ជាតិ
រថយន្ត
សង្គមជាតិ
អភិបាល​ខេត្តសៀមរាប ប្រកាស​ឈប់​ឱ្យ​ឡានក្រុង ឡាន​ដឹក​ដី និង​ឡាន​ដឹកទំនិញ​ធំៗ​ចូល​ក្រុង​
04, May 2019 , 1:55 pm        
រូបភាព
សៀមរាប​៖ ជាថ្មី​ម្ដងទៀត រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ហាម​រថយន្ត​ធុន​ធំៗ បើក​ចូល​ក្រុង ហើយ​តម្រូវ​ឲ្យ​រថយន្ត​ទាំងនោះ ចូល​ចត​នៅក្នុង​ចំណត​២​ទីតាំង ដែល​អាជ្ញាធរ​បានរៀបចំ​រួច ក្នុងនោះ​មាន​ចំណត​នៅ​ប៉ែក​ខាងកើត និង​ចំណត​ខាងលិច​ក្រុង​សៀមរាប​។ បម្រាម​របស់​អាជ្ញាធរ​ខេត្ត​នេះ ក្នុង​គោលបំណង​រៀបចំ​យានយន្ត និង សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បរិស្ថាន អនាម័យ​ក្នុង​ក្រុង​សៀមរាប​។​

 
​ក្នុង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប បានបង្ហាញ​ពី​កង្វល់​នានា​ដែល​ប្រជាពលរដ្ឋ​បាន​រំលោភ​ដី​ចំណីផ្លូវ​សម្រាប់​ធ្វើជា​ចំណត​យានយន្ត​ក្នុង​បំណង​បម្រើ​ផលប្រយោជន៍​អាជីវកម្ម​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សាធារណជន​ទូទៅ ទាំង​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង​ទេសចរណ៍​មួយ​នេះ​។ ដូច្នេះ​ដើម្បី​រៀបចំ​ការងារ​នេះ​ឱ្យ​ល្អប្រសើរ ពិសេស​ដើម្បី​សោភ័ណភាព បរិស្ថាន និង​អនាម័យ​តាមផ្លូវ​នោះ រដ្ឋបាលខេត្ត​បាន​ណែ​នាំឱ្យ​រថយន្ត​ដឹកទំនិញ រថយន្ត​សណ្ដោង​រ៉ឺម៉ក់ និង​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ ចូល​ចត​នៅ​ចំណត​ទាំង​២​ទីតាំង​ជា​កំហិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា​។ 
 
​ក្នុងនោះដែរ រថយន្ត​ខាងលើ​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍ និង​ចត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ឬ​បណ្ដា​ផ្លូវ​មួយចំនួន​ក្នុងភូមិ​សាស្ដ្រ​ក្រុង​សៀមរាប​ឡើយ ដោយ​ត្រូវ​ឈប់​ចត​នៅ​ចំណត​ខាងកើត និង​ខាងលិច​ក្រុង​ជំនួស​វិញ​។ ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ ឬ​ក្រុមហ៊ុន​ទេសចរណ៍ ភោជនីយដ្ឋាន មិន​អនុញ្ញាត​ឱ្យមាន​ការរំលោភ​ដី​ចំណីផ្លូវ ឬ​ទ្រូងផ្លូវ ធ្វើជា​កម្មសិទ្ធិ​ដើម្បី​ចត​យានយន្ត​គ្រប់​ប្រភេទ​។ រថយន្ត ដឹក​ដី ថ្ម ខ្សាច់ ទំនិញ ឬ​សម្ភារ​ផ្សេងៗ និង​សំរាម មិន​អនុញ្ញាតឱ្យ​ដឹក​ហួស​កម្រិត​ពី​ស្ថានភាព​ដើម​ទេ ជាពិសេស​ត្រូវ​មានការ​គ្រប​ត្រឹមត្រូវ​។ ករណី​ក្រុមហ៊ុន ដេប៉ូ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ចាំបាច់​ត្រូវធ្វើ​ចរាចរណ៍​ក្នុង​ក្រុង ដូចជា​ដឹកជញ្ជូន​ភ្ញៀវ រថយន្ត​លាយ​ស៊ីម៉ង់ត៍ ដឹក​ដី ថ្ម ខ្សាច់ ត្រូវ​ស្នើសុំ​ពី​រដ្ឋបាលខេត្ត​ដើម្បីឱ្យ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​។ នេះ​បើតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​។​
 
​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​បម្រើសេវា​ដឹកជញ្ជូន ត្រូវ​ពិនិត្យ​លទ្ធភាព​ផ្លាស់ប្ដូរ​ទីតាំង​ស្នាក់​ការលក់​សំបុត្រ ឬ​ការទទួល និង​ដឹកជញ្ជូន​ភ្ញៀវ ឱ្យមាន​ស្នាក់ការ​នៅក្នុង ឬ​ជិត​ចំណត​ទាំង​២​ខាងលើ ដោយ​មិន​អនុញ្ញាត​ឱ្យទទួល ឬ​ដឹក​ភ្ញៀវ​ក្រៅពី​ទីតាំង​ខាងលើ​ឡើយ តែ​អនុញ្ញាត​ត្រឹម​លក់​សំបុត្រ​ប៉ុណ្ណោះ​។ 
 
​សេចក្ដីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត លោក ទៀ សីហា នៅ​ថ្ងៃទី​២ ខែមេសា បង្គាប់​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ត្រូវ​ចុះ​ពិនិត្យ និង​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ដោយ​អនុវត្តតាម​គោលការណ៍​ខាងលើ​៕
 
  
 
 

Tag:
 ចរាចរណ៍
 រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com