វើបាន​ល្អ​ពី​នាទី​ទី​១​ដល់​នាទី​៣៥ តាម​ផែន​ការដែល​បានរៀបចំ​។ ប៉ុន្តែ​មិន​សប្បាយចិត្ត​នៅ​១០​នាទីចុងក្រោយ​ពេល​គាត់​ក្តៅ​ហើយ​ហត់ គាត់​ចាប់ផ្ដើម​ធ្លាក់ ដែលជា​ឱកាស​ធ្វើ​គេ​ទាត់​ចូល​ភ្លាមៗ វា​ជា​បញ្ហា​ដែល​ខ្ញុំ​មិន​សប្បាយចិត្ត​នៅ​តង់​ទី​១​។ នៅ​តង់​ទី​២ យើង​ធ្វើ​បានល្អ​ទៀត​រហូត​អាច​វាយបក​បាន​១​គ្រាប់ តែ​នៅ​ចុង​ម៉ោង​យើង​មាន​បញ្ហា​ត្រង់​គេ​ទាត់​ចូល​»​។ នេះ​ជាការ​បន្ថែម​របស់លោក មាស ចាន់ណា​។  
 
​នា​ជំនួប​ជើង​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់ Pape Omar បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ភ្ញៀវ Hanoi FC មុន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ganiyu Oseni បន្ថែម​មួយគ្រា​ប់​ទៀត​មុន​ចប់​តង់​ទី​១​។ ការប្រកួត​តង់​ទី​២​ដំណើការ​បាន​ជាង​១០​នាទី​កីឡាករ Anderson Zogbe សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ១-២ សម្រាប់​ម្ចាស់ផ្ទះ​ណាហ្គា​វើ​ល ក្រោយ​ការបញ្ជូន​របស់​កីឡាករ គួច ដា​នី​។ 
 
​ខ្សែបម្រើ Tran Van Kien ស៊ុត​ពី​ឆ្ងាយ​យ៉ាង​ល្អ ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ សម្រាប់​ភ្ញៀវ Hanoi នៅ​នាទី​ទី​៧០​។ បន្ទាប់មក​ខ្សែប្រយុទ្ធ Hoang Vu Samson សម្រេក​គ្រាប់​ទី​៤​សម្រាប់​ភ្ញៀវ មុន​កីឡាករ Ganiyu Oseni សម្រេច​គ្រាប់​បាល់​ជ័យជម្នះ ៥-១ នៅ​ម៉ោង​បន្ថែម​នៃ​តង់​ទី​២​។ 
 
​សម្រាប់​ជំនួប​បន្ទាប់​ក្រុម​ណាហ្គា​វើ​ល​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ Yangon United របស់​មី​យ៉ាន់​ម៉ា ដែល​អស់​ឱកាស​ទៅ​បន្ត​ដូចគ្នា​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន Thuwunna Stadium នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា​៕ 

Tag:
 AFC Cup 2019
  មាស ចាន់ណា​
© រក្សាសិទ្ធិដោយ thmeythmey.com