ភ្នំពេញ៖« កម្ពុជាមានសេរីភាពសារព័ត៌មានគ្រាប់គ្រាន់ហើយ ប៉ុន្តែគុណភាពព័ត៌មាននៅមានកម្រិតនូវឡើយ»។ នេះជាការយល់ឃើញរបស់អ្នកកាសែតជើងចាស់នៅកម្ពុជា ដែលជំរុញឲ្យអ្នកកាសែតប្រើប្រាស់វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ទើបបញ្ចៀសពីបញ្ហាប្រឈមនានា ខណៈដែលសេរីភាព ក៏មានដែនកំណត់ដែរ។
ខាងក្រោមនេះ គឺជាមតិយោបល់របស់អ្នកកាសែតជើងចាស់នៅកម្ពុជា ជុំវិញបញ្ហាសេរីភាពសារព័ត៌មាន៖
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ «នៅកម្ពុជាខ្ញុំមិនព្រួយពីសេរីភាពសារព័ត៌មានទេ តែព្រួយបារម្ភរឿងគុណភាព វិជ្ជាជីវៈសារព័ត៌មាន ដោយសារគុណភាពមួយចំនួននៅខ្សោយ ការសរសេរព័ត៌មាន ការយកព័ត៌មាន ជាញឹកញយនៅតែមានបញ្ហា។ តាមការសង្កេតចុងក្រោយនេះ បញ្ហាដែលតែងតែកើតមាន គឺកើតឡើងដោយគុណភាពខ្សោយ។ ហើយកាលណាគុណភាពល្អ នឹងជួយពង្រឹងសេរីភាពសារព័ត៌មានឲ្យកាន់តែរឹងមាំ។ សព្វថ្ងៃនេះ អ្នកសារព័ត៌មានសិទ្ធិសេរីភាព តែការប្រើប្រាស់នៅមានបញ្ហា គឺមិនទាន់យល់ពីអំពីសេរីភាពនៃសារព័ត៌មាន។ គុណភាពនៅខ្សោយរបស់កម្ពុជា គឺដោយសារអ្នកសារព័ត៌មានមួយចំនួនមានវិជ្ជាជីវៈទាប ទទួលបានការបណ្ដុះបណ្ដាលមិនទាន់គ្រាប់គ្រាន់ ឬស្ទើនឹងមិនបានទទួលការបណ្ដុះបណ្ដាល ដោយបានត្រឹមវគ្តខ្លីៗខ្លះប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកកាសែតមិនសូវស្រាវជ្រាវ វិភាគឲ្យបានស៊ីជម្រៅ កម្រិតនៃការសរសេរត្រឹមតែហេតុដែលកើតឡើង ជារួមគឺខ្វះខាតគុណភាពវិជ្ជាជីវៈចំណេះដឹង។ បើធៀបពីគុណភាពសារព័ត៌មាន គឺនៅមានកម្រិតទាបជាងប្រទេសជិតខាង។ ប៉ុន្តែបើនិយាយពីសេរីភាពនៃសារព័ត៌មាន ប្រៀធៀបនឹងបណ្ដាលប្រទេសនៅអាស៊ាន ហើយក៏មានអង្គការខ្លះបានចាត់ចំណាត់ថ្នាក់នោះ គឺប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ល្អ ។ហើយកាលប៉ុន្មានឆ្នាំមុនកម្ពុជាទទួលបានលេខមួយនូវសេរីភាពសារព័ត៌មាននៅអាស៊ាន»។
(រូបពីក្រសួងព័ត៌មាន) លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ថ្លែងនៅក្នុងទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ឧសភា ២០១៩
លោក ប៉ែន បូណា បន្ថែមថា៖«ប្រធានបទរបស់ក្រសួងព័ត៌មានក្នុងទិវាសេរីភាពអ្នកសារព័ត៌មានឆ្នាំនេះ គឺតួនាទីប្រកបសក្ដានុពលរបស់សារព័ត៌មានក្នុងការគាំទ្រសន្ដិភាព និងប្រជាធិបតេយ្យ គឺស្របតាមនឹងបរិបទនៃប្រទេសកម្ពុជាយើង ដែលកំពុងកសាងសន្តិភាពនិងប្រជាធិបតេយ្យ។ សន្តិភាពកម្ពុជាមានហើយ តែប្រជាធិបតេយ្យមិនទាន់រឹងមាំ ដូច្នេះសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងចូលរួមពង្រឹងសន្តិភាពនិងប្រជាធិបតេយ្យ។ សំខាន់យ៉ាងដូចម្ដេច? គឺយើងជាអ្នកសារព័ត៌មាន សរសេរឬផ្សាយព័ត៌មាន កុំឲ្យមានការញុះញង់ ឲ្យមានការឈ្លោះគ្នា កុំបំប៉ោងសភាពការ ដើម្បីកុំឲ្យបញ្ហាតូចទៅជារឿងធំ។ ព័ត៌មានអាចបង្កឲ្យមានជម្លោះ ដូច្នេះយើងសរសេរឬរាយការណ៍ព័ត៌មានកុំឲ្យមានការញុះញង់។ នេះជាការចូលរួមកសាងសន្តិភាព ហើយនៅពេលប្រជាពលរដ្ឋយើងមានសន្តិភាពផ្លូវកាយផ្លូវចិត្ត ឈប់ឈ្លោះគ្នា ប្រជាធិបតេយ្យយើងក៏ទៅតាមនឹងដែរ។ ប្រសិនបើយើងមានតែការឈ្លោះគ្នា បើហ្វេសប៊ុកឃើញតែព័ត៌មានមិនពិត គឺមិនអាចមានប្រជាធិបតេយ្យទេ ត្រូវការយើងទាំងអស់គ្នាចូលរួមទើបអាចកសាងប្រជាធិបតេយ្យបាន»។
(រូបកណ្ដាល)លោក ម៉ៃ ទិត្យថារ៉ា ការីនិពន្ធកាសែត Khmer Times ថ្លែងក្នុងវេទិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ កន្លងមក
លោក ម៉ៃ ទិត្យថារ៉ា ការីនិពន្ធកាសែត Khmer Times៖« តាមការកត់សម្គាល់ខ្ញុំ ឃើញមានការរីកចម្រើននៃស្ថាប័នសារព័ត៌មានច្រើន ហាក់បីដូចសម្បូរបែប តែសារព័ត៌មានមួយចំនួននៅតែប្រឈមបញ្ហា នៅពេលចុះយកព័ត៌មានស៊ើបអង្កេតរឿងធំៗមួយចំនួន ជាមួយសមត្ថកិច្ចមិនទាន់យល់គ្នា អំពីការអនុវត្ត។ បើប្រៀធៀបនឹងប្រទេសមួយចំនួននៅជិតខាងយើង កម្ពុជាមានលក្ខណៈល្អប្រសើរជាង ខាងសេរីភាពសារព័តមាន ដោយសារប្រទេសជិតខាងខ្លះ មុនពេលចេញផ្សាយត្រូវត្រួតពិនិត្យពីខាងក្រសួងព័ត៌មានជាមុនសិន តែប្រទេសយើងគឺអាចចេញផ្សាយដោយសេរីបាន ។បន្ទាប់មក បើមានបញ្ហាទើបមានចេញលិខិតសុំឲ្យកែតម្រូវ។ ប្រជាធិបតេយ្យ និងវិស័យព័ត៌មាន គឺមិនអាចផាត់ចេញពីគ្នានោះទេ ត្រូវដើរទន្ទឹមគ្នាដើម្បីបញ្ជៀសបញ្ហាណាមួយដល់សង្គមជាតិ។ អ្នកព័ត៌មានត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងសរសេររឿងណាមួយ ដែលវាយប្រហារបុគ្គលឬប្រទេសជាតិ។ តាមការសង្កេត កាលពីបោះឆ្នោត២០១៣មានបញ្ហាខ្លះ ទាក់ទងការចុះយកព័ត៌មាននៅតាមកន្លែងបាតុកម្ម ត្រូវបានហាមឃាត់យ៉ាងតឹងរឹង។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ មិនទាន់ឃើញមានអ្នកសារព័ត៌មានណាម្នាក់ ត្រូវបានគេធ្វើទុកបុកម្នេញ រហូតដល់ជាប់ពន្ធនាគារនោះទេ ចំពោះអ្នកដែលបំពេញតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន»។
រូបពីហ្វេសប៊ុកលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៖«ខ្ញុំយល់ឃើញថាសេរីភាពសារព័ត៌មានកម្ពុជាទូលំទូលាយ ហើយសុវត្ថិភាព បើយើងធៀបនឹងបណ្ដាប្រទេសខ្លះដែលកំពុងមានកូដកម្មឬបាតុកម្ម គឺកម្ពុជាមានសេរីភាព សុវតិ្តភាព ដោយសារកម្ពុជាមានសន្តិភាព។ ប៉ុន្តែអ្វីដែលប្រទេសកម្ពុជា នៅខ្វះ គឺខ្វះគុណភាពសារព័ត៌មាន គុណភាពនៃការសរសេរតាក់តែង និងបោះពុម្ភ មានកម្រិតទាបបើធៀបនឹងបណ្ដាប្រទេសជិតខាង។ សេរីភាពក្នុងការបំពេញការងារគឺទូលំទូលាយ ប៉ុន្តែយើងមិនទាន់ប្រើប្រាស់សិទ្ធិសេរីភាពឲ្យបានត្រឹមត្រូវ។ សេរីភាពមានព្រំដែន តែយើងយល់ច្រឡំថា យើងធ្វើអ្វីក៏បានជាសិទ្ធិរបស់យើង។ នេះជាការយល់ខុស។ ទស្សនៈខ្លះយល់ថា កម្ពុជារឹតត្បិតសិទ្ធិសេរី ចំពោះខ្ញុំនេះជាការយល់ខុស ដោយសារយើងទាមទារសិទ្ធិសេរីភាពប៉ាតណាប៉ាតណី ប៉ុន្តែបើអនុវត្តសិទ្ធិត្រឹមត្រូវ មានក្រមសីលធម៌ អ្វីក៏អាចធ្វើបានដែរ នៅស្រុកខ្មែរ។ ការបំពេញវិជ្ជាជីវៈអ្នកកាសែតនៅកម្ពុជាមិនមានទោសទេ។
(រូបពីក្រសួងព័ត៌មាន) លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានThmeyThmey.com ថ្លែងនៅក្នុងទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ឧសភា ២០១៩
ខ្ញុំបារម្ភចំពោះតែអ្នកលេងហ្វេសប៊ុកប្រឈមនឹងការប្ដឹងជាប់ពន្ធនាគារ ដោយសារមិនយល់អំពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មាននិយាយពិត នាំឲ្យយើងរក្សាសន្តិភាព។ សង្គ្រាមគឺមិនចាប់ផ្ដើមដោយអាវុធនោះទេ គឺចាប់ផ្ដើមដោយពាក្យសម្ដី។ យើងចេញផ្សាយការពិត គឺសង្គមយើងមិនមានអ្វីកើតឡើងនោះទេ។ សេរីភាពសារព័ត៌មានកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងវិជ្ជមាន បើទោះបីពេលខ្លះដើរយឺត ពេលខ្លះលឿន តែទៅមុខរហូត។ ហើយបញ្ហារបស់អ្នកសារព័ត៌មាន គឺបានជួយឲ្យសេរីភាពសារព័ត៌មានកម្ពុជាកាន់តែទូលំទូលាយ»។
លោក គី សុខលីម សហស្ថាបនិកសារព័ត៌មាន ThmeyThmey៖«សារព័ត៌មាននៅប្រទេសកម្ពុជាយើងមានវត្តមានច្រើន ហើយយើងអាចទទួលស្គាល់ថា គុណភាពនៃការផលិតដំណឹងនៅមានកម្រិត។ ហើយនៅពេលគុណភាពផលិតដំណឹងនៅមានកម្រិតនេះហើយ ដែលធ្វើឲ្យយើងពិបាកនឹងថា តើយើងគួរធ្វើយ៉ាងម៉េច អភិវឌ្ឍន៍យ៉ាងម៉េចដើម្បីឲ្យតួនាទីសារព័ត៌មានហ្នឹង អាចរុញច្រានប្រជាធិបតេយ្យបាន។ យើងគិតថា នៅពេលគុណភាពសារព័ត៌មាននៅមានកម្រិត ពេលនោះការរុញច្រានប្រជាធិបតេយ្យ អាចធ្វើដំណើរទៅមុខ ប៉ុន្តែការដំណើរនៅក្នុងអត្ថន័យណាមួយ ព្រោះប្រជាធិបតេយ្យ និងអ្នកសារព័ត៌មាន ត្រូវជួយគ្នាទៅវិញទៅមក ប៉ុន្តែត្រូវជួយរុញគ្នាទៅវិញទៅមកដូចគ្នា។ ដូច្នេះនៅក្នុងបរិបទប្រទេសកម្ពុជានេះ យើងត្រូវទទួលស្គាល់ថា អ្នកសារព័ត៌មានយើងមួយចំនួន នៅមានចំណេះដឹងនៅមានកំណត់។ នៅពេលអ្នកសារព័ត៌មាន មានចំណេះដឹងនៅមានកំណត់ នៅពេលនោះគុណភាពនៃការផលិតដំណឹងក៏នៅមានកំណត់ដូចគ្នាដែរ។ អ៊ីចឹងទើបវាពិបាក ក្នុងការជួយរុញច្រានប្រជាធិបតេយ្យហ្នឹង ឲ្យទៅមុខកាន់តែលឿន»។
សូមបញ្ជាក់ថា របាយការណ៍ World Press Freedom Index របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលចេញផ្សាយកាលពីពេលថ្មីៗកន្លងមកនេះ បានបង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៤៣ក្នុងចំណោម១៨០ប្រទេស។ ន័រវេសស្ថិតនៅលើកំពូលតារាងដែលប្រសើរដាច់គ្នា ខណៈតួកមេនីស្ថាន ជាកន្លែងដែលគ្រោះថ្នាក់ខ្លាំងជាងគេសម្រាប់សេរីភាពសារព័ត៌មាន៕