ជាតិ
សង្គមជាតិ
លោក ខៀវ កាញារីទ្ធ ពិចារណា​រៀបចំ​ច្បាប់ កំណត់ឱ្យ​អ្នកកាសែត​កែតម្រូវ​ព័ត៌មាន នៅពេល​ផ្សាយ​ខុស​
03, May 2019 , 9:59 pm        
រូបភាព
លោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងសន្ទាកថាក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារFaffles Hotel le Royal នាថ្ងៃទី៣ ឧសភា
លោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងសន្ទាកថាក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារFaffles Hotel le Royal នាថ្ងៃទី៣ ឧសភា
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន នឹង​រៀបចំ​ច្បាប់​ឱ្យ​អ្នកកាសែត​កែ​ព័ត៌មាន​ឡើងវិញ នៅពេលដែល​ផ្សាយ​ខុសពី​សម្ដី​ប្រភព ហើយ​មានការ​ស្នើសុំ​បកស្រាយ​បំភ្លឺ​ជាថ្មី​ពី​ម្ចាស់​សម្តី​ដើម​។ នេះ​ជាការ​លើកឡើង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

 
​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​Faffles Hotel le Royal នា​ថ្ងៃទី​៣ ឧសភា លោក ខៀវ កាញារីទ្ធ បាន​និយាយថា ក្រសួង​បាន​បង្កើត​គណៈកម្មការ​កែតម្រូវ​ច្បាប់​(​វិសោធនកម្ម​) ស្តីពី​របប​សារព័ត៌មាន​ដើម្បី​កែសម្រួល​មាត្រា​មួយចំនួន​ឱ្យស្រប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង នាពេល​បច្ចុប្បន្ន​។   លោក​បាន​បន្តថា ក្រសួង​ព័ត៌មាន នឹង​ពិគ្រោះ​យោបល់​ជាមួយ​សា្ថ​ប័ន​សារព័ត៌មាន នឹង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត​សម្រាប់​ទទួលបាន​សិ​ទិ្ធ​សេរីភាព​ព័ត៌មាន ក្នុងការ​បញ្ចេញមតិ  និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។​


 
 
​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ដូច្នេះ​« ការរៀបចំ​កែតម្រូវ​ច្បាប់សារព័ត៌មាន ដែល​យើង​បានអនុម័ត​នៅ​ឆ្នាំ​១៩៩៥ គឺ​យើង​ធ្វើបាន​ល្អ​ហើយ ប៉ុន្តែ​មាន​ខ្វះចន្លោះ​មួយចំនួន​។ អ្វីដែល​សំខាន់​ក្នុងការ​កែតម្រូវ​នេះ  គឺ​ធ្វើ​ច្បាប់​ឆ្លើយតប របស់​អ្នក​ដែល​យល់ឃើញថា ការចុះផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ ដែល​គេ​សុំ​កែតម្រូវ​នៅក្នុង​ព័ត៌មាន​បាន​ផ្សាយ​។ ដូច្នេះ​យើង​នឹង​រៀបចំ​ច្បាប់​នេះ ដើម្បី​ធ្វើជា​កាតព្វកិច្ច​សម្រាប់​អ្នកកាសែត ទូរទស្សន៍ វិទ្យុ នៅពេលណា​ដែល​និយាយ​ខុស​។   អ៊ីចឹង​អ្នក​ដែល​យល់ថា​គាត់​មិន​ខុស គាត់​អាច​ហៅ​លិខិត​សុំ​កែតម្រូវ ហើយ​អ្នកកាសែត​ត្រូវតែ​កែតម្រូវ​ព័ត៌មាន នៅពេលដែល​យល់ឃើញថា​ការស្នើសុំ​កែតម្រូវ​នោះ វា​ត្រឹមត្រូវ​»​។ 


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័តមាន ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារFaffles Hotel le Royal នាថ្ងៃទី៣ ឧសភា
 
​កន្លងមក​មាន​អ្នកកាសែត​ខ្លះ បាន​និយាយ ឬ​ផ្សាយ​ព័ត៌មាន​ខុសពី​សម្តី​ប្រភព ហើយ​ប្រភព​សុំឱ្យ​កែតម្រូវ​ព័ត៌មាន​ឡើងវិញ  ប៉ុន្តែ​អ្នកកាសែត​ទាំងនោះ​មិន​ព្រម​កែ​ឱ្យគេ​ដែរ​។ ចំពោះ​ការរៀបចំ​ច្បាប់​នេះ ផ្តោត​សំខាន់​ទៅលើ​អ្នកកាសែត ដែល​ត្រូវតែមាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ លើ​ការកែតម្រូវ ឬ​សរសេរ​ឡើងវិញ នៅពេល​ប្រភព​បកស្រាយ​បំភ្លឺ​។ ប៉ុន្តែ​លើកលែង​ចំពោះ​ការបំភ្លឺ​ទាំងនោះ​មិនទាន់​ត្រឹមត្រូវ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​
 
​បើតាម លោក ខៀវ កាញារីទ្ធ នៅពេលដែល​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​បានកែតម្រូវ​រួច និង​ដាក់​ដំណើរការ​នោះ អ្នកកាសែត​នឹង​អាច​មានទោស​ផងដែរ នៅពេលដែល​គេ​ប្តឹង​ពី​ការនិយាយ សរសេរ និង​ផ្សាយ​ពត៌មាន​ខុស ដោយ​មិន​ព្រម​ទទួល​កែតម្រូវ តាម​ការបកស្រាយ​បំភ្លឺ​៕

Tag:
 សេរីភាព​សារព័ត៌មាន​
  ខៀវ កាញ​រី​ទ្ធ​
  អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com