កីឡាជាតិ
ជាតិ
សូល​ទី​ឡូ​ស្វាគមន៍​ទ័ព ប៉ូលិស​ប៉ះ​គិរីវង់ រីឯ សុខ​ផេង រំពឹង​ស៊ុត​បាល់​បញ្ចូល​ទី​ពេល​វិសាខា​ទទួល​កំពង់ចាម​
04, May 2019 , 7:42 am        
រូបភាព
កែវ សុខផេង មិនទាន់មានគ្រាប់បាល់បញ្ចូលទីឡើយ​សម្រាប់វិសាខា។ រូបថត​ពីទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់វិសាខា
កែវ សុខផេង មិនទាន់មានគ្រាប់បាល់បញ្ចូលទីឡើយ​សម្រាប់វិសាខា។ រូបថត​ពីទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់វិសាខា
ដោយ:
 
​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បានបង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត ក្រោយ​មិនអាច​រក​គ្រាប់​បាល់​ជូន​ក្រុម​វិសាខា សម្រាប់​៥​ប្រកួត​កន្លងមក​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ ប្តេជ្ញា​ថា គេ​នឹង​រក​គ្រាប់​បាល់​ជូន​ក្រុម​ឲ្យ​ទាល់តែ​បាន ពេល​វិសាខា​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ភ្ញៀវ​កំពង់ចាម សម្រាប់​ជំនួប​សប្តាហ៍​ទី​៦ នា​វេលា​ម៉ោង​៦​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា​។ រីឯ​ជំនួប​២​គូ​ទៀត​ប្រព្រឹត្ត​នៅ​ម៉ោង​៣​និង​៣០​នាទី ដោយ​សូល​ទី​ឡូ​អង្គរ ស្វាគមន៍​ក្រសួងការពារជាតិ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​គិរីវង់​សុខ​សែន​ជ័យ តទល់​គ្នា​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។​

 
​ក្រោយ​ខកខាន​ក្នុង​ការរក​គ្រាប់​បាល់​ជូន​ក្រុម​៥​ប្រកួត​កន្លងមក បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ហាក់​មាន​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​។ ប៉ុន្តែ​វា​បាន​ក្លាយជា​ចលករ​ជំរុញ​ឲ្យ​រូបគេ ស្រេកឃ្លាន​ក្នុង​ការរក​គ្រាប់​បាល់​កាន់តែខ្លាំង​ថែមទៀត​។ សុខ​ផេង ជឿជាក់ថា រូបគេ​នឹង​អា​ចរក​គ្រាប់​បាល់​លើកដំបូង​ឲ្យ​ក្រុម​វិសាខា​ពេល​ប៉ះ​កំពង់ចាម​នៅ​សប្តាហ៍​នេះ​។  
 
«​សម្រាប់​សប្តាហ៍​នេះ ខ្ញុំ​ប្តេជ្ញា​ថា ខ្ញុំ​នឹង​រក​គ្រាប់​បាល់​ជូន​ក្រុម​វិសាខា​ឲ្យ​ទាល់តែ​បាន ព្រោះ​រយៈពេល​៥​ប្រកួត​កន្លងមកនេះ ខ្ញុំ​អត់​សូវ​សប្បាយចិត្ត នៅពេល​មិនអាច​រក​គ្រាប់​បាល់​ជូន​ក្លិប​»​។ នេះ​ជាការ​បង្ហាញ​ការប្តេជ្ញាចិត្ត​និង​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​កន្លង​របស់​កីឡាករ កែវ សុខ​ផេង ពេល​ចូលរួម​សន្និសីទ​សារព័ត៌មាន​ត្រៀម​បើក​ការប្រកួត​ពានរង្វាន់ G-Park Youth Cup U15​។ 
 
​ទោះបី​កំពង់ចាម​ជា​សមាជិក​ថ្មី​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ក៏ដោយ តែ​សម្រាប់ កែវ សុខ​ផេង កំពង់ចាម​ជា​ក្រុម​មានការ​រៀបចំ​បានល្អ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ក្រុម​ដទៃទៀត​។ «​ពួកយើង​នឹង​ខំប្រឹង​រក​៣​ពិន្ទុ​ឲ្យ​បាន តែ​ការប្រកួត​នីមួយៗ​យើង​មិនអាច​មើលស្រាល​គូប្រកួត​បានទេ ហើយ​រាល់​ការប្រកួត​យើង​ត្រូវ​ប្រឹង​១០០​ភាគរយ​ទាំង​ក្រុម ទាំង​គ្រូបង្វឹក​។ ហើយ​សប្តាហ៍​នេះ សង្ឃឹមថា​ក្រុម​យើង​នឹង​ទទួលបាន​៣​ពិន្ទុ​ពី​ក្រុម​កំពង់ចាម​»​។ នេះ​ជាការ​បន្ថែម​របស់​កីឡាករ កែវ សុខ​ផេង​។​
 
​ក្រុម​វិសាខា​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ស្វាគមន៍​កំពង់ចាម សម្រាប់​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៥​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩​។ វិសាខា​បាន​ស្គាល់​បរាជ័យ​លើកដំបូង ក្រោយ​ពួកគេ​ចាញ់​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-១ កាលពី​សប្តាហ៍​មុន​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​១០​ពិន្ទុ ខណៈ​កំពង់ចាម​ស្ថិតនៅ​លេខ​រៀង​ទី​១៣​មាន​៣​ពិន្ទុ ក្រោយ​ឈ្នះ​១​និង​ចាញ់​៤​។ 
 
​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ ត្រូវ​តទល់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន​ខេត្តសៀមរាប​។ សម្រាប់​៥​ប្រកួត​កន្លងមក​សូល​ទី​ឡូ​អង្គរ ដែល​ស្ថិតនៅ​បាត​តារាង​មិនទាន់​ស្គាល់​ជ័យជម្នះ​នោះទេ ដោយ​ស្មើ​២ និង​ចាញ់​៣​។ ចំណែក​ក្រសួងការពារជាតិ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៤​ជាមួយ​១០​ពិន្ទុ ឈ្នះ​៣ ស្មើ​១​និង​ចាញ់​១​។ កាលពី​សប្តាហ៍​ទី​៥​ក្រុម​នេះ​បាន​ចាញ់​បឹងកេត​ក្នុង​លទ្ធផល ២-០​។ 
 
​ក្រោយ​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​សូល​ទី​ឡូ​អង្គរ​បន្ទាប់ពី​រក្សា​លទ្ធផល​ស្មើ ២-២ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ស្វាគមន៍​ក្រុម​មកពី​ខេត្តតាកែវ​គីរីវង់​សុខ​សែន​ជ័យ​។ ក្រោយ​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-២ នា​ជំនួប​សប្តាហ៍​ទី​២ ប៉ូលិស​មិនទាន់​ស្គាល់​ជ័យជម្នះ​នោះទេ ដោយ​ចាញ់​ណាហ្គា​វើ​ល ៦-០ ចាញ់​ក្រសួងការពារជាតិ ៤-២ និង​ស្មើ ២-២ ជាមួយ​សូល​ទី​ឡូ​អង្គរ​។ ចំណែក​គីរីវង់​សុខ​សែន​ជ័យ ក្រោយ​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៤-១ ក្នុងជំនួប​បើកឆាក​បាន​រង​បរាជ័យ​ជា​បន្តបន្ទាប់ ក្នុងនោះ​ចាញ់​វិសាខា ២-០, ស្វាយរៀង ២-០, អាស៊ី​អឺរ៉ុប ២-១ និង​ចាញ់​ណាហ្គា​វើ​ល ៣-១៕   
 
 
 
 

Tag:
 Cambodian League 2019
  កែវ សុខ​ផេង​
  វិសាខា​
© រក្សាសិទ្ធិដោយ thmeythmey.com