បន្ទាយមានជ័យ៖ ភូមិចារក្រោម ស្ថិតនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អ្នកភូមិនេះមានរបរចម្បងជាកសិករ ក្រៅពីនោះជាអ្នកលក់ដូរ និងមួយចំនួនចំណាកស្រុក។ ជាភូមិរៀងនៅដាច់ស្រយាល ធ្វើឱ្យការអប់រំនៅទីនោះក៏នៅមានកម្រិត ហើយក្នុងនោះសាលាបឋមមួយក្នុងភូមិនេះ ក៏ទ្រុងទ្រោមផងដែរ។ ដោយមើលឃើញស្ថានភាពបែបនេះ ក្រុមយុវជនមួយក្រុមបានផ្តួចផ្តើមគំនិតរៃអង្គាសថវិកាពីសប្បុរសជននានា ដើម្បីសាងសង់សាលារៀនថ្មីនៅភូមិចារក្រោមនេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
បើនិយាយពីវិស័យអប់រំនៅប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនៅតាមទីប្រជុំជន។ អាគារសិក្សាជាច្រើន ត្រូវបានរដ្ឋាភិបាលកំណត់គោលដៅសាងសង់ជាបន្តបន្ទាប់ និងមានបំពាក់បរិក្ខាសិក្សាទំនើបៗ ថែមទាំងមានអគ្គិសនីប្រើប្រាស់តាមថ្នាក់រៀននីមួយៗទៀតផង។ យ៉ាងណា ការអភិវឌ្ឍនេះមិនទាន់ពេញលេញនៅឡើយ គឺថានៅតំបន់ខ្លះនៅប្រើប្រាស់សាលារៀនចាស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់។
ក្រុមយុវជនមួយក្រុមដែលរស់នៅខេត្តសៀមរាប បានកៀងគរជំនួយពីសប្បុរសជន និងស្ថាប័នជាតិ-អន្ដរជាតិនានា ដើម្បីសង់សាលារៀនមួយកន្លែងនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ភូមិនេះ មានព្រំប្រទល់ជាប់នឹងស្រុកក្រឡាញ់ខេត្តសៀមរាប ដែលមានភូមិសាស្ដ្រនៅជិតបឹងទន្លេសាប។
លោក គិម ប៊ុនថាន់ សមាជិកក្រុមយុវជនផ្តួចផ្តើមជួយសាលាសហគមន៍ចារក្រោម បាននិយាយថា គម្រោងសាងសង់សាលារៀននៅទីនេះ គឺផ្តើមឡើងបន្ទាប់ពីក្រុមរបស់លោកទទួលបានដំណឹងពីផលលំបាកនានាដែលសាលានៅទីនេះជួបប្រទះ។ គម្រោងសង់សាលាថ្មីនៅភូមិចារក្រោម គឺចាប់ផ្តើមពីឆ្នាំ២០១៦មក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងសាលា ក៏ដូចជាព្រះសង្ឃដែលបានឱ្យដីមួយកន្លែងសម្រាប់សង់សាលារៀនថ្មីជំនួសសាលាចាស់ដែលសង់នៅបរិវេណវត្ត។
គម្រោងសង់សាលារៀននៅតំបន់ដាច់ស្រយាលនេះ ទទួលបានថវិកាពីសប្បុរសជន និងស្ថាប័នក្នុងនិងក្រៅប្រទេសមួយចំនួន ដែលក្រុមលោក គិម ប៊ុនថាន់ស្វែងរកគ្រប់ច្រកល្ហក។ យ៉ាងណា គម្រោងនេះមានផលលំបាកបន្ដិចដ្បិតអាស្រ័យលើថវិកាដែលមាន ហើយឆ្នាំដំបូងក្រុមរបស់លោក រកបានមិនច្រើនទេ ហេតុដូច្នេះហើយ ទើបលោក ប៊ុនថាន់ ប្រាប់ថា មិនហ៊ានកំណត់ថាពេលណាទើបសាលារៀននេះសង់រួចតាមគម្រោងដែលចង់បានឡើយ។ យ៉ាងណាក៏ដោយ សព្វថ្ងៃ ក្រុមយុវជនបន្ដស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីឱ្យគម្រោងសាលារៀនខ្លួនចេញជារូបរាងពេញលេញ ដូចអ្វីដែលពួកគេស្រមៃ។
ដ្បិតថា គម្រោងសាលារៀនមិនទាន់ជោគជ័យក៏ដោយ តែលោក ប៊ុនថាន់ ថាក្រុមរបស់លោកមានគម្រោងរៀបចំសាលានេះដូចទៅនឹងសាលាគំរូមួយនៅក្រុងសៀមរាប នោះគឺសាលាបឋមសិក្សាវត្តបូព៌។ សម្រាប់ក្រុមយុវជន ពួកគេចង់ឱ្យសាលាដែលពួកគេផ្តូចផ្តើមកសាងនេះ ក្លាយជាសាលាគំរូនៅសហគមន៍ចារក្រោមនេះ ទោះបីវារៀងនៅដាច់ស្រយាលបន្ដិចក៏ដោយ។
គ្រូបង្រៀននៅសាលាបឋមសិក្សាចារក្រោម លោកគ្រូ ជោត សុហឿត បានរឭកពីផលលំបាកមួយចំនួនអំឡុងពេលនៅបង្រៀននៅសាលាចាស់។ លោកគ្រូថា សាលាពីមុនមានផលលំបាកដោយសារស្ថិតនៅក្នុងបរិវេណវត្ត ដោយត្រូវរំខានដោយសំឡេងបុណ្យទាននានា ពិសេសជាងនេះគឺនៅជិតទីបឆាបូជាសព ហេតុដូច្នេះហើយ ការបង្រៀនមិនសូវជាប់លាប់នោះទេ។ លោកគ្រូបន្ថែមថា នៅរដូវភ្លៀង សាលាចាស់ដែលសង់ពីឈើមានសភាពទ្រុឌទ្រោម តែងរំខានដោយខ្យល់ ភ្លៀងសាច និងលិចផងដែរ ដោយសារបរិវេណសាលាទាប ងាយទឹកភ្លៀងហូរចូលជានិច្ច។
ដោយទឹកមុខសប្បាយរីករាយ លោកគ្រូ ជោត សុហឿត បានឱ្យដឹងថា ទាំងគ្រូនិងសិស្សនៅទីនេះពិតជាសប្បាយចិត្តជាខ្លាំង ពេលមានសាលារៀនថ្មីបែបនេះ។ លោកគ្រូបន្តថា សាលារៀនថ្មីមានទីធ្លាស្រឡះមុខស្រឡះមាត់ និងមានសុវត្ថិភាពដល់សិស្សដោយសារនៅឆ្ងាយពីថ្នល់។ លោកគ្រូក៏បានអរគុណដល់ក្រុមរបស់លោក គិម ប៊ុនថាន់ ដែលស្វះស្វែងរកថវិកាដើម្បីមកកសាងសាលារៀននៅទីនេះ ដែលជាផ្នែកមួយផ្តល់ក្ដីសង្ឃឹមដល់គ្រូ និងសិស្ស ក៏ដូចជាពលរដ្ឋក្នុងភូមិចារក្រោមនេះតែម្ដង។
សាលាបឋមសិក្សាចារក្រោមមានចំនួន៧ថ្នាក់ ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦ ដែលសរុបមានចំនួន ១៤៧នាក់។ បច្ចុប្បន្ននេះ សិស្សចំនួន៣ថ្នាក់បានរើទៅរៀននៅសាលាថ្មី ដោយឡែក៣ថ្នាក់ទៀតនៅរៀននៅសាលាចាស់ដែលស្ថិតក្នុងបរិវេណវត្តដដែល ដោយសារសាលាថ្មីមិនសង់គ្រប់តម្រូវការ។ តាមគម្រោងរបស់សាលា គឺនឹងសង់ថ្នាក់ចំនួន៧បន្ទប់ បណ្ដាល័យ១ ការិយាល័យគ្រូ១ ដែលសរុបទាំងអស់មានចំនួន ៩បន្ទប់ ដែលបច្ចុប្បន្ននៅមិនទាន់សង់គ្រប់នៅឡើយ។
ក្នុងនាមជាអ្នកផ្តួចផ្តើមកសាងសាលារៀននៅចារក្រោមមួយរូប លោក គិម ប៊ុនថាន់ ចង់ក្លាយជាយុវជនគំរូមួយរូបក្នុងសហគមន៍របស់លោក។ ក្នុងនោះលោកចង់ឱ្យយុវជនទាំងអស់ មិនគួរភ្លេចភូមិស្រុករបស់ខ្លួនឡើយ គួរតែមានការត្រឡប់ ឬតបស្នង តាមរយៈការជួយការងារសង្គមផ្សេងៗដែលគេមានលទ្ធភាព។ លោកបន្ថែមថា៖« យើងមិនមែនជាអ្នកមានធនធានច្រើនទេ តែលោកមានមនសិការចូលរួមដើម្បីអភិវឌ្ឍន៍របស់យើង»៕