ONE Championship
ជាតិ
​ដឹង​ទេ ថា សំ ថា​រ័ត្ន ធ្លាប់​ហ្វឹកហាត់​ក្បាច់​គ្រោះថ្នាក់​ជាមួយ Stunt Double ក្នុង​ខ្សែភាពយន្ត​របស់ Angelina Jolie ?
04, May 2019 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
មាន​មិន​ច្រើន​ទេ​ដែល ស្ត្រី​នៅ​កម្ពុជា​ចូលចិត្ត​ហាត់​ក្បាច់គុន​នោះ ប៉ុន្តែ សំ ថា​រ័ត្ន ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ក្លាហាន​ក្នុង​ការចូល​ហ្វឹក​ហាត់រៀន​ក្បាច់គុន​ល្បុក្កតោ​ជាង​១០​ឆ្នាំ​មកនេះ​។ រឿង​ដែល​គិតថា​ពិសេស​នោះ គឺ ថា​រ័ត្ន បាន​ចូលរួម​សម្ដែង​ជាមួយ Stunt Double ក្នុង​ខ្សែភាពយន្ត​មាន​ចំណងជើង​ថា «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដឹកនាំ​សម្ដែង​ដោយ​លោកស្រី Angelina Jolie  ដែលជា​តារា​Hollywood ល្បី​លំដាប់​ពិភពលោក និង ជា​អ្នកដឹកនាំ​រឿង​។ នេះ​ជា​លទ្ធផល​ផ្លែផ្កា​មួយ​ដែល​កើតចេញពី​ការតស៊ូ និង ពលី​ដើម្បី​ក្បាច់គុន​។ ក្រៅពីនោះ​មកទល់​ពេលបច្ចុប្បន្ន​នេះ សំ ថា​រ័ត្ន មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ មិន​ថា​ធ្លាប់​វ៉ៃ​លើស​ង្វៀន ONE Championship ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​បានការ​ថតកុន​ជា​ហូរហែ និង ថត​ភាពយន្ត​ឯកសារ​ចងក្រង​ល្បុក្កតោ​ទៀតផង​។



​កីឡាការិនី​វ័យ ២៨ ឆ្នាំ​រូបនេះ​រៀបរាប់​យ៉ាង​ដូច្នេះ​៖« ក្នុង​សាច់រឿង​ខាងលើ ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយ Stunt Double របស់ Thor and Captain America​។ Stunt Double ហ្នឹង​ជា​តួ​ជំនួស​ក្នុងពេល​ហក់លោត​ឬ ក្នុង​ឈុត​វ៉ៃ ឈុត​គ្រោះថ្នាក់​លោត​ពីលើ​អាគារ​ខ្ពស់ៗ​ជាដើម​។ ខ្ញុំ​បាន​ហ្វឹកហាត់​នៅ​ឆ្នាំ ២០១៥»​។  អតីត​កូនសិស្ស​លោកគ្រូ សាន គឺ​ម​ស៊ាន បន្ថែមថា សាច់​ថត​ត្រឹមតែ ១ សប្ដាហ៍​ប៉ុណ្ណោះ​នៅ​កម្ពុជា ប៉ុន្តែ គេ​បាន​ហ្វឹកហាត់​ក្បាច់​ដ៏​គ្រោះថ្នាក់​នេះ​រហូតដល់ ១​ខែ​។ កីឡាការិនី​គុន​ល្បុក្កតោ​រំលឹក​ទៀត ថា ឈុត​របស់ខ្លួន​ចេញ​ក្នុង​កុន​នោះ​មិន​ដល់​១ នាទី​ទេ ប៉ុន្តែ ថា​រ័ត្ន បាន​ប្រើ​ក្បាច់គុន​ល្បុក្កតោ​ក្នុង​រឿង​ហ្នឹង​ដែរ ហើយ ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី លោកស្រី Angelina ទៀតផង​។ 
 
​កីឡាការិនី​ដដែល​នេះ​សង្កត់ធ្ងន់ថា ៖«​គាត់ [ Angelina] ចាប់អារម្មណ៍​ខ្ញុំ​ខ្លាំង ពេល​ខ្ញុំ​ដើរតួ​ជា​សម​មិត្ត​បង ដែល​ត្រូវ​បង្រៀន​ក្មេងៗ​នៅក្នុង​អង្គការ​ឲ្យ​ចេះ​ប្រយុទ្ធ​ជាដើម​»​។ 


​សាច់រឿង​នៃ​ភាពយន្ត «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ជា​រឿង​ឆ្លុះបញ្ចាំង​ពីសារ​ពី​ប្រវត្តិ​ដ៏​ជូរចត់​របស់​ជនរងគ្រោះ​នៃ​របប​មួយ ដែល​បាត់បង់​សាច់ញាតិ និង ផ្តោតលើ​ការពិត​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។  នៅក្នុង​សាច់រឿង​នេះ ជា​សិល្បៈ និង ការច្នៃប្រឌិត​មួយ ដែល​មនុស្សម្នា​អាច​ជម្នះ និង ងើប​រើ​ពី​ការឈឺចាប់​ផ្លូវចិត្ត ពេល​ពួក គេ​បាន​ពើបប្រទះ និង ពេល​ប្រឈមមុខ​នឹង​រឿងរ៉ាវ ដែល​បាន​កើតឡើង​សម័យ​ខ្មែរក្រហម​។ រឿងនេះ​ត្រូវបាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ ២០១៧​។ 
 
​គួររំលឹកថា សំ ថា​រ័ត្ន ធ្លាប់​វ៉ៃ​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ចំនួន ៦ លើក​ដែល​ក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ចំនួន ២ លើក​។ នៅលើ​សង្វៀន ONE Championship ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា «Little Frog»​។ ការដែល សំ ថា​រ័ត្ន អាច​ក្លាយជា​តួអង្គ​ស្រី វ៉ៃ​កាប់​ចាក់ ឬ តាម​ចរិតលក្ខណៈ​នៃ​រឿង​ចង់បាន​នោះ ដោយសារតែ​រូបគេ​មាន​គ្រឹះ​ហាត់​ក្បាច់គុន​ល្បុក្កតោ​ជាង ១០ ឆ្នាំ​មកហើយ ដែល​ក្នុងនោះ​គ្រូដើម​របស់គេ​តាំងពី គ្រូ​តា សាន គឹមស៊ាន និង លោក ហុក ឈាង​គីម ជាដើម​៕ 
 
​អត្ថបទ​៖ ស៊ី​ធី  

© រក្សាសិទ្ធិដោយ thmeythmey.com