អន្តរជាតិ
អាមេរិក​ថា ចិន​នឹង​បង្កើន​មូលដ្ឋាន​នៅ​បរទេស​ដើម្បី​ការពារ​គម្រោង​ផ្លូវ​សូត្រ​
03, May 2019 , 10:09 am        
រូបភាព
មូលដ្ឋានយោធាចិននៅជីប៊ូទី។ រូបភាព AFP
មូលដ្ឋានយោធាចិននៅជីប៊ូទី។ រូបភាព AFP
​មន្ទីរ​បញ្ច​កោណ នៅ​ថ្ងៃទី​២ ខែឧសភា បានចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​មួយ​ស្ដីពី​ការអភិវឌ្ឍ​វិស័យ​យោធា​របស់​ចិន​។ បើតាម​របាយការណ៍​នេះ អាមេរិក​រំពឹងថា ចិន​នឹង​បង្កើន​ចំនួន​មូលដ្ឋាន​យោធា​នៅ​បរទេស​របស់ខ្លួន​កាន់តែច្រើន សំដៅ​ការពារ​គម្រោង​ខ្សែក្រវាត់ និង​វិថី ដែល​គេ​ស្គាល់​ជាទូទៅ​ថា គម្រោង​ផ្លូវ​សូត្រ​ន​នោះ​។ អាមេរិក​ក៏​រំពឹង​ដែរ​ថា គម្រោង​បង្កើត​មូលដ្ឋាន​នេះ​អាច​ជួប​បញ្ហា​ខ្លះ ព្រោះ​ប្រទេស​មួយចំនួន​ទំនង​បារម្ភ​ពី​វត្តមាន​យោធា​ចិន​ក្នុង​ទឹកដី​របស់ខ្លួន​។​

 
​ខណៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​កាន់តែ​រីកដុះដាល​នោះ ចិន​នឹង​កសាង​មូលដ្ឋាន​យោធា​នៅ​បរទេស​កាន់តែច្រើន​ដែរ​ដើម្បី​ធ្វើជា​ខែល​ការពារ​គម្រោង​មហាសាល​របស់ខ្លួន​។ នេះ​ជាការ​សន្និដ្ឋាន​របស់​ក្រសួងការពារជាតិ​អាមេរិក​ក្នុង​របាយការណ៍​ទៅកាន់​សភា​។ របាយការណ៍​ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​យោធា និង​សន្តិសុខ​របស់​ចិន​នេះ បញ្ជាក់ថា ការរក្សា​សន្តិសុខសម្រាប់​គម្រោង​វិនិយោគ​ចិន​នៅ​បរទេស ជា​រឿង​ចាំបាច់​។​
 
​បច្ចុប្បន្ននេះ ចិន​មាន​មូលដ្ឋាន​នៅ​បរទេស​តែមួយគត់ គឺ​នៅ​រដ្ឋ​អាហ្វ្រិក​ជី​ប៊ូ​ទី​។ រដ្ឋ​នៅជាប់​តំបន់​កុយរមាស​អាហ្វ្រិក​នេះ ក៏មាន​ផងដែរ​មូលដ្ឋាន​យោធា​អាមេរិក បារាំង និង​ជប៉ុន​ជាដើម​។ សព្វថ្ងៃ​មាន​មួយ​មែន គេ​ជឿថា ចិន​កំពុង​រៀបចំ​ផែនការ​ពង្រាយ​ទ័ព​របស់ខ្លួន​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​ជាច្រើន​ទៀត ដើម្បី​ឲ្យ​ស្រប​នឹង​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។ របាយការណ៍​មន្ទីរ​បញ្ច​កោណ បានបញ្ជាក់​ចំៗ​ឈ្មោះ​ប៉ា​គី​ស្ថាន​ដែល​អាចមាន​មូលដ្ឋាន​ចិន​នៅពេល​ខាងមុខ​។​
 
​បើតាម​របាយការណ៍​ចេញ​ថ្ងៃទី​២ ខែឧសភា ចិន​នឹងដាក់​មូលដ្ឋាន​យោធា​របស់ខ្លួន​ក្នុងប្រទេស​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង និង​មាន​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ដូចគ្នា​ដូចជា​ប៉ា​គី​ស្ថាន​ជាដើម និង​នៅ​ប្រទេស​ផ្សេងទៀត​ដែលមាន​ប្រវត្តិ​ធ្វើជា​មូលដ្ឋាន​សម្រាប់​យោធា​បរទេស​។ យ៉ាងណាមិញ មន្ទីរ​បញ្ច​កោណ​អះអាងថា ផែនការ​ពង្រាយ​ទ័ព​នៅ​បរទេស​របស់​ចិន អាច​ជួប​បញ្ហា​ព្រោះ​ប្រទេស​មួយចំនួន​នឹង​ប្រយ័ត្នប្រយែង​ក្នុងការ​ទទួលយក​យោធា​ចិន​សម្រាប់​រយៈពេល​យូរ​នោះ​។​
 
​មិនមែន​តែ​ប៉ា​គី​ស្ថាន របាយការណ៍​អាមេរិក​ដដែល​បានលើកឡើង​ពី​តំបន់​ជាច្រើន​ទៀត​ដែល​អាចមាន​វត្តមាន​មូលដ្ឋាន​យោធា​ចិន​ដូចជា​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និង​តំបន់​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​មួយចំនួនទៀត​។ តាមពិតទៅ នៅក្បែរ​អាស៊ីអាគ្នេយ៍ ចិន​កំពុងតែ​ពង្រឹង​វត្តមាន​យោធា​របស់ខ្លួន​យ៉ាងខ្លាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​ដណ្ដើម​គ្នា​ជាមួយ​វៀតណាម និង​ហ្វីលីពីន​ជាដើម​។ ប៉ុន្តែ ចិន​មិនទាន់​ស្ថាបនា​ទីតាំង​យោធា​ទាំងនោះ​ជា​មូលដ្ឋាន​យោធា​ពេញលេញ​នៅឡើយ​ទេ​។​
 
​កាលពី​ឆ្នាំមុន មានការ​ជជែក​ជុំវិញ​ការតាំង​មូលដ្ឋាន​ចិន​នៅ​ច្រក Wakhan ភាព​ឦសាន​អា​ហ្វ​ហ្កា​នី​ស្ថាន​។ លើសពីនោះ កាសែត​អាមេរិក Washington Post ផ្សាយ​ថា ចិន​បាន​បង្កើត​ទីតាំង​យោធា​នៅ​ភាគ​ខាងកើត​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​ដែល​នៅក្បែរ​ច្រក Wakhan ផងដែរ​។ Wakhan នេះ​ជា​ចំណុច​យុទ្ធសាស្ត្រ​សំខាន់​មួយ​ដែល​បើកផ្លូវ​រវាង​ចិន និង​ប៉ា​គី​ស្ថាន​៕  

Tag:
 ចិន​
  អាមេរិក​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com