ONE Championship
កីឡាជាតិ
ជាតិ
Alan Mccune ជា​គ្រូបង្វឹក​មួយរូប​ដែល​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​គុន​ចម្រុះ​នៅ​កម្ពុជា​
04, May 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អត្ថបទ​៖ ស៊ី​ធី 
​បើ​គេ​និយាយ​ពី​កីឡា​គុន​ចម្រុះ នោះគេ​ត្រូវ​នឹកឃើញ​ដល់​លោក Alan Mccune ដែល​បាន​បង្ហាត់​កូនសិស្ស​ជិត ១០០ នាក់​នៅ​កម្ពុជា​កន្លងមក​។ ការប្រកួត​ជើងឯក​ក្រោម ការផ្ដួចផ្ដើម​របស់​ស​ព​លោក ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡា​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន គេ​បាន​អញ្ជើញ​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​ទៅ​បង្ហាត់​ជុំគ្នា​ដើម្បី​ប្រកួត​។


​កាលនោះ​មានកូន​សិស្ស​មានឈ្មោះ​បោះ​សំឡេង​ជាច្រើន​ធ្លាប់​ហ្វឹកហាត់​ជាមួយ​លោក​ដូចជា ចាន់ សំអាត​, រិ​ន សា​រ័ត្ន​, មាស ម៉ើ និង ខុន ស៊ី​ចាន់ ជាដើម​។ លោក Alan ដែល​បង្វឹក MMA តាំងពី​ឆ្នាំ ១៩៩៦ បាន​ថ្លែងថា​៖«​ឆ្នាំ ២០១៣ ជា​ឱកាស​ដំបូង​ដែល​ខ្ញុំ​បាន​បង្វឹក​ក្បាច់គុន MMA ដល់​កូនសិស្ស​នៅ​កម្ពុជា​ក្នុង​វិធី Khmer Warrior Challenges ដែល​រៀបចំ​ដោយ ស៊ី​ធី​អិន និង MyTV ដែលមាន​រយៈពេល ៣ រដូវ​កាល​។ 
 
MMA ខុសពី​គុន​ខ្មែរ ដោយសារ​តែមាន​ក្បាច់​ច្រើន ត្រូវការ​ពេល​យូរ និង ត្រូវ​ការហាត់​បច្ចេកទេស​ជាប្រចាំ​។ ហើយ​ខ្ញុំ​ក៏​រីករាយ ដែល​បានរួម​ចំណែក​ចូលរួម​ធ្វើ​ឲ្យ MMA កម្ពុជា​មានមុខ​មាន​មាត់ និង សប្បាយចិត្ត​ធ្វើការ​នៅ​ស្រុក​ខ្មែរ​រយៈពេល ៧ ឆ្នាំ​មកនេះ​»​។ មិន​ត្រឹមតែ​បង្ហាត់​គុន​ចម្រុះ​នៅ​ក្លឹប Phnom Penh MMA លោក​ជា​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​សន្តិសុខ​អន្តរជាតិ (International Security Company) ប្រចាំ​នៅ​ភ្នំពេញ សៀមរាប និង បាត់ដំបង ដែលមាន​បុគ្គលិក​ប្រមាណ ១០០០ នាក់​។ 
 
​គ្រូបង្វឹក​វ័យ ៥១ រូបនេះ​សង្កត់ធ្ងន់ថា ៖«​កីឡាករ MMA ត្រូវតែ​ស្វែងរក​គ្រូបង្វឹក​ត្រឹមត្រូវ  និង​យល់ដឹង​អំពី​ក្បាច់គុន​នេះ មិនមែន​ចេះតែ​យកលុយ​ទិញ​បានទេ​។ ខ្ញុំ​យល់ថា កីឡាករ​ត្រូវ​ប្រកួត​ដើម្បី​លុយ ប៉ុន្តែ​គេ​ត្រូវ​ហ្វឹកហាត់​ឲ្យ​ខ្លាំង និង ត្រឹមត្រូវ​ដើម្បី​ទទួល​ជ័យជម្នះ​អមដោយ​ប្រាក់រង្វាន់​»​។​
 
​ទោះ​រវល់​នឹង​ការងារ​ក្រុមហ៊ុន​យ៉ាង​ក្ដី​លោក​មិន​បោះបង់​ការ​សាប​ព្រួស​ក្បាច់គុន MMA ដល់​កូនសិស្ស​ឡើយ ពោល​នៅតែ​ឆ្លៀត​ពេលខ្លះ​ដើម្បី​បង្ហាត់​នៅ​ក្លឹប Phnom Penh MMA​។ កូនសិស្ស​ដែល​ហ្វឹកហាត់​ជាប់លាប់​ជាមួយ​លោក គឺ ខុន ស៊ី​ចាន់​។ ក្រោយ​ផ្អាក​ឡើង​សង្វៀន​មួយរយៈ កីឡាករ​ជើងឯក Khmer Warrior Challenges រូបនេះ​បាន​លេចមុខ​លើស​ង្វៀន​វិញ​ជាពិសេស​បានបង្ហាញ​មុខ​លើ​រេញ​លំដាប់​ពិភពលោក ONE Championship ពេល​ជួប Rudy Agustian​កាល​ខែ កុម្ភៈ​នៅ​ប្រទេស​សិង្ហ​បុរី​។ 
 
​គួរ​ដឹងថា លោក Alan Mccune មក​រស់នៅ​កម្ពុជា​រយៈ ៧ ឆ្នាំ​មកហើយ និង​បាន​រៀបការ​ជាមួយ​ភរិយា​ជនជាតិខ្មែរ​ទៀតផង​។  នៅ​កម្ពុជា លោក​បង្ហាត់​គុន​ចម្រុះ​ដំបូង​នៅ​ឆ្នាំ ២០១៣ ពេល​ស្ថានីយទូរទស្សន៍​ល្បី​ក្នុងស្រុក ស៊ី​ធី​អិន និង MyTV រៀបចំ​ជើងឯក​គុន​ចម្រុះ​លើកដំបូង​មានឈ្មោះ​ថា Khmer Warrior Challenges​។ ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក លោក​មិន​ត្រឹមតែ​បង្ហាត់ គុន​ចម្រុះ​ប៉ុណ្ណោះ​ទេ​ថែមទាំង បង្ហាត់​ជី​ជិត​ស៊ូ , Kickboxing, Jeet Kune Do , និង Philipino Kali ទៀតផង​៕ 
 
 
 
 

Tag:
 MMA
  Alan Mccune
© រក្សាសិទ្ធិដោយ thmeythmey.com