ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលករ​ក្រៅប្រទេស​នឹង​ក្លាយជា​បន្ទុក បើ​មិនមាន​ចំណេះ​ជំនាញ​ជាប់​នឹង​ខ្លួន ពេល​ត្រឡប់មកវិញ​
03, May 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​អះអាងថា ការចេញ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​របស់​ពលក​រ​ខ្មែរ​សព្វថ្ងៃ ជា​ជម្រើស​មួយ​ល្អ ខណៈ​ផលិតកម្ម និង​ការវិនិយោគ​ក្នុងស្រុក​នៅមាន​ចំនួន​តិច​មិនអាច​ផ្ដល់​ការងារ​គ្រប់គ្រាន់​។ បើតាម​តួលេខ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ពលករ​ខ្មែរ​បាន​ផ្ទេរ​ថវិកា​តាម​ប្រព័ន្ធ​ធនាគារ​ប្រមាណ ១១០០​លាន​ដុល្លារ​ចូល​ស្រុកកំណើត​វិញ​កាលពី​ឆ្នាំ​២០១៨ ដែល​កើនឡើង​ប្រមាណ​១០០​លាន​ដុល្លារ​។ តែបើ​ការអះអាង​ពី​ក្រសួង​ការងារ ថវិកា​ផ្ញើមក​ស្រុក​របស់​ពលករ​មាន​ចំនួន​ច្រើនជាង​នេះ​។ ថវិកា​ទាំងនេះ​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ និង​ធ្វើ​ឲ្យ​មាន​លំហូរ​ចាយវាយ​ក្នុងស្រុក​កាន់តែខ្លាំង​។ តែ​បញ្ហា​គឺ​នៅពេល​ពួកគាត់​ត្រឡប់មក​ប្រទេស​កំណើត​វិញ​។ បើ​ពួកគាត់​មិនបាន​នាំ​ចំណេះ​ជំនាញ​ពេល​ត្រឡប់មក​កម្ពុជា​វិញ​នោះទេ នោះ​នឹង​ក្លាយជា​បន្ទុក​លំបាក​ជាមិនខាន​។​


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ​នេះ​៖
 


 
​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ​១,២​លាន​នាក់ ដោយនៅ​ប្រ​ទេ​ថៃ​ច្រើនជាងគេ ១,១​លាន​នាក់ ប្រទេស​កូរ៉េ​ប្រហែល​៥​ម៉ឺន​នាក់ និង​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ម៉ាឡេស៊ី ជប៉ុន​ជាដើម​។ ពលករ​ខ្មែរ​ដែល​ចេញទៅ​ក្រៅប្រទេស មាននៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​លើសលុប តែ​ជាទូទៅ​ធ្វើការ​គ្មាន​ជំនាញ ដូចជា​ធ្វើការ​នៅ​ការដ្ឋាន​សំណង់ សេវាកម្ម​ផ្សេង និង​កសិកម្ម ដក​ដំឡូង កាច់​ពោត ចៀរ​ជ័រកៅស៊ូ នេសាទ ជាដើម​។ តែ​នៅ​កូរ៉េ និង​ជប៉ុន ពលករ​ខ្មែរ​ធ្វើការ​គ្រាន់បើ​ជាង​ពលករ​នៅ​ថៃ និង​ម៉ាឡេស៊ី ដោយ​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់ ហើយ​ពួកគេ​ភាគច្រើន​មានការ​អប់រំ​ខ្ពស់ជាង​ពេល​នៅ​ខ្មែរ ដែល​អាច​រៀន​ពី​របៀបរបប​ធ្វើការ​ពី​ក្រៅ និង​ចាប់យក​ចំណេះ​ជំនាញ​បាន​ក្នុង​កម្រិត​ណាមួយ​ប្រសើរ​ជាង​។ តែ​យ៉ាងណាក៏ដោយ ពលករ​ខ្មែរ​នៅ​កូរ៉េ ទោះ​ធ្វើការ​នៅ​ផ្នែក​ឧស្សាហកម្ម ក៏​ក្នុងនាម​ជា​ពលករ​ជំនាញ​កម្រិត​ទាប ពោលគឺ​ប្រើ​កម្លាំង​ពលកម្ម​លើសលុប​។​
 
​ឆ្លើយតប​នឹង​សំណួរ​ដែលថា​អាចជា​បញ្ហា​សម្រាប់​រយៈពេល​វែង​ទេ នៅពេល​ពលករ​ទាំងនោះ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ លោក គី សេរី​វឌ្ឍន៍ មាន​ចម្លើយ​ក្នុងន័យ​ពីរ គឺ​មិនមែន​បញ្ហា​ទេ បើ​ពលករ​ទាំងនោះ​នាំយក​ចំណេញ​ជំនាញ​មកវិញ តែបើ​គ្មាន​ជំនាញ នោះ​នឹង​ក្លាយជា​បន្ទុក​។ លោក​ថ្លែង​ដូច្នេះ​ថា​«​ខ្ញុំ​គិតថា​ដូចជា​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ នៅពេលដែល​ពួកគាត់​ចេញទៅ​ទីមួយ​បាន​ស្គាល់​របៀបរបប​ធ្វើការ ឧស្សាហកម្ម​ធុន​ស្រាល និង​មធ្យម ដូចនេះ​ពេល​ត្រឡប់មកវិញ គួបផ្សំ​ជាមួយនឹង​កម្ពុជា​លូតលាស់​វិស័យ​ឧស្សាហកម្ម​ជា​បន្តបន្ទាប់​ដូច្នេះ​ជំនាញ​ដែល​ពលករ​ធ្វើការ​នៅ​ស្រុក​គេ អាច​យកមក​ធ្វើការ​នៅ​កម្ពុជា សមល្មម​នឹង​ការងារ​របស់គាត់​»​។ លោក​បន្តថា​៖«​មួយទៀត​លំហូរ​ចំណេះដឹង ខ្ញុំ​ឃើញ​ពលករ​យើង​ដែល​រៀនសូត្រ​បាន​ថ្នាក់​វិទ្យាល័យ ហើយ​ទៅធ្វើ​ការ​នៅ​កូរ៉េ​ចិញ្ចឹម​ជ្រូក​នៅ​ទីនោះ ពេល​ចប់​អាណត្តិ​មកវិញ ហើយ​សល់​លុយ​ខ្លះ បាន​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បែប​កូរ៉េ​នៅ​ស្រុក គាត់​ទទួលបាន​ជោគជ័យ​»​។​
 
​អ្នកសេដ្ឋកិច្ច​រូបនេះ បញ្ជាក់​ដូច្នេះ​ទៀតថា​៖«​តែបើ​គាត់​មិនបាន​ស្រូបយក​ចំណេះដឹង​ទាំងអស់នោះ​មកវិញ​ទេ ពួកគាត់​នឹង​ប្រៀបបាន​កាកសំណល់​ដែល​ហូរ​ត្រឡប់​មកវិញហើយ ព្រោះថា​នៅពេល​ត្រឡប់មកវិញ​ត្រូវ​ចាំ​ចាយលុយ​ហើយ​ព្រោះ​កម្លាំង​ក៏​ចុះខ្សោយ​»​។ 
 
​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់អារម្មណ៍​ខ្លាំង​ការអប់រំ​នៅ​ទីជនបទ ដែល​ខ្វះ​គុណភាព និង​រៀបចំ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន ដើម្បី​ទាក់​ការវិនិយោគ បង្កើត​ការងារ​ក្នុងស្រុក​៕
 

Tag:
 គី សេរី​វឌ្ឍន៍​
  ពលករ​
  ចំណាកស្រុក​
© រក្សាសិទ្ធិដោយ thmeythmey.com