វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ប្រវត្តិ​នៃ ការប្រណាំង​ប្រជែង និង​ការសហការ​ផ្នែក​អវកាស​វិទ្យា​រវាង​អាមេរិក និង​សហភាពសូវៀត​
04, May 2019 , 9:59 pm        
រូបភាព
​ក្រោយ​ពេលដែល​សង្គ្រាមលោក​លើក​ទី​២ (១៩៣៩-១៩៤៥) ត្រូវបាន​បញ្ចប់ សង្គ្រាមត្រជាក់​កើតឡើង​រវាង​សហរដ្ឋអាមេរិក និង​សហភាពសូវៀត ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា រុស្សី​។ 

​វា​ជាការ​ប្រឈមមុខ​ដាក់គ្នា​រវាង​មនោគមវិជ្ជា​របស់​ក្រុម​ប្រទេស​សេរី និង​ប្រទេស​មូលធននិយម ជាមួយនឹង​ប្រទេស​គុ​ម្មុយ​នី​ស្ត និង​ប្រទេស​សង្គមនិយម​។ ការ​ប្រជែង​ស​ព្វា​អាវុធ ជា​រឿង​មួយ​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅក្នុង​សម័យមួយ​នេះ​។ 
 
​ស្របពេល​ជាមួយគ្នា​នោះ ពាក់កណ្តាល​ទសវត្ស​ឆ្នាំ​១៩៥០ លំហ​បាន​ក្លាយជា​កន្លែង​ថ្មី​មួយ​ដែល​ប្រទេស​មហាអំណាច​បាន​ប្រើប្រាស់​ដើម្បី​បង្អួត​ភាព​អស្ចារ្យ​រៀងខ្លួន​ដែរ​។ ប្រទេស​ទាំងពីរ​បាន​លួច​មើលគ្នា​ទៅវិញទៅមក ទាញយក​ទិន្នន័យ​សំខាន់​សម្ងាត់ៗ ដែលមាន​ប្រយោជន៍​រៀងខ្លួន​។​
 
​នៅ​ឆ្នាំ​១៩៥៧ រ៉ុក្កែត របស់​រុស្ស៊ី​មួយ​ត្រូវបាន​បាន​បង្ហោះ​ផ្កាយរណប​អេ​ឡិច​ត្រូ​និ​ច​តូច​មួយ មាន​រៀង​មូល​ដែលមាន​ឈ្មោះថា Sputnik ។ Sputnik គឺជា​ផ្កាយរណប​ដំបូង​គេ​ដែល​បាន​បង្ហោះ​ឡើង ទៅក្នុង​គន្លង​ច្បាស់លាស់​មួយ​ជុំវិញ​ផែនដី​។ 
 
​អាមេរិក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់​សូ​វៀត​មួយ​នេះ​។ ដោយ​ឃើញ​ដូច​ច្នេះ អាមេរិក ក៏បាន​ប្រើប្រាស់​លំហ​សម្រាប់​បង្ហាញ​ពី​ការ​ខំប្រឹងប្រែង​របស់គេ​ផងដែរ​។ នៅ​ឆ្នាំ ១៩៥៨ អាមេរិក​បាន​បង្ហោះ​ផ្កាយរណប​របស់ខ្លួន​ដំបូង​ទៅកាន់​លំហ ដែលមាន​ឈ្មោះថា Explorer 1 ។​
 
 នៅក្នុង​ឆ្នាំ​ដដែល​នោះ លោក​ប្រធានាធិបតី Dwight Eisenhower បានប្រកាស​ឲ្យ​បង្កើត​អង្ក​ការ NASA ដែលជា​ស្ថាប័ន​ទទួលបន្ទុក​ខាង​តារាវិទ្យា និង​អវកាស​វិទ្យា​។ ក្នុង​ឆ្នាំ ១៩៥៩ សូ​វៀតបាន​បង្ហោះ​ផ្កាយរណប​ថ្មី​មួយ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ភព​ព្រះ​ចន្ទ មាន​ឈ្មោះថា Luna 2 ។ 
 
​ពីរ​ឆ្នាំ​ក្រោយមក Yuri Gagarin បុរស​សូ​វៀតទី​មួយ និង​ជាម​នុស្ស​ទីមួយ​ដែល​បានធ្វើ​ដំណើរ​ក្នុង​គន្លង​ជុំវិញ​ភពផែនដី ក្នុង​យាន​ដែលមាន​រៀងដូចជា​បំពង់​ដប​មួយ មាន​ឈ្មោះថា Vostok 1 ។ ប្រមាណ​ជា​ពីរ​ខែក្រោយ​ពេលដែល Yuri Gagarin បាន​ឡើងលើ​លំហ អាមេរិក​បាន​បង្ហោះ​អវកាសយានិក Alan Shepard ទៅក្នុង​លំហ​ដែរ (​តែ​មិនមែន​ក្នុង​គន្លង​ទេ​)​។​
 
 នៅ​ខែឧសភា ឆ្នាំ​១៩៦១ លោក​ប្រធានាធិបតី John F. Kennedy បានប្រកាស​ជា​សាធារណៈ​ថា សហរដ្ឋអាមេរិក​បង្ហោះ​មនុស្ស​ដំបូង​គេ​ទៅកាន់​ភព​ព្រះ​ចន្ទ​។ ហេតុ​ដូច​ច្នេះ បេសកកម្ម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Apollo បានចាប់កំណើត​ឡើង​។ 
 
​ក្នុង​ពេលនេះ NASA បានទទួល​ជំនួយ​ទាំង​ថវិកា និង​ធនធានមនុស្ស​យ៉ាងច្រើន​សន្ធិ​ក​សន្ធាប់​ពី​សំណាក់​រដ្ឋាភិបាល​។ នៅពេល​ជាមួយគ្នា សូ​វៀត​ក៏​កំពុង​តែមាន​វិបត្តិ​ផ្ទៃក្នុង​ចំពោះ​
​វិស័យ​អវកាស​របស់ខ្លួន​ដែរ​។ 
 
Apollo បានចាប់ផ្តើម​បន្តិច​ម្តងៗ​ជាមួយនឹង​ការធ្វើ​តេស្ត​សាកល្បង ការបាញ់​បង្ហោះ​យាន​ដោយ​គ្មាន​មនុស្ស​នៅ​ខាងក្នុង និង​ការបាញ់​បង្ហោះ​មនុស្ស​ទៅកាន់​គន្លង​ភព​ព្រះ​ចន្ទ​។ ក្នុង​ឆ្នាំ ១៩៦៩ Apollo 11 បាន​ក្លាយជា​បេសកម្ម​ជោគជ័យ​ដែល​បានដាក់​មនុស្ស​ដំបូង​គេ​នៅលើ​ផ្ទៃ​របស់​ព្រះ​ចន្ទ​។ 
 
​លោក Neil Armstrong និង​លោក Buzz Aldrin បាន​ក្លាយជា​អ្នក​ទីមួយ​ដែល​បាន​ដើរ​លើ​ភព​មួយ​នេះ​។ ក្រោយ Apollo 11 បេសកម្ម​ចំនួន​៦​ទៀត​បាន​ធ្វើឡើង​ទៅកាន់​ភព​ដដែល​នេះ​។ សារព័ត៌មាន​ជាច្រើន​បាន​តាមដាន និង​ផ្សព្វផ្សាយ​ហេតុការណ៍​ទាំងនេះ​ទៅកាន់​ពិភពលោក​។ 
 
​សូ​វៀតបាន​ពន្យារពេល​បេសកម្ម​របស់ខ្លួន​ដោយសារ​បញ្ហា​ផ្ទៃក្នុង​ជាច្រើន​។ នៅ​ឆ្នាំ​១៩៧៥ ហេតុ​ការ​មួយ​ដែល​មិនគួរ​កើតឡើង បានកើត​ឡើង​។ សហរដ្ឋអាមេរិក និង​សូ​វៀត បាន​ចាប់ដៃគ្នា​ក្នុងការ​អនុវត្ត និង​អភិវឌ្ឍ​អវកាស​វិទ្យា​ជាមួយគ្នា ដែល​គេ​ធ្វើឡើង​ក្នុង​បេសកម្ម​ថ្មី​មួយទៀត​មាន​ឈ្មោះថា Apollo-Soyuz ។​
 
​យាន​របស់​ប្រទេស​ទាំងពីរ​បាន​ភ្ជាប់​គ្នា​នៅក្នុង​លំហ ជាមួយនឹង​ការស្វាគមន៍​ចាប់ដៃ​យ៉ាង​កក់ក្តៅ​រវាង​អវកាសយានិក​មកពី​លោកខាងលិច និង​លោក​ខាងកើត​។ នេះហើយ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ «​ស្ថានីយ​អវកាស​អន្តរជាតិ​» និង​អវកាស​វិទ្យា​ដែល​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​សព្វថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com