អត្ថបទពាណិជ្ជកម្ម
និស្សិត​កម្ពុជា ទៅ​ចូលរួម​ការប្រកួត​ថ្នាក់​អាស៊ាន អំពី​បដិវត្តន៍​ឧស្សាហកម្ម​៤.០
03, May 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រុមហ៊ុន​Deloitte បាន​រកឃើញ​ជ័យលាភី​ប្រចាំ​ប្រទេស​កម្ពុជា ដែល​នឹង​ទៅ​ប្រកួត​ក្នុង​ថ្នាក់​តំបន់​អាស៊ាន ក្នុង​ខែមិថុនា​ខាងមុខ ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ ពី​៦០​ក្រុម មកពី​សាកលវិទ្យាល័យ​នានា ក្រោម​ការប្រកួត​ប្រាជ្ញា​ហានិភ័យ ឬ​ហៅ​ជា​ភាសា​អង់គ្លេស Risk Intelligence Challenge (RIC) រៀបចំ​ដោយ​ក្រុមហ៊ុន​Deloitte​ផ្ទាល់​។
 

​រូបភាព​៖ ក្រុម​ជ័យលាភី​លេខ​១ មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​។​
 
​កញ្ញា​សៀក បូរ​មី និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន និង​ជា​សមាជិក​ក្រុម​ជ័យលាភី​លេខ​១ ប្រចាំ​ប្រទេស​កម្ពុជា លើកឡើងថា ការប្រកួត​នេះ​តម្រូវឱ្យ​និស្សិត បង្កើតជា​ក្រុម​ដែលមាន​សមាជិក​៤​នាក់ និង​ចូលរួម​វគ្គ​ផ្ដល់ព័ត៌មាន មុននឹង​ផ្ញើ​របាយការណ៍ ស្រាវជ្រាវ​ពី​បដិវត្តន៍​ឧស្សាហកម្ម​៤.០​របស់ខ្លួន ទៅកាន់​កម្មវិធី​។ ក្នុង​របាយការណ៍​ស្រាវជ្រាវ​នេះ ក្រុម​នីមួយៗ ត្រូវ​ជ្រើសរើស​វិស័យ​មួយ ក្នុងចំណោម​៤​រួមមាន​ទូរគមនាគមន៍ សុខាភិបាល ពាណិជ្ជកម្ម និង​ផលិតកម្ម និង​វិភាគ​ពី​ហានិភ័យ ក៏ដូចជា​ស្ថានការណ៍​របស់​វិស័យ​នោះ សម្រាប់​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ​២០២៥​ខាងមុខ​។ វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​តម្រូវឱ្យ​ក្រុម​ទាំងអស់ វិភាគ​ពី​ហានិភ័យ និង​ការវិវត្តន៍​ស្ថានការណ៍ របស់​ក្រុមហ៊ុន​ណាមួយ​ក្នុងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ ដោយ​ត្រូវធ្វើ​បទ​បង្ហាញ នៅ​ចំពោះមុខ​គណៈកម្មការ​។​
 
​កញ្ញា​ទ្រី គីម​លី និស្សិត​ឆ្នាំ​ទី​៣ ពី​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន និង​ជា​សមាជិក​ក្រុម​របស់​បូរ​មី​ដែរនោះ លើកឡើងថា ការប្រកួត​នេះ ប្លែក​ពី​ការប្រកួត​ឯទៀត ដែល​ខ្លួន​ធ្លាប់​ចូលរួម ដោយសារតែ​វា​បាន​ផ្ដោតលើ​ការវិភាគ​ពី​ហានិភ័យ របស់​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។ លើសពីនេះ ការប្រកួត​ក៏មាន​លក្ខណៈ​ស្មុគស្មាញ​ផងដែរ ដោយសារ​មាន​ក្រុម​ជាច្រើន​មក​ប្រកួតប្រជែង ឯ​លក្ខន្តិក​របស់​កម្ម​វិធី​ក៏​ខ្ពស់ ស្រប​ពេលដែល​ក្រុម​របស់​នាង ពិបាក​ក្នុងការ​ស្វែងរក ទិន្នន័យ​ឲ្យ​បាន​សម្បូរបែប សម្រាប់​គាំទ្រ​ការស្រាវជ្រាវ​។  បើតាម និស្សិត​ដដែល ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​របស់​នាង ត្រូវ​ប្រឹងប្រែង​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ទិន្នន័យ ដែល​អាច​ទុកចិត្តបាន​។ 
 
​យុវជន ពៅ សុខុម និស្សិត​ឆ្នាំ​ទី​២ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ជា​សមាជិក​ក្រុម​ជ័យលាភី​ទី​៣ មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន លើកឡើងថា ក្រុម​របស់ខ្លួន មានការ​លំបាក​មួយចំនួន ដោយសារតែ​កម្មវិធី​មាន​លក្ខណៈ​មមាញឹក ដោយ​ខ្លួន​ត្រូវ​ផ្ញើ​របាយការណ៍​ស្រាវជ្រាវ ឱ្យទាន់​កាល​ផុតកំណត់ និង​មាន​ពេល​ត្រៀមខ្លួន​តិចតួច សម្រាប់​ការធ្វើ​បទ​បង្ហាញមុខ​គណៈកម្មការ​។ 
 

​រូបភាព​៖ ក្រុម​ជ័យលាភី​លេខ​២​មកពី សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​។​


​រូបភាព​៖ ក្រុម​ជ័យលាភី​លេខ​៣​មកពី សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​។​
 
​គួរ​បញ្ជាក់ដែរថា ក្រុម​ចំណាត់ថ្នាក់​លេខ​១ ដែល​នឹង​ទៅ​ប្រកួត​ថ្នាក់​តំបន់ នៅ​ប្រទេស​វៀតណាម មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន បានទទួល​ប្រាក់រង្វាន់​៥០០​ដុល្លារ​។ រីឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ មកពី​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ទទួលបាន​៣០០​ដុល្លារ និង ឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ទទួលបាន​២០០​ដុល្លារ​៕
 
(​អត្ថ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com