ជាតិ
សង្គមជាតិ
ក្រោយ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ចិន យុវជន​ខ្មែរ ប្តេជ្ញា​ផ្សព្វផ្សាយ និង​ជួយ​សង្គម​លើ​ផ្នែក​បច្ចេកវិទ្យា​
04, May 2019 , 3:49 pm        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​សម្រាប់​យុវជន​កម្ពុជា​នៅ​ប្រទេស​ចិន រយៈពេល ២​សប្ដាហ៍ បាន​ជំរុញ​ចិត្ត​ឲ្យ​យុវជន​ខ្មែរ មានគំនិត​ជួយ​សង្គម​កម្ពុជា​ឲ្យ​រីកចម្រើន​លើ​ផ្នែក​បច្ចេកវិទ្យា រួមទាំង​សេដ្ឋកិច្ច​ឌីជីថល​។ វគ្គ​បណ្ដុះបណ្ដាល​នេះ យុវជន​កម្ពុជា បានទទួល​ចំណេះដឹង​ច្រើន តាមរយៈ​ការធ្វើ​បទ​បង្ហាញ​របស់​ភាគី​ចិន និង​ការ​ទស្សនកិច្ច​សិក្សា​នៅតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​។


 
​ពីថ្ងៃ​ទី​១៧-៣០​មេសា តំណាង​យុវជន​កម្ពុជា​ចំនួន ២០​រូប បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​សម្រាប់​យុវជន​កម្ពុជា​នៅ​ប្រទេស​ចិន​។ វគ្គ​បណ្ដុះបណ្ដាល​អំពី​បច្ចេកវិទ្យា​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ខេត្ត​ចំនួន ៣​ក្នុងប្រទេស​ចិន គឺ​ខេត្ត​ក្វាង​ស៊ី​, ខេត្ត​ជឺ​ជាំ​ង និង​ខេត្ត​សាន​ទុង​។ មុននឹង​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​អំពី​បច្ចេកវិទ្យា យុវជន​កម្ពុជា​ទាំង​២០​រូប បាន​ស្វែងយល់​ពី​ការដឹកនាំ​សង្គម​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ភីង​, ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​-​ចិន រួមទាំង​វប្បធម៌ និង​ប្រពៃណី​។​
 
​ក្រោយ​ស្វែងយល់​លើ​ប្រធានបទ​ទាំងនេះ យុវជន​កម្ពុជា ចាប់ផ្ដើម​ស្វែងយល់​ពី​បច្ចេកវិទ្យា​ជឿនលឿន​របស់​ប្រទេស​ចិន​។ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ប្រតិភូ​យុវជន​កម្ពុជា បាន​ស្វែងយល់​ពី​បច្ចេកវិទ្យា 5G, សេដ្ឋកិច្ច​ឌីជីថល និង​សុវត្ថិភាព​តាម​បណ្ដាញ​អ៊ីនធឺណិត រួមទាំង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន China Mobile, AI Town, H3C, ក្រុមហ៊ុន Hikvision និង​ក្រុមហ៊ុន Alibaba​។  
 


​លោក អួន សុ​ភិរិន្ទ បុគ្គលិក​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង​ដៃគូ​ក្រៅប្រទេស​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា 5G ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។ យុវជន​វ័យ​២៩​ឆ្នាំ​រូបនេះ រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ខ្ញុំ​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា 5G ជាងគេ ដែល​ចិន​បាន​អនុវត្ត​លើ​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។ ក្នុង​វិស័យ​អប់រំ គេ​ប្រើ 5G ដើម្បី​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែលមាន​ល្បឿន​លឿន និង​ងាយស្រួល​ដល់​សិស្ស​នៅតាម​ជនបទ​»​។​
 


​បន្ទាប់ពី​ស្វែងយល់​លើ​បច្ចេកវិទ្យា​ជឿនលឿន​របស់​ចិន​ហើយ លោក សុ​ភិរិន្ទ និង​ប្រតិភូ​កម្ពុជា ក៏បាន​សិក្សា​ពី​ការការពារ​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។ បើតាម​លោក សុ​ភិរិន្ទ សុវត្ថិភាព​តាម​បណ្ដាញ​អ៊ីនធឺណិត ជា​មធ្យោបាយ​មួយ​ក្នុង​ការការពារ​ការវាយប្រហា​រ​តាម​បណ្ដាញ​មួយ​នេះ​។ យុវជន​ដែល​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ ជឿជាក់ថា កម្ពុជា​នឹង​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ដែល​ផ្នែក​ទាំងនេះ មាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ភាពជឿនលឿន​។ 
 
​បច្ចេកវិទ្យា​នៅ​ប្រទេស​ចិន មានការ​រីកចម្រើន ទាំង​ផ្នែក​បញ្ញា​សិប្បនិម្មិត និង​ការបង្កើត​ថ្មី​នៅ​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេងៗ​។ តួយ៉ាង​បច្ចេកវិទ្យា 5G ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុងប្រទេស​ចិន ជាពិសេស​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​នេះ ក្នុង​វិស័យ​សុខាភិបាល​, ការជួសជុល​, ការផ្សព្វផ្សាយ​, ការទិញ​ទំនិញ​, ទេសចរណ៍ និង​ការអប់រំ​។​
 
​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ២​សប្ដាហ៍​នេះ ហាក់​ខ្លី​សម្រាប់​ប្រតិភូ​យុវជន​កម្ពុជា ប៉ុន្តែ​វគ្គ​បណ្ដុះបណ្ដាល​នេះ នាំ​ឲ្យ​យុវជន​កម្ពុជា​ស្គាល់ និង​ស្វែងយល់​ពី​បច្ចេកវិទ្យា​ជាច្រើន​នៅ​ប្រទេស​ចិន​។ ក្រៅពី​សិក្សា​នៅក្នុង​ថ្នាក់​របស់​គ្រូ​ជា​ជនជាតិ​ចិន​រួចហើយ យុវជន​កម្ពុជា បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​ផងដែរ​។ 
 
​កញ្ញា ចាន់ ផល្លី​កា ដែលជា​អ្នកសម្របសម្រួល​កម្មវិធី​គោលនយោបាយ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក​ម្ពុ​ជា​រូបនេះ បញ្ជាក់ទៀតថា​៖ «​វគ្គ​បណ្ដុះបណ្ដាល​នេះ អាចធ្វើ​ឲ្យ​ខ្ញុំ អាច​ចាប់យក​ចំណុច​ណាមួយ ដើម្បី​បង្កើតជា​ប្រធានបទ សម្រាប់​ផ្សព្វផ្សាយ​ដល់​យុវជន និង​ប្រជាជន​ខ្មែរ​»​។ យុវតី​រូបនេះ បន្តថា យុវជន​កម្ពុជា ក៏បាន​រៀនសូត្រ​ពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ផងដែរ  ដែល​វា​ជា​ឱកាសល្អ ក្នុងការ​ទទួលបាន​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន និង​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​។ 
 

ទាំង​លោក សុ​ភិរិន្ទ និង​កញ្ញា ផល្លី​កា សុទ្ធតែ​បាន​ប្តេជ្ញា ផ្សព្វផ្សាយ​ដល់​មិត្តភក្តិ និង​មិត្ត​រួមការ​ងារ​ពី​សារប្រយោជន៍​នៃ​បច្ចេកវិទ្យា 5G និង​បច្ចេកវិទ្យា​ទំនើប​នៅ​ប្រទេស​ចិន​។ អ្នក​ទាំងពីរ​យល់ថា ការស្វែងយល់​ពី​បច្ចេកវិទ្យា​នេះ អាច​ឈានទៅ​ចាប់​ឱកាស​ផ្សេងៗ​នៅក្នុង​ប្រទេស​៕

Tag:
 ចិន​
  បច្ចេកវិទ្យា​
  វគ្គ​បណ្ដុះបណ្ដាល​
  យុវជន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com