Europa ជើង​ទី​១ វគ្គ​១/២៖ Arsenal ទទួល Valencia ខណៈ Chelsea ទៅ​ជួប Frankfurt
កីឡាអន្តរជាតិ
អន្តរជាតិ
Europa ជើង​ទី​១ វគ្គ​១/២៖ Arsenal ទទួល Valencia ខណៈ Chelsea ទៅ​ជួប Frankfurt
02, May 2019 , 8:39 pm        
រូបភាព
​ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវ​តទល់​ជាមួយ Valencia រីឯ Chelsea ធ្វើដំណើរ​ទៅ​ទឹកដី​អាល្លឺម៉ង់​ដោយ​ត្រូវ​ប៉ះ Eintracht Frankfurt ដើម្បី​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់ UEFA Europa League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១ នៅវេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​២ ខែឧសភា​នេះ​។​


 
​សម្រាប់​ជំនួប​ជើង​ទី​១​នេះ Arsenal ដែលជា​ម្ចាស់ផ្ទះ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន Emirate ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​មកពី​អេ​ស្ប៉ា​ញ Valencia​។ ក្រុម​ទាំងពីរ​ស៊ុត​តែ​ត្រូវការ​ឈ្នះ​ពាន​លំដាប់​ទី​២​អឺរ៉ុប​នេះ​ដូចគ្នា​ដើម្បី​បាន​កៅអី​លេង​នៅ Champions League រដូវ​ក្រោយ​ដោយ​ស្វ័យប្រវត្តិ ដ្បិត​ការប្រកួត​ពួកគេ​ស៊ុត​តែ​មិនទាន់​ប្រា​ដក​ថា​អាច​ទទួលបាន​ចំណាត់ថ្នាក់ Top4 រដូវ​កាល​នេះ​។​


 
Arsenal នឹង​ត្រឡប់​ទៅ​ទឹកដី Mestalla របស់ Valencia នា​ជំនួប​ជើង​ទី​២​នៅ​ថ្ងៃទី​១០ ខែឧសភា​។​
 
​ដោយឡែក Chelsea ក៏ត្រូវ​តតាំង​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Eintracht Frankfurt ក្នុង​ទីលាន Commerzbank-Arena សម្រាប់​ជំនួប​ជើង​ទី​១​នៅ​យប់​នេះដែរ​។ ក្រុម​តោ​ខៀវ​កំពុងមាន​វិបត្តិ​ខ្សែការពារ បន្ទាប់ពី Antonio Rudiger រងរបួស​ជង្គង់​ពេល​ប៉ះ Manchester United កាល​ចុង​សប្តាហ៍​មុន ខណៈ Gary Cahill ក៏​នៅ​មិនទាន់​ជា​ពីរ​បួស​ដូចគ្នា​។​
 
​ក្រុម​របស់លោក Maurizio Sarri ក៏​ស្រែក​ឃ្លាន​ពាន​លំដាប់​ទី​ពីរ​អឺរ៉ុប​នេះដែរ​ដ្បិត​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើនតែ​ធ្វើ​មិន​បានល្អ​សម្រាប់​ការប្រកួត​ក្នុង​លី​គ​។ Chelsea ត្រូវ​ប្រជែង​យក​តំណែង Top 4 នៅ Premier League រដូវ​កាល​នេះ​ផងដែរ​។​
 
Frankfurt តាមរយៈ​ការទម្លាក់ Benfica ដើម្បី​បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ក៏​ជា​ក្រុម​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​។ ពួកគេ​បានបង្ហាញ​ខ្លួន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក​ទី​៤​បណ្តោះអាសន្ន​ក្នុង​លី​គ Bundesliga និង​ជា​បេក្ខភាព​ដែលមាន​ឱកាស​ច្រើន​ដើម្បី​ប្រជែង​ពាន Europa League នេះដែរ​៕
 

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com