សង្គមអន្តរជាតិ
អន្តរជាតិ
អាជ្ញាធរឥណ្ឌាប្តឹងអ្នកនយោបាយម្នាក់ដែលជិះសត្វលាទៅការិយាល័យបោះឆ្នោត
× បេក្ខជនឯករាជ្យម្នាក់ បានរងការចោទប្រកាន់កាលពីថ្ងៃទី១ ខែឧសភា កន្លងមក ដោយសារតែលោកបានជិះលើខ្នងសត្វលាដើម្បីទៅចុះឈ្មោះប្រជែងការបោះឆ្នោតដណ្តើមកៅអីសភាប្រជាជន ឬសភាជាន់ទាប Lok Sabha។
លោក Mani Bhushan Sharma អាយុ៤៤ឆ្នាំ បានចុះឈ្មោះធ្វើជាបេក្ខជនឯករាជ្យសម្រាប់ប្រជែងកៅអីប្រចាំក្រុង Jehanabad រដ្ឋ Bihar ក្នុងសភាប្រជាជន Lok Sabha នាថ្ងៃចុងក្រោយនៃការចុះបញ្ជីឈ្មោះបេក្ខជន។ លោកបានខកចិត្តនាការប្រកួតប្រជែង៤លើកមកហើយ ហើយកាលពីថ្ងៃចន្ទកន្លងមក លោកបានជិះលាទៅកាន់ការិយាល័យចុះឈ្មោះបេក្ខភាពសម្រាប់ការប្រកួតប្រជែងបន្តទៀត។
«យើងបានសម្រេចដាក់ពាក្យប្តឹងអ្នកនយោបាយដែលរំលោភលើមាត្រាច្បាប់ស្តីពីការទប់ស្កាត់អំពើឃោឃៅលើសត្វ»។ នេះជាការបញ្ជាក់របស់នាយប៉ូលិសនៅក្រុង Jehanabad លោក Shree Maneesh ដែលដកស្រង់ដោយ AFP ប៉ុន្តែលោកមិនបានអះអាងពីបទចោទច្បាស់ឡើយ ពីព្រោះការជិះលា និងសេះទេស ហាក់ដូចជារឿងសាមញ្ញទៅហើយនៅឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមូលដ្ឋានចង់ព្រមានអ្នកនយោបាយ ជាពិសេសការប្រព្រឹត្តមិនត្រឹមត្រូវចំពោះសត្វពាហនៈដើម្បីនយោបាយរបស់ខ្លួន។ បើផ្អែកទៅលើច្បាប់ អ្នកប្រព្រឹត្តអំពើឃោឃៅ ឬហិង្សាលើសត្វ ប្រឈមជាប់ពន្ធនាគារដល់ទៅ៧ឆ្នាំ។
លោក Sharma បាននិយាយការពារខ្លួនថា លោកជិះសត្វលាទៅការិយាល័យចុះឈ្មោះ ដើម្បីបង្ហាញពីឲ្យឃើញស្ថានភាពរួមរបស់ប្រជាពលរដ្ឋ ដែលមានផលលំបាក។ លោកបានប្រាប់ AFP ថា៖ «ពលរដ្ឋជាទូទៅប្រឹងកសាងសង្គម និងជាតិមួយឲ្យល្អប្រសើរ ដូចជាការប្រឹងប្រែងរបស់សត្វ មិនដូចជាអ្នកនយោបាយខ្លះដែលគិតគូតែពីខ្លួន។ សត្វលាជាតំណាងនៃការធ្វើការដោយប្រឹងប្រែង»។
អំណះអំណាងបែបនេះ មិនបានធ្វើឲ្យអាជ្ញាធរពេលចិត្តនោះឡើយ បន្ថែមពីលើនេះទៀត ឯកសារសុំឈរឈ្មោះបោះឆ្នោតរបស់លោកត្រូវបានច្រានចោល ដោយសារមានកង្វះខាតជាច្រើន។
ឥណ្ឌាកាលពីសប្តាហ៍មុន បានចាប់ផ្តើមការបោះឆ្នោតសម្រាប់អាសនៈសភាជាន់ទាប ដែលមានរយៈពេល៦សប្តាហ៍ ដោយលទ្ធផល នឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែឧសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com