ការងារ​ព័ត៌មាន​កីឡា​សម្រាប់​អ្នកកាសែត​ស្រី ប្រៀបដូចជា Startup ក្នុង​អាជីព​
កីឡាជាតិ
ជាតិ
ការងារ​ព័ត៌មាន​កីឡា​សម្រាប់​អ្នកកាសែត​ស្រី ប្រៀបដូចជា Startup ក្នុង​អាជីព​
04, May 2019 , 1:13 pm        
រូបភាព
មានដូចជា លក្ខណ៍ សុខភា​រី លីហ្សា​! នៅពេល​សាកសួរ​មិត្ត​រួម​អាជីព​ទាក់ទង​នឹង​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន​ផ្នែក​កីឡា ភាគច្រើន​រាប់​មិន​រំលង​នារី​ទាំង​បីនាក់​នេះឡើយ ហើយក៏​ពិបាក​រក​នឹកឃើញ​អ្នកផ្សេង​ខ្លាំងណាស់​។ ព័ត៌មាន​កីឡា​ជា​ពិភព​ផ្តាច់មុខ​របស់​បុរស​? អ្នកយកព័ត៌មាន​ស្រស់ស្អាត​ទាំងបី​ដែលមាន​កំណើត​នៅ​បណ្តា​ខេត្ត​តំបន់​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ព្យាយាម​បង្ហាញថា មិន​ត្រឹមត្រូវ​ឡើយ ស្ត្រី​ក៏​អាចធ្វើ​បាន​ផងដែរ​។ សម្រាប់​ជំនាញ​ផ្សេង​ដូចជា សេដ្ឋកិច្ច នយោបាយ សង្គម អ្នកកាសែត​ស្រី​មាន​គំរូ​ជាច្រើន ប៉ុន្តែ​សម្រាប់​ព័ត៌មាន​កីឡា លក្ខណ៍ សុខភា​រី និង​លីហ្សា ប្រៀប​បីដូច​ជា​អ្នក​ដែល​បានចាប់ផ្តើម​ដំបូង ដូច្នេះ ពួកគេ​ត្រូវមាន​ការប្រឹងប្រែង​ខ្ពស់​ដើម្បី​បាន​ជោគជ័យ​ក្នុង​អាជីព​។​



«​ហត់​តែ​សប្បាយ ហើយ​បាន​ស្គាល់​មនុស្ស​ច្រើន​ក្នុង​វិស័យ​កីឡា  ព្រោះ​អ្វី​? ក៏​ព្រោះតែ​ការស្រឡាញ់​អាជីព​មួយ​នេះ​»​។ សុខ លក្ខណ៍ បង្ហាញ​ពី​ជំហរ​ទៅមុខ​ក្នុង​អាជីព​ជា​អ្នកយកព័ត៌មាន​កីឡា ដែល​ខ្លួន​ប្រឡូក​នា​រយៈពេល​ជាង​៨​ឆ្នាំកន្លងមក​។​

​មានកំណើត​នៅ​ខេត្តបាត់ដំបង សុខ លក្ខណ៍ ដែល​ប្រើ​ឈ្មោះ​ហ្វេ​ស​ប៊ុ​កថា «A Lex A Lex» បាន​ឆ្លងកាត់​ដំណើរ​ដ៏​យូរ មុននឹង​ក្លាយជា​អ្នកព័ត៌មាន​កីឡា​ម្នាក់​ប្រចាំ​ទូរទស្សន៍ CNC ជាពិសេស​មានឱកាស​បំពេញការងារ​ជាមួយ​ក្រុម​បុរស​ដ៏​ពោរពេញ​ដោយ​បទពិសោធន៍​ដូចជា លោក ស៊ី​ថូ ណា​ថា​ន់ លោក ថោង ប្រសើរ និង​លោក យ៉េន ម៉ៅ ជាដើម​។​

«​ព័ត៌មាន​កីឡា​ពិតជា​ពិបាក​សម្រាប់​មនុស្ស​ស្រី ប៉ុន្តែ​បើ​យើង​ប្រឡូក​ឲ្យ​ដល់​ទៅ មិនមាន​អ្វី​ជា​ឧបសគ្គ​នោះឡើយ​»​។ នេះ​ជាការ​ចូលរួម​យោបល់​របស់​កញ្ញា សួង សុខភា​រី ដែល​ចាត់ទុក​ព័ត៌មាន​កីឡា​ជា​អាហារ​ប្រចាំថ្ងៃ​របស់ខ្លួន​។​


សុខភារី ជាមួយអតីតមិត្តរួមក្រុម​ការងារព័ត៌មាន​កីឡា​របស់ខ្លួននៅ CNC

​មានកំណើត​នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតក្នុង​ចម្ងាយ​ជាង​៤០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ កញ្ញា អេង លីហ្សា មិន​ខុសពី​រៀមច្បង​ទាំងពីរ​ឡើយ​។ គាត់​បានប្រែក្លាយ​ពី​អ្នក​ស្រឡាញ់​កីឡា អ្នកគាំទ្រ​កីឡា កីឡាការិនី​បាល់ទះ និង​ជិះ​កង់ រហូតដល់​ក្លាយជា​ពិធី​ការិនី (MC) ផ្នែក​កីឡា​នៅ​ទូរទស្សន៍ BTV​។​

​មិន​នៅ​ទើ​ត្រឹម​នេះឡើយ លីហ្សា ដាក់​គោលដៅ​ច្បាស់លាស់​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​អ្នកសារព័ត៌មាន​កីឡា​ដ៏​លេចធ្លោរ​ម្នាក់​។ លីហ្សា តែងតែ​សុំ​យោបល់ និង​រៀនសូត្រ​ពី​រៀមច្បង​ជំនាញ​កីឡា​នៅ BTV ដូចជា​លោក គង់ ហួន លោក នាង សុភា​វុ​ធ  និង​លោក ង៉ែត វុទ្ធី ជាដើម​។​

​ផ្សង​ព្រេង​ក្នុង​អាជីព ដោយ​មិនមាន​និមិត្តរូប​ច្បាស់លាស់​

​បើ​រំលឹក​ពី​ការងារ​ដំបូង​ក្នុង​វិស័យ​ព័ត៌មាន​ផ្នែក​កីឡា អ្នកនាង សុខ លក្ខណ៍ ចាប់ផ្តើម​ក្នុងនាម​ជា​អ្នក​ហាត់​ការ​នៅ​វិទ្យុ​របស់​កាសែត​កោះសន្តិភាព មុននឹង​ចុះ​យក​ព័ត៌មាន​កីឡា​ដោយ​ដើរ​តាម​រៀមច្បង​ជា​បុរស​។


សុខ លក្ខណ៍ នាពេល​សម្ភាស​ដឹកនាំ​កីឡាតេក្វាន់ដូ ITF ក្នុងកម្មវិធី Sports Corner របស់ CNC

​ដោយឡែក កញ្ញា អេង លីហ្សា មានឱកាស​ប្រកប​អាជីព​នៅ​ទូរទស្សន៍ BTV ដោយសារតែ​មានការ​ណែនាំ​ពី​សំណាក់​រៀមច្បង​ម្នាក់ ដែល​បាន​ស្គាល់គ្នា​តាមរយៈ​ព្រឹត្តិការណ៍​ជិះ​កង់​។​

និមិត្តរូប​ជានា​រី​? សម្រាប់ សុខ លក្ខណ៍ និង​សុខភា​រី គ្មាន​នោះឡើយ​។ ពួកគាត់​បានចាត់ទុក​លោក ម៉ា សេរី អតីត​គ្រប់គ្រង​ព័ត៌មាន​ដ៏​ល្បីល្បាញ​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង CNC ជា​គ្រូដើម​របស់ខ្លួន និង​ជា​អ្នក​ដែល​ជំរុញ​ទឹកចិត្ត​ពួកគាត់ ឲ្យ​ស្រឡាញ់​អាជីព​នេះ​កាន់តែខ្លាំង​ឡើង​។

​សម្រាប់​លីហ្សា វិញ ហាក់​ទទួលបាន​គំរូ​ភាព​មួយចំនួន​ពី សុខ លក្ខណ៍​ដែលជា​រៀមច្បង​។ «​មុន​ចូល BTV ខ្ញុំ​ក៏​ធ្លាប់​តាមដាន​មើល​បង លក្ខណ៍ នៅ CNC ផងដែរ​។ ក្រៅពីនេះ គឺ​ការព្យាយាម​ខ្លួនឯង និង​រៀនសូត្រ​ពី​បងៗ​បុរស​»​។ នេះ​ជាការ​បញ្ជាក់​របស់​លីហ្សា​។​

​ហេតុអ្វី​បានជា​មិនសូវមាន​អ្នកកាសែត​កីឡា​ជា​ស្ត្រី​?

​ព័ត៌មាន​កីឡា​នៅ​កម្ពុជា​ស្ថិតក្នុង​ដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ​ដើម្បី​ក្លាយខ្លួនជា​ចំណី​ព័ត៌មាន​អាទិភាព​។ រយៈពេល​ចុងក្រោយ​នេះ កីឡាបាល់ទាត់ និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ ជាពិសេស​ការប្រកួត​ថ្នាក់​តំបន់​ដែលមាន​កម្ពុជា​ចូលរួម បានធ្វើ​ឲ្យ​ចំនួន​អ្នកយកព័ត៌មាន​កីឡា​មាន​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ចំនួន​ស្ត្រី​នៅមាន​តិចតួច​នៅឡើយ​។​

​តាមពិត​ទៅនេះ ជា​និន្នាការ​សកល​ទៅហើយ​។ Lesley Visser ស្ត្រី​ដំបូង​របស់​អាមេរិក ដែល​បាន​ក្លាយជា​អ្នកជំនាញ​វិភាគ​កីឡា NFL តាម​ទូរទស្សន៍ គូសបញ្ជាក់ថា អ្នកយកព័ត៌មាន​នារី​ជាទូទៅ ហាក់​មិនសូវ​ជា​ទទួលបាន​នូវ​ការស្វាគមន៍​ពី​សំណាក់​គ្រូបង្វឹក​សម្រាប់​ការផ្តល់​បទ​សម្ភាស​នោះឡើយ​។ ដោយ​រាល់​ការសម្ភាស​ផ្សេងៗ ភាគច្រើន​ឃើញតែ​នារី​អម​ជាមួយ​បុរស​ប៉ុណ្ណោះ​។

​នាង Erin Molan អ្នករាយការណ៍​ព័ត៌មាន​កីឡា​ម្នាក់​ប្រចាំ​វិទ្យុ Kiis FM នៅ​អាមេរិក បាន​លាឈប់​ពី​ការងារ ដោយសារ​ការ​ចំអកឡកឡឺយ ដោយ​អ្នកខ្លះ​សួរ​នាង​ថា តើ​នាង​ធ្លាប់មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កីឡាករ​ប៉ុន្មាន​នាក់​ក្រោយ​សម្ភាស​រួច​។ Erin បាន​ប្រាប់ news.com.au ថា ការ​ប្រឡូក​អាជីព​របស់​នាង​តែងតែ​រង​នូវ​ការ​សើចចំអក​ជាពិសេស Comment នៅលើ​បណ្តាញ​សង្គម Twitter ដោយ​អ្នកខ្លះ​ថា នាង​គួរតែ​ចូល​ជើងក្រាន​វិញ​ល្អ​ជាង​។​

​ងាក​ទៅ Erin Riley ដែល​សរសេរ​ព័ត៌មាន​កីឡា​ឲ្យ The Guardian និង Fairfax ឯណោះ​វិញ ក៏​ធ្លា​ប់រង​នូវ​ការវាយប្រហារ​ផងដែរ បន្ទាប់ពី​នាង​លើកឡើង​ពី​ភាព​ស៊ិ​ច​ស៊ី​របស់​អ្នកគាំទ្រ​នា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​មួយ​កាលពី​ឆ្នាំ​២០១៤​។ អ្នកខ្លះ​ថា នាង​មិនចេះ​កីឡា ហើយ​គួរតែ​សម្លាប់ខ្លួន ឬ​ថតរូប​ស៊ិ​ច​ស៊ី​វិញ ហើយ​អ្នកខ្លះ​ថែមទាំង​គំរាម​សម្លាប់​នាង​ទៀត​។​

​អ្នក​ចូលចិត្ត​កីឡា​មួយចំនួន​ក៏​មិនបាន​ផ្តល់ឱកាស ឬ​លើកទឹកចិត្ត​ស្ត្រី​នោះដែរ ដោយ​អ្នកខ្លះ​និយាយ​ដោយ​ជ្រេញ​ថា ហេតុអ្វី​ឲ្យ​មនុស្ស​មិនចេះ​កីឡា​សោះ​មក​និយាយ​។

​ភាព​ស៊ិ​ច​ស៊ី​ទាក់ទាញ​ជាង​ជំនាញ​អាជីព​

​កីឡាករ​គ្រី​ត​ឃី​តម្នាក់​របស់​អូស្ត្រាលី ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង នៅពេលដែល​គេ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កីឡា​ស្រី​ម្នា​ក់ថា ៖ «​ខ្ញុំ​ចង់​ឲ្យ​នាង​សម្ភាស ហេតុដូច្នេះ​ហើយ​បានជា​ខ្ញុំ​មក​ទីនេះ​។ ខ្ញុំ​ចង់ឃើញ​ភ្នែក​របស់​នាង​ជា​លើកដំបូង ពិតជា​អស្ចារ្យ​ណាស់​»​។

​ទាក់ទង​នឹង​ស្ត្រី​ក្នុង​ព័ត៌មាន​កីឡា​វិញ អ្នកកាសែត​ដូចគ្នា ក៏​ហាក់ដូចជា​មិនសូវ​មើលឃើញ​នោះដែរ កន្លងមក គេ​មិនសូវ​ឃើញ​អត្ថបទ​ដែល​សរសើរ​ពី​ការងារ​របស់​អ្នក​ទាំង​នោះឡើយ ប៉ុន្តែ​បែរជា​មាន​អត្ថបទ​ដ៏​សម្បូរបែប​ទាក់ទង​នឹង​រូប​សម្ផស្ស​។​

​ចំណងជើង​ដែល​គេ​តែងតែ​ឃើញ​ទាក់ទង​អ្នកយកព័ត៌មាន​កីឡា ដូចជា «​អ្នកកាសែត​កីឡា​ស្ត្រី​ដ៏​ស៊ិ​ច​ស៊ី​ទាំង​២០​ប្រចាំឆ្នាំ​២០១៩ »(20 Sexiest Sports Reporters of 2019) ឬ «​អ្នករាយការណ៍​ព័ត៌មាន​នារី​ដ៏​ស៊ិ​ច​ស៊ី​ជាង​ប្រចាំ​តំបន់​ជាដើម​»​។​

Maybe I'm More Than That...

​សុខភា​រី ហួសចិត្ត​យ៉ាងខ្លាំង នៅពេល​មនុស្ស​មួយចំនួន​នាំគ្នា​សើចចំអក​ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន តាមរយៈ​ការជ្រើសរើស​ជំនាញ​ព័ត៌មាន​ផ្នែក​កីឡា ក្រោយ​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​។

«​រៀន​បាន​ប៉ុណ្ណឹង​ហើយ ហេតុអ្វី​បានជា​មក​ធ្វើ​ព័ត៌មាន​កីឡា​ទៅវិញ​?»​។ សំណួរ​នេះ តែងតែ​លឺ​ពេញ​ត្រចៀក​របស់​កញ្ញា​អ្នក​ខេត្តសៀមរាប​។ ពិតណាស់​ស្ត្រី​យក​ព័ត៌មាន​កីឡា​មិនអាច​ទៅ​សម្ភាស​កីឡាករ ជាពិសេស​កីឡាករ​បាល់ទាត់​នៅ​បន្ទប់​សម្លៀកបំពាក់​ក៏ដោយ ប៉ុន្តែ​ពួកគេ​ក៏មាន​លក្ខខណ្ឌ​អនុគ្រោះ​មួយចំនួន​ដែល​ខាង​បុរស​មិនអាច​ធ្វើបាន​នោះដែរ​។​


អេង លីហ្សា និង​ក្រុម​ការងារព័ត៌មាន​កីឡារបស់ខ្លួននៅទូរទស្សន៍ BTV

«​គេ​ចូលចិត្ត​ហៅ​នាង​ខ្ញុំ​ថា​ស្រី​ស្អាត​... តើ​គេ​មាន​គិតថា​ខ្ញុំ​ក៏​ស្រី​ឆ្លាត​... Maybe I’m more than that...»​។ មិន​ខុសពី​អត្ថន័យ​បទ​ចម្រៀង «​ស្រី​ស្អាត​» ដែលជា​ការបកស្រាយ​រួមគ្នា​របស់​កញ្ញា សុខ ពិសី និង​ឡ​រ៉ា ម៉ម នោះឡើយ កញ្ញា លីហ្សា និង អ្នកនាង លក្ខណ៍ ចង់​ទទួលបាន​ការកោតសរសើ​រលើ​ចំណេះ​ជំនាញ ជាជាង​រូប​សម្ផស្ស​របស់ខ្លួន​។​

«​ទោះ​ភាគច្រើន​ខ្ញុំ​ចុះទៅ​យក​ព័ត៌មាន​តាម​ខេត្ត ដោយ​មានតែ​ស្រី​ម្នាក់ឯង​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ ពោលគឺ​តាំងចិត្ត​ឲ្យ​ដូច​អ្នកកីឡា ដើម្បី​រាយការណ៍​ព័ត៌មាន​»​។ នេះ​ជាការ​អះអាង​របស់ សុខ លក្ខណ៍ ដែល​ចូលចិត្ត​សរសរ​ភ្ជាប់​ព័ត៌មាន​កីឡា ទៅនឹង​ទេសចរណ៍​។​

​សម្រាប់ លីហ្សា ការផ្តល់​តម្លៃ​លើ​ការងារ​នេះ ហើយ ដែល​បាន​កាត់បន្ថយ​ការ​នឹក​ផ្ទះ​របស់ខ្លួន​។ «​វា​ជាការ​ផ្សងព្រេង​មួយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ជាច្រើន​បានផ្តល់​តម្លៃ ដូច្នេះ​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការងារ​នៅ BTV ហើយ​ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​អាចឈាន​ទៅ​ផលិត​ព័ត៌មាន​កីឡា​ដោយ​ខ្លួនឯង​»​។​

​នៅ​សម័យ​អ៊ី​ន​ធ័​រ​ណិ​ត​នេះ តំបន់​ពាយ័ព្យ សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​។ សុខ លក្ខណ៍ សុខភា​រី និង​លីហ្សា ទាក់ទង​ជាប្រចាំ​ទៅកាន់​គ្រួសារ​របស់ខ្លួន​។ សម្រាប់​អ្នក​ទាំងបី អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​បំផុត គឺ «​អ្នក​ម្តាយ​» ដែល​តែងតែ​លើកទឹកចិត្ត និង​គាំទ្រ​ជានិច្ច​៕



សុខភារី និងមិត្តរួមអាជីពកន្លងមក


លីហ្សា ពីកីឡាការិនីជិះកង់ ក្លាយជាកាន់កម្មវិធីកីឡា និងជាអ្នកយកព័ត៌មានកីឡា


លីហ្សា ថតរូបអនុស្សាវីយ៍ជាមួយ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា


សុខ លក្ខណ៍ និង​លោក ស៊ីថូ ណាថាន់ នាពេល​សម្ភាស​ក្រុមកីឡាករប្រដាល់កម្ពុជា


សុខភារី ជាមួយម្ចាស់មេដាយមាសអាស៊ានហ្គេម (Asian Games) ផ្នែកតេក្វាន់ដូ ស៊ន សៀវម៉ី


សុខ លក្ខណ៍ ឈរនៅពីមុខ​ផ្ទាំងកម្ម​វិធីព័ត៌មាន​កីឡារបស់ខ្លួន


សុខ លក្ខណ៍ ចុះទៅ​យកព័ត៌មានផ្ទាល់នៅខេត្តសៀមរាប និងថតជាមួយប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ


ជ័យជម្នះ​របស់​ក្រុម​កីឡាករ កីឡាការិនី ក៏ជាជោគជ័យ​របស់អ្នកកាសែតកីឡាដែរ


កាលពីប៉ុន្មានឆ្នាំមុន សុខភារី សកម្មយ៉ាងខ្លាំងក្នុងការចុះទៅយកព័ត៌មាន​កីឡាដោយផ្ទាល់

Tag:
 សារព័ត៌មាន​
  អ្នកកាសែតស្រី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម