ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កំណាយ​នៅ​ប្រាសាទអកយំ រកឃើញ​ខឿន​ប្រាសាទ​កប់​នៅក្នុង​ទំនប់​ខាងត្បូង​បារាយណ៍​ខាងលិច
04, May 2019 , 9:30 pm        
រូបភាព
​សៀមរាប​៖ ប្រាសាទអកយំ ត្រូវបាន​កសាងឡើង​នៅ​ស​.​វ​ទី​៨​។ នៅ​ស​.​តទី​១១ ព្រះមហាក្សត្រ​នៅ​សម័យ​នោះ បាន​កសាង​បារាយណ៍​ខាងលិច ដោយបាន​លើ​ទំនប់​គ្រប​មួយផ្នែក នៃ​ប្រាសាទអកយំ​។ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​ផ្នែក​ខាងជើង​នៃ​ប្រាសាទអកយំ​។ ការដ្ឋាន​កំណាយ​នោះ បាន​រកឃើញ​ស្លាកស្នាម​មួយចំនួន របស់​ប្រាសាទអកយំ រួម​នឹង​ខឿន​ប្រាសាទ ដែល​កប់​នៅក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារ​ព័ត​មាន​ថ្មីៗ​ដូចតទៅ​៖




 
​ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​។ មិន​ត្រឹមតែ​ជាការ​ស្រាវជ្រាវ​ប៉ុណ្ណោះ​ទេ កំណាយ​នេះ ធ្វើឡើង​ដើម្បី​ជាការ​សង្គ្រោះ​ប្រាសាទអកយំ ស្រប​ពេលដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​នេះ​។ លទ្ធផល​បណ្តោះអាសន្ន​ដែល​ទទួលបាន តាមរយៈ​ការធ្វើ​កំណាយ​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម នៃ​សំណល់​ខឿន​ក្រោម​បង្អស់ ឬ​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ ដែល​បាន​លុប​បាត់ ក្នុង​តួ​ទំនប់​ខាងត្បូង​បារាយណ៍​ខាងលិច កាលពី​គេ​លើក​បារាយណ៍​ទាំងមូល​នេះ​ឡើង នៅក្នុង​អំឡុង​ស​.​វ​ទី​១១​នៃ​គ​.​ស​។  
 
​បណ្ឌិត​ផ្នែក​បុរាណវិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​លើ​ការដ្ឋាន​កំណាយ​ប្រាសាទអកយំ បានឱ្យដឹងថា ក្រុមការងារ​របស់លោក កំពុង​ធ្វើ​កំណាយ​នៅ​ផ្នែក​ខាងជើង​នៃ​ប្រាសាទ​នេះ ដែល​កន្លងមក​មិនទាន់មាន​ការស្រាវជ្រាវ​បុរាណវិទ្យា ឱ្យបាន​ដិតដល់​នៅឡើយ បើទោះបីជា​មានការ​រុករក​ខឿន​ទីមួយ ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​នេះ ក្នុង​ចន្លោះ​ឆ្នាំ​១៩៣២ និង​ឆ្នាំ​១៩៣៥​។ លោក​បន្ថែមថា អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Georges Trouvé (​ហ្ស​ក ទ្រូ​វេ​) បានធ្វើ​ការងារ​ជាច្រើន សម្រាប់​ប្រាសាទ​មួយ​នេះ រហូត​ទាល់តែ​គាត់​បាន​បាត់​បង់ជីវិត​ក្នុង​ខែកក្កដា​ឆ្នាំ​១៩៣៥​។ ក្នុង​រយៈពេល​៣​ឆ្នាំ មាន​ឯកសារ​ជាច្រើន​ដែល​អ្នកស្រាវជ្រាវ​រូបនេះ បាន​បន្សល់ទុក​រហូត​មកដល់​ថ្ងៃនេះ សម្រាប់​អ្នក​ជ្រាវ​ជំនាន់​ក្រោយ រួមមាន សំណេរ​ដៃ​ក្នុង​ទិនានុប្បវត្តិ​កំណាយ (Journaux de fouilles) របាយការណ៍​ប្រចាំខែ ឯកសារ​ប្លង់​ចំនួន​៥៨​ផ្ទាំង និង​រូបថត​ចំនួន​១៣៥​សន្លឹក​។​
 
 
​តាម​ការលើកឡើង​រប​ស់លោក ជា សុជាតិ ការស្រាវជ្រាវ​របស់លោក ហ្ស​ក ទ្រូ​វេ នៅពេលនោះ គេ​អាច​ដឹងបាន​ថា ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​មាន​ប្រវែង ១០០​ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រវែង​២,៦០​ម៉ែត្រ និង​មាន​កម្រាស់​ទទឹង​ប្រវែង ៣​ម៉ែត្រ​។ រីឯ​ការស្រាវជ្រាវ​ជា​បន្ត ដែល​ធ្វើឡើង​ដោយ​លោក Christophe Pottier (​គ្រី​ស្តូ​ហ្វ ប៉ូ​ត្យេ​) ក្នុង​ឆ្នាំ ២០០១ ២០១២ និង​២០១៦ បាន​រំលេច​ឲ្យ​ឃើញ​ទិន្នន័យ​ថ្មី​ជាច្រើន​បន្ថែមទៀត នៅ​ផ្នែក​ខាងត្បូង​ប្រាសាទ និង​លើស​អំពី​អ្វីដែល​លោក ហ្ស​ក ទ្រូ​វេ ធ្លាប់​បានដឹង​។ 
 
​បើទោះបីជា​មានការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​ក៏ពិតមែន សម្រាប់​លោក ជា សុជាតិ ប្រាសាទអកយំ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​លេង​ទឹក នៅ​ជ្រុង​និរតី មិនសូវ​ទទួល​បានកា​រ​ចាប់អារម្មណ៍ ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​សិក្សា​ស្វែងយល់​បន្ថែម​នោះទេ​។ ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ សិល្បៈ សំណង់​ប្រាសាទអកយំ ដែល​សាង​អំពី​ឥដ្ឋ​ឡើងវិញ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​លើក​គម្រោង​ស្រាវជ្រាវ និង​ជួសជុល​ប្រាសាទអកយំ​ឡើង​នៅក្នុង​ឆ្នាំ​២០១៧​។ កិច្ចការ​នេះ ធ្វើឡើង​ក្នុងន័យ​ធ្វើការ​សិក្សា​បន្ត ពី​អ្នកស្រាវជ្រាវ​មុនៗ​។ ការងារ​ស្រាវជ្រាវ ផ្តោត​សំខាន់​ទៅលើ​ផ្នែក​ខាងជើង ដោយសារ​ផ្នែក​នេះ នៅ​ពុំទាន់​មាន​បុរាណ​វិទូ​ណា​ម្នាក់​បាន​ស្រាវជ្រាវ​នោះទេ​។ រីឯ​ការកំណត់​ទំហំ​ខឿន​ទីមួយ របស់​ប្រាសាទអកយំ គឺធ្វើឡើង​ដោយយោង​តាម​សំណេរ និង​រូបថត​ដ៏​តិចតួចស្តួចស្តើង ដែល​លោក ហ្ស​ក ទ្រូ​វេ បាន​បន្សល់ទុក​។ គម្រោង​នេះ មានការ​ឯកភាព​ពី​អ្នកជំនាញការ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ហើយ​បានចាប់ផ្តើម​ដំណើរការ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។​
 
​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បានចាប់ផ្តើម​នៅ​ចុងខែ មីនា ហើយ​មកដល់​ថ្ងៃទី​១២ មេសា អ្នកស្រាវជ្រាវ​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ដើម្បី​ស្វែងរក​ខឿន​ទីមួយ ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​ប្រាសាទ ជាមួយនឹង​ការ​តាំងទី​របស់​មនុស្ស នៅ​ផ្នែក​ខាងលិច​ប្រាសាទ​។ ជា​លទ្ធផល​ដំបូង អ្នកស្រាវជ្រាវ បាន​រកឃើញ​ស្លាកស្នាម​នៃ​ខឿន​ទីមួយ របស់​ប្រាសាទអកយំ នៅក្នុង​រណ្តៅ​ចំនួន​៣​។ សំណល់​ខឿន​នោះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ជម្រៅ​ចន្លោះ​ជា​មធ្យម​ពី​២០​ស​.​ម​. ទៅ​១៥០​ស​.​ម​។ បច្ចុប្បន្ន ក្រុមការងារ​កំពុង​ជីក​បន្ថែម ដោយ​រំពឹងថា នឹង​អាច​ទៅដល់​បាត​ក្រោម នៃ​ខឿន​ប្រាសាទ​នេះ ប្រសិនបើ​គ្មាន​ការរំខាន​ពី​បញ្ហា​ភ្លៀង និង​កម្រិត​ទឹក​ក្នុង​បារាយណ៍​។ រីឯ​នៅក្នុង​រណ្ដៅ​ចំនួន​៤​ធំៗ ស្ថិតនៅ​ខាងលិច​នៃ​ជ្រុង​ពាយ័ព្យ នៃ​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​វិញ អ្នកស្រាវជ្រាវ​បាន​រកឃើញ​មាន​ថ្មភ្នំ ដែលមាន​ទំហំ​ធំៗ ដែល​ការវិភាគ​បឋម ថ្ម​ទាំងអស់នោះ ត្រូវបាន​គេ​យកមក​តម្រៀប ដើម្បី​ទប់​ជើងទេរ​ផ្នែក​ខាងជើង នៃ​ទំនប់​ខាងត្បូង ហើយក៏​អាច​ប្រើ​ទប់​កុំឱ្យ​ដី​ហូរ​ច្រោះ​។ បើទោះបីជា​ដី​ដែល​គេ​លើក​យកមក​ធ្វើ​ទំនប់​នោះ ជា​ប្រភេទ​ដីឥដ្ឋ​ដែល​គេ​បង្ហាប់ មាន​ពណ៌​ប្រផេះ និង​មាន​លាយ​ខ្សាច់​ក្នុង​បរិមាណ​តិច​បំផុត​។​
 
 
​តាម​ការបញ្ជាក់​ពី​លោក ជា សុជាតិ ដោយ​យោងតាម​សិលាចារឹក​ប្រាសាទ​នេះ​ត្រូវបាន​កសាង​នៅ​ស​.​វ​ទី​៨​ក៏ពិតមែន តែ​តាម​ការស្រាវជ្រាវ​ក្រោយៗ​មកទៀត គេ​បាន​យក​ធ្យូង​ទៅ​វិភាគ ទិន្ន័យ​អាច​បង្ហាញថា ប្រាសាទ​នេះ​អាច​សង់​នៅ​ស​.​វ​ទី​៦ គឺ​ដំណាល​នឹង​ប្រាសាទ​ចាស់ៗ​មួយចំនួន មានព្រៃ​ក្មេង និង​គោក​តា​មាស​ជាដើម​។ 
 
​គួរ​បញ្ជាក់ថា គម្រោង​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ផ្នែក​ខាងជើង​ប្រាសាទអកយំ​នៅពេលនេះ គឺ​ស្រប​ពេលដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។ ការស្រាវជ្រាវ​នេះ គឺធ្វើឡើង​ទាំង​សម្រាប់​ការស្រាវជ្រាវ និង​សម្រាប់​កំណាយ​សង្គ្រោះ​ផងដែរ​។ លទ្ធផល​នៃ​ការធ្វើ​កំណាយ​នេះ នឹង​រួមចំណែក​យ៉ាង​ធំ ក្នុងការ​កំណត់​ទីតាំង​ពិតប្រាកដ ក៏ដូចជា​ជម្រៅ​របស់​សំណល់​ខឿន​ទីមួយ របស់​ប្រាសាទអកយំ​។ គម្រោង​ស្រាវជ្រាវ​នេះ គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល ខែឧសភា​នេះ​៕
 
 
 


Tag:
 ប្រវត្តិសាស្ត្រ​
 ​​​ ប្រាសាទអកយំ​
 ​ ទេសចរណ៍​
 ​ សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com