ជាតិ
លោកស្រី ស្មី​ត ស្នើ​ឲ្យ​រដ្ឋាភិបាល​បើកចំហ​សេរីភាព​ព័ត៌មាន និង​ទម្លាក់​បទ​ចោទ​ពី​អតីត​អ្នកកាសែត​ពីររូប
03, May 2019 , 11:56 am        
រូបភាព
អ្នកស្រី ស្មីត ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយជួបលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីយុត្តិធម៌ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
អ្នកស្រី ស្មីត ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយជួបលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីយុត្តិធម៌ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ ស្នើ​ឲ្យ​រដ្ឋាភិបាល​បើកចំហ​សេរីភាព​សារព័ត៌មាន ហើយ​ទម្លាក់​ការចោទប្រកាន់​លើ​អតីត​អ្នកកាសែត​អាស៊ីសេរី​ចំនួន​២​រូប​។ ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​រូបនេះ ធ្វើឡើង​ស្របពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា អះអាងថា រដ្ឋាភិបាល​ខ្លួន បាន​ធានា​នូវ​សេរីភាព​នៃ​ការផ្សាយ​ព័ត៌មាន តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ។​

 
​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ដែល​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា បានបង្ហាញ​ក្តីកង្វល់​ពី​សេរីភាព​សារព័ត៌មាន ក្នុងការ​ផ្សព្វផ្សាយ​ពី​ចំណុច​សំខាន់​ចាំបាច់ និង​មាន​ឥទ្ធិពល សម្រាប់​ការជជែក​ដេញដោល ក្នុងន័យ​ស្ថាបនា​ជុំវិញ​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នៅ​កម្ពុជា​។ អ្វីដែល​នាំ​ចិត្ត​លោកស្រី ស្មី​ត ឲ្យ​ក្តី​ព្រួយបារម្ភ​នោះ គឺ​ដោយសារ​ការធ្លាក់ចុះ​១​ពិន្ទុ​បន្ថែមទៀត ជាប់​ចំណាត់ថ្នាក់​លេខ​១៤៣ នៅក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់​អ្នករាយការណ៍​គ្មាន​ព្រំដែន កាលពី​ឆ្នាំ​២០១៨​។ 
 
​អម​ជាមួយ​ការព្រួយបារម្ភ​នេះ អ្នករាយការណ៍​ពិសេស ស្នើ​ឲ្យ​រដ្ឋាភិបាល​បើកចំហរ​សេរីភាព​សារព័ត៌មាន និង​ទម្លាក់​ការចោទប្រកាន់​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ២​រូប​ផងដែរ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក អ្នករាយការណ៍​ពិសេស​រូបនេះ ដែលមាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស នៅក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៦ ក្នុងន័យ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ផ្តល់​លំហ​សម្រាប់​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​តាម​Online និង​ទាំង Offline រួមទាំង​តាមរយៈ​ការអនុម័ត និង​ការអនុវត្ត​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​។ ខ្ញុំ​សូម​ជំរុញ​លើកទឹកចិត្ត​ជាថ្មី​ម្តងទៀត ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់​ផងដែរ​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏មាន​សារលិខិត​មួយ​ដែរ សម្រាប់​ចូលរួម​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៦​នេះ​។ ក្នុង​សារលិខិត សម្តេចនាយក​រដ្ឋមន្ត្រី បានសរសេរថា រដ្ឋាភិបាល​កម្ពុជា បាន​គោរព​យ៉ាង​ហ្មត់ចត់​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​ធានាបាន​នូវ​សេរីភាព​នៃ​ការផ្សាយ​ព័ត៌មាន ដោយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន សិទ្ធិ​រក្សា​ការសម្ងាត់​ស្តីពី​ប្រភពព័ត៌មាន​របស់ខ្លួន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​ដោយ​គ្មាន​ការទទួល​ព្រហ្មទណ្ឌ​។ 
 
​រដ្ឋាភិបាល ក៏បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើជា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ ដែល​ត្រូវបាន​គេ​មើលឃើញថា កម្ពុជា មាន​សេរីភាព​ខាង​សារព័ត៌មាន​ជាង​ប្រទេស ដែល​កាន់​របប​ប្រជាធិបតេយ្យ​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន​។ នេះ​ជា​សំណេរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដដែល​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានបញ្ជាក់ ក្នុង​សារលិខិត​បែបនេះ​ថា «​ការបើក​ទូលាយ​នូវ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បានធ្វើ​ឲ្យ​វិស័យនេះ មានការ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​ទាំង​ព័ត៌មាន​បោះ​ពុ​ម្ភ​ផ្សាយ សារព័ត៌មាន​អេឡិចត្រូនិក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ដែលមាន​និន្នាការ​ផ្សេងៗ​គ្នា ស្របតាម​ស្ថានភាព​នយោបាយ និង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន ដែល​អាច​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ទូទាំង​សាកលលោក​បាន​យ៉ាង​ឆាប់រហ័ស​»​។​
 
​របាយការណ៍ World Press Freedom Index របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​បង្ហាញថា កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៤៣​ក្នុងចំណោម​១៨០​ប្រទេស​។ ន័​រវេ​ស​ស្ថិតនៅលើ​កំពូល​តារាង​ដែល​ប្រសើរ​ដាច់​គ្នា ខណៈ​តួ​កមេ​នី​ស្ថាន ជា​កន្លែង​ដែល​គ្រោះថ្នាក់​ខ្លាំងជាងគេ​សម្រាប់​សេរីភាព​សារព័ត៌មាន​។​
 
​គួរ​បញ្ជាក់ថា ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ត្រូវបាន​អង្គការសហប្រជាជាតិ ប្រកាស​ទទួល​ជា​ផ្លូវការ កាលពី​ឆ្នាំ​១៩៩៣៕

Tag:
 ​រ៉ូ​ណា​ល់ ស្មី​ត​
  សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com