ONE Championship
កីឡាជាតិ
ជាតិ
ទោះ​ចាញ់​ឬ​ឈ្នះ នៅ ស្រី​ពៅ ប្តេជ្ញា​ប្រឹងប្រែង​ប្រកួត ដើម្បី​បង្ហាញ​ពី​ក្បាច់គុន​ខ្មែរ​
03, May 2019 , 8:59 am        
រូបភាព
កីឡាការិនី នៅ ស្រីពៅ (ឆ្វេង) និងកីឡាករ ចាន់ រតនា
កីឡាការិនី នៅ ស្រីពៅ (ឆ្វេង) និងកីឡាករ ចាន់ រតនា
ដោយ:
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា នៅ ស្រី​ពៅ ត្រូវ​ប្រឈមមុខ​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ក្នុង​ព្រឹត្តិការណ៍ ONE For Honor នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។ ស្រី​ពៅ ដែល​ដាក់​ក្តី​រំពឹង​ត្រឹម​៥០​ភាគរយ​ក្នុងការ​ឈ្នះ បាន​ប្តេជ្ញា​ថា នាង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ភាព​អស្ចារ្យ​របស់​គុន​ខ្មែរ​។ កីឡាករ ចាន់ រតនា ក៏​ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។

 
​កីឡាការិនី នៅ ស្រី​ពៅ បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាងខ្លាំង ដើម្បី​ពង្រឹង​លើ​ការចាប់ ឃ្លេ និង​ដោះ​ឃ្លេ​គូប្រកួត​។ ព្រោះ​នាង​ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ​ឥ​ណ្ឌ​ណេ​ស៊ីក្នុង​ព្រឹត្តិការណ៍ ONE Championship ដែល​ល្បី​ពូកែ​ខាង​ចាប់​ផ្តួល និង​ឃ្លេ​គូប្រកួត​។ ជាមួយ​ការលើកឡើង​ពី​ចំណុចខ្លាំង​របស់​ដៃគូ ស្រី​ពៅ ហាក់​មិន​ញញើត​ពី​សមត្ថភាព​ដៃគូ​ឡើយ ហើយ​ប្តេជ្ញា​វាយ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​។ 
 
​តាមរយៈ​ព្រឹត្តិការណ៍ ONE For Honor នៅ​ឥណ្ឌូណេស៊ី​នេះ កីឡាការិនី នៅ ស្រី​ពៅ រំពឹង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ភាព​អស្ចារ្យ​របស់​ក្បាច់គុន​ខ្មែរ​កាន់តែច្បាស់​ថែមទៀត​។ ទោះបី​បង្ហាញ​ពី​ការតាំង​ចិត្ត និង​ភាពក្លាហាន​យ៉ាងណាក៏ដោយ តែ ស្រី​ពៅ ហាក់​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​យកឈ្នះ​នោះទេ ដោយ​សង្ឃឹម​ត្រឹម​៥០​ភាគរយ​ប៉ុណ្ណោះ​។ 
 
«​ខ្ញុំ​មិនមាន​ពាក្យ​អ្វី​នោះទេ មានតែ​ពាក្យ​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​។ ទោះ​ចាញ់​ឬ​ឈ្នះ​ក៏ដោយ ខ្ញុំ​នឹង​បង្ហាញ​ក្បាច់គុន​ខ្មែរ​ឲ្យ​គេ​ឃើញ​»​។ កីឡាការិនី នៅ ស្រី​ពៅ បង្ហាញ​ការតាំង​ចិត្ត​ដូច្នេះ ហើយ​បន្ថែមថា នាង​នឹង​ប្រើ​កែវ​បុក​កាណូត ជង្គង់ និង​វាយ​ចេញ​ឲ្យ​ចេញ​ឲ្យ​លឿនៗ​តាមតែ​អាចធ្វើ​ទៅបាន​ក្នុងការ​ផ្តួល​ដៃគូ ដែល​ល្បី​ផ្តួល​ប្រកួត​ដោយ​ក្បាច់​ឃ្លេ​នេះ​។ 
 
​កីឡាការិនី នៅ ស្រី​ពៅ ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ក្នុង​ព្រឹត្តិការណ៍ ONE For Honor នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។ ក្នុង​ព្រឹត្តិការណ៍​នេះដែរ​កីឡាករ ចាន់ រតនា ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ Rudy Agustian៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  នៅ ស្រី​ពៅ​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com