កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Arsenal វាយបក​យកឈ្នះ Valencia ៣-១ ឯ Chelsea បាន​ត្រឹម​១​ស្មើ​ជាមួយ Frankfurt
03, May 2019 , 10:40 am        
រូបភាព
២​គ្រាប់​របស់ Alexandre Lacazette និង​១​គ្រាប់​របស់ Pierre-Emerick Aubameyang បាន​ជួយ Arsenal វាយបក​យកឈ្នះ​ក្រុម Valencia ដោយ​លទ្ធផល ៣-១ នា​ជំនួប​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Europa League នៅ​យប់​ថ្ងៃទី​២ ខែឧសភា​។ Chelsea ដែលតទល់ជាមួយ​ម្ចាស់ផ្ទះ Eintracht Frankfurt បញ្ចប់​ទៅក្នុង​លទ្ធផល​ ១​-១​​។​

 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន Emirate ក្រុម​ភ្ញៀវ Valencia ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​មុន​ដែល​ធ្វើបាន​ដោយ​ខ្សែការពារ Mouctar Diakhaby នៅ​១១​នាទី​ដំបូង មុនពេល​ខ្សែប្រយុទ្ធ Alexandre Lacazette រក​គ្រាប់​តាម​ស្មើ​ឲ្យ Arsenal វិញ​នៅ​៧​នាទី​បន្ទាប់​។​
 
៨​នាទី​បន្ទាប់ពី​រក​គ្រាប់​បាល់​តាម​ស្មើ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ដដែល​នេះ នៅតែ​បន្ត​រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម​កាំភ្លើង​ធំ​ថែមទៀត ហើយ​លទ្ធផល ២-១ នៅ​រក្សា​រហូតដល់​ចប់​តង់​ទី​១​។​


 
​ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ​សុទ្ធតែ​មានឱកាស​រក​គ្រាប់​បាល់​រៀងខ្លួន​ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ព្រោះ​មានការ​រារាំង​ពី​ខ្សែការពារ និង​អ្នកចាំទី​។ យ៉ាងណា ហៀបនឹង​ចប់​ការប្រកួត​ទៅហើយ​ពោលគឺ​នៅ​នាទី​៩០ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​បន្ថែម​គ្រាប់​ទី​៣ ដើម្បី​ជួយ Arsenal ឈ្នះ Valencia ៣-១​។​
 
​លទ្ធផល​នេះ​បាន​នាំ​ឲ្យ​ក្រុម​របស់លោក Unai Emery ក្លាយជា​ក្រុម​មានប្រៀប​លើ​គូប្រជែង​សម្រាប់​ជំនួប​ជើង​ទី​២​នៅ​ទឹកដី Mestalla ដើម្បី​កាត់សេចក្តី​ថា Arsenal ឬ Valencia ជា​ក្រុម​ដែល​អាច​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​ដោយឡែក​ក្រុម​ពី​អង់គ្លេស​មួយទៀត តោ​ខៀវ Chelsea ទទួលban​លទ្ធផល​ស្មើគ្នា ១-១ ​ជាមួយ Eintracht Frankfurt សម្រាប់​ជំនួប​ជើង​ទី​១​នេះ​។ បើ​ទោះ​ទទួលបាន​ត្រឹម​លទ្ធ​ផល​ស្មើ​ក្តី ប៉ុន្តែ​ក្រុម​របស់លោក Maurizio Sarri មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​១​គ្រាប់​ដែល​នាំ​ឲ្យ​ពួកគេ​មានប្រៀប​ជាង​ដៃគូ​សម្រាប់​ជំនួប​ជើង​ទី​២​នៅ​ទឹកដី​ខ្លួន​វិញ​។​
 
​ទាំង​៤​ក្រុម​ខាងលើ នឹងត្រូវ​ប្រកួត​កាត់សេចក្តី​ជើង​ទី​២ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩៕ 
 

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com