ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉េខាងត្បូង សន្យា​ជួយ​បំប៉ន​ជំនាញ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ពត៌មាន​វិទ្យា ដល់​កម្ពុជា​
04, May 2019 , 9:45 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ កូរ៉េខាងត្បូង សន្យា​ជួយ​បំប៉ន​ជំនាញ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ពត៌មាន​វិទ្យា ដល់​កម្ពុជា​។ ការសន្យា​នេះ ធ្វើឡើង​តប​តាម​សំណើ​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កំពុង​ទស្សនកិច្ច​នៅ​ទីនោះ​។​

 
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ ទីភ្នាក់ងារ​នគរបាល​ជាតិ​កូរ៉េ​បាន​យល់ព្រម​ជួយ​បណ្តុះបណ្តាល​នគរបាលជាតិ​កម្ពុជា លើ​ជំនាញ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ឧក្រិដ្ឋកម្ម​ពត៌មាន​វិទ្យា ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ការគ្រប់គ្រង​បាតុកម្ម និង​ជំនួយ​ឧបករណ៍​សម្ភារៈ​បច្ចេក​ទេស​មួយចំនួន​សម្រាប់​មណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ទីក្រុង​។​
 
​បន្ថែម​ពីនេះ​ភាគី​កូរ៉េខាងត្បូង បាន​ឯកភាព និង​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា​លើ​ការងារ​សំខាន់​រួមមាន​៖ ទី​១ ការបន្ត​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ និង​វិស័យ​សន្តិសុខ​ដូច​បានកំណត់​ក្នុង​អនុស្សារណៈ​ស្ដីពី​ការយោគយល់​គ្នា​ហៅ​កាត់​ថា​MOU​។ ទី​២ ការគាំទ្រ​ការបណ្តុះបណ្តាល​នគរបាល​កម្ពុជា​លើ​ជំនាញ​ប្រឆាំង​បទល្មើស​ព៌​ត​មាន​វិទ្យា ការគ្រប់គ្រង​បាតុកម្ម គ្រឿងញៀន​។ ទី​៣ ការផ្តល់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រង​ចរាចរណ៍ ។​ទី​៤ ការគាំទ្រ​ដល់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន និង​ចុងក្រោយ ការគាំទ្រ​ដល់​ការរៀបចំ​មជ្ឍមណ្ឌល​ជាតិ​គ្រប់គ្រង​ទិន្នន័យ​ប្រជាជន​។​
 
​ក្រៅពីនេះ​កូរ៉េ ក៏​គ្រោង​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នគរបាល​កូរ៉េ​-​អាស៊ាន ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​២៣ ខែតុលា ខាងមុខ​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង និង​ភាគី​កូរ៉េ គឺ​ផ្ដោតលើ​ការលើកកម្ពស់​សមត្ថភាព​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការដក​បទពិសោធ​ន៍​ការងារ​សុវត្ថិភាព​ចរាចរណ៍ ការប្រឆាំង​ភេ​វរ​កម្ម និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រីនគរបាល​ជាតិ​៕
 
 

Tag:
 ស ខេង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com