ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ អ្នកស្រី ស្មីត ពេញចិត្ត ចំពោះការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តជួយស្ត្រី ជំនួបរវាងអ្នកស្រី រ៉ូណា ស្មីត និង លោក អង្គ វង្ស វឌ្ឍានា
× អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងយុត្តិធម៌ លើការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេសគោលនយោបាយផ្ដល់មេធាវីស្ម័គ្រចិត្តជួយដល់ស្ត្រី និងពលរដ្ឋក្រីក្រ ដែលហៅថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។
លោក ជិន ម៉ាលីន បានលើកឡើងនៅក្រោយជំនួបរវាង អ្នកស្រី រ៉ូណា ស្មីត និង លោក អង្គ វង្ស វឌ្ឍានា ក្រសួងយុត្តិធម៌ ថា អ្នកស្រី បានកោតសសើរយន្តការថ្មីរបស់សម្តេច ហ៊ុន សែន លើការផ្តល់មេធាវីស្ម័គ្រចិត្ត ដើម្បីជួយគាំទ្រផ្នែកច្បាប់ដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ត្រី។
លោកបាននិយាយថា៖«គាត់បានអបអរសាទរនូវការបង្កើតយន្តការថ្មី គឺមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលបានបង្កើតឡើងនៅពេលថ្មីៗនេះ បានជួយប្រជាពលរដ្ឋ និងជាពិសេសស្រី្តដែលក្រីក្រ គាត់ រីករាយស្វាគមន៍ចំពោះការវិវត្តនៃជំនួយផ្នែកច្បាប់នេះ ដែលជាជម្រើសច្រើនដល់ប្រជាពលរដ្ឋក្នុងការទទួលបានជំនួយផ្នែកច្បាប់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានឲ្យដឹងបន្ថែមថា ក្រសួងយុត្តិធម៌បានធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាច្រើន ដូចជា ការផ្តល់មេធាវីជួយការពារក្តីនៅតាមសាលាដំបូងគ្រប់រាជធានី ខេត្ត, ការបង្កើតមណ្ឌលសេវាយុត្តិធម៌នៅតាមស្រុកបានចំនួន៦៦មណ្ឌល និងមានមន្ត្រីជាង ៣០០នាក់ ដើម្បីជួយដោះស្រាយវិវាទតូចៗ និងផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការពង្រឹងតម្លាភាព តាមរយៈការបិទតម្លៃសេវានានានៅតាមតុលាការ និងគុណភាពសេវាផ្លូវច្បាប់។
អ្នកស្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រសួងយុត្តិធម៌ផងដែរថា គួរតែបង្កើតឲ្យមានសេវាច្រកចេញចូលតែមួយលើប្រព័ន្ធយុត្តិធម៌ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ។ លើសពីនេះអ្នកស្រីក៏បានស្មើឲ្យក្រសួងពន្លឿនការដោះស្រាយបញ្ហាចង្អៀតណែននៅតាមពន្ធនាគារ ខណៈការចង្អៀតណែននេះកាន់តែធ្ងន់ធ្ងរ។
គួររម្លឹកថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយអ្នកស្រី នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩៕
Tag:
ច្បាប់
មេធាវី
ហ៊ុន សែន
រ៉ូណា ស្មីត
ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com