ជាតិ
សេដ្ឋកិច្ច
សមាគម​ស្ករត្នោត​កំពង់ស្ពឺ គ្រោង​ពង្រីក​តំបន់​ផលិត​បន្ថែម ក្រោយ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​
04, May 2019 , 8:39 pm        
រូបភាព
​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​គ្រោង​ពង្រីក​តំបន់​ផលិត​ស្ករត្នោត​បន្ថែម ខណៈ​មាន​ការបញ្ជាទិញ​ច្រើន ពី​សំណាក់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ក្រោយ​សហភាព​អ៊ឺរ៉ុប​ទទួលស្គាល់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ កាលពីដើម​ខែមេសា ឆ្នាំ​២០១៩​នេះ​។

 
​លោក សំ សារឿន ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ គ្រោង​នឹង​ស្នើរ​សុំ​ទៅកាន់​ក្រសួង​ពាណ​ជ្ជ​កម្ម ដើម្បី​ពង្រីក​តំបន់​ផលិត​ស្ករត្នោត​បន្ថែមទៀត ក្រោយ​ទទួលបាន​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ជា​ផ្លូវការ ពី​សហភាព​អ៊ឺរ៉ុប​។​
 
​លោក​បាន​និយាយថា​៖« ខ្ញុំ​គ្រោង ឆ្នាំ ២០២០ ទៅ ២០២៥ ក្រោយពេល​ប្រកាស​ជា​សាធារណៈ​នៅ​ស្ថានទូត​អ៊ឺរ៉ុប​ប្រចាំ​នៅ​ភ្នំពេញ​នេះហើយ យើង​នឹង​ចាប់ផ្ដើម​ពង្រីក​តំបន់ ចំនួន​សមាជិក ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​ឲ្យ​បាន​ច្រើន​។ ក្រោយពី​យើង​ជួប​បញ្ហា​ការផ្គត់ផ្គង់​ខ្វះ​ចំនួន ដូច្នេះ​យើង​នឹង​សុំ​ពង្រីក​តំបន់​បន្ថែម​ទៅ​នាយកដ្ឋាន ហើយ​មុននឹង​យើង​ស្នើ​ទៅ​នាយកដ្ឋាន យើង​នឹង​ពិនិត្យ​ទាំងអស់​ឲ្យ​ស្របទៅតាម​សៀវភៅ​បន្ទុក ហើយនឹង​ដាក់ពាក្យ​ស្នើ​ទៅ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា (​ការិយាល័យ GI)»​។ 
 
 
​លោក សារឿន បាន​បន្តថា ក្រោយ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (PGI) ពី​សហភាព​អ៊ឺរ៉ុប ស្ករត្នោត​កំពង់ស្ពឺ​មាន​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន ចន្លោះ​ពី ៥ ទៅ ៧ តោន​ក្នុង​មួយថ្ងៃ ដែល​កើនឡើង​ប្រមាណ​៥​ដង​។  បើតាម​លោក សារឿន ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​បាន​ទាក់ទង​សុំ​បញ្ជា​ទិញ​ស្ករត្នោត ប៉ុន្តែ​ត្រូវ​លោក​បដិសេធចោល ខណៈ​បច្ចុប្បន្ន​សហគមន៍​អាច​ផលិត​ស្ករត្នោត​បាន​ត្រឹម ១ តោន​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ 
 
​បច្ចុប្បន្ន​មាន​អ្នក​ឡើងត្នោត​ចំនួន ១៦៨ នាក់ ហើយ​មាន​ក្រុមហ៊ុន​ចំនួន ១០​ក្រុមហ៊ុន ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហគម​ក្នុង​ការទិញ​ស្ករត្នោត​។ ក្នុង​ត្រីមាស ដើមឆ្នាំ​២០១៩​នេះ សហគមន៍​អាច​ផលិត​បាន ១០០​តោន​។ 
 
​ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បាន​និយាយថា សមាគម​គ្រោង​ផលិត​ស្ករត្នោត​ឲ្យ​បាន​ចំនួន ៣៥០ តោន​ក្នុង​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​វា​ទំនង​មិនអាច​ធ្វើបាន ទៅតាម​ការរំពឹងទុក​ឡើយ ព្រោះ​សហគម​នៅ​ជួប​បញ្ហា​ច្រើន ដូចជា​កង្វះ​កម្លាំង​ផលិត និង​ជាពិសេស​គ្រោះរាំងស្ងួត​។ 
 
​លោក​បាន​និយាយថា​៖« ក្នុង​មួយថ្ងៃ​សហគមន៍​ត្រូវ​ផលិត​ស្ករត្នោត ៣ តោន​ទើប​អាច​ផ្គត់​ផ្គង​គ្រប់​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ដោយមាន​ការប្រែប្រួល​អាកាសធាតុ និង​ការផលិត​ក៏​ពិបាក ព្រោះ​ទាមទារ​ឲ្យ​កសិករ​ត្រូវតែ​គោរព​តាម​បទដ្ឋាន​ស្ដង់ដា (​សៀវភៅ​បន្ទុក​របស់​សមាគម​) ក្នុងការ​ធានា​នូវ​គុណភាព​»​។ 
 
​ក្រោយ​ចុះបញ្ជី​សម្គាល់​ម៉ាក​ភូមិសាស្ត្រ​រួចមក តម្លៃ​នៃ​ស្ករត្នោត បាន​ឡើងដល់ ៦​ពាន់ រៀល ឬ ៨​ពាន់​រៀល ក្នុង​មួយ​គីឡូ ខណៈ​ពីមុន​អាច​លក់បាន​ក្នុងតម្លៃ ២០០០ ទៅ ២៥០០ រៀល​ប៉ុណ្ណោះ ។ នេះ​បើតាម​លោក សំអឿន​។​
 
​លោក ហៃ លី​អ៊ាង ស្ថាបនិក​ក្រុមហ៊ុន Confirel ជា​ក្រុមហ៊ុន​ក្នុងស្រុក ដែល​ទទួល​ទិញ​ស្ករត្នោត​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា បាន​និយាយថា ការទទួលស្គាល់​របស់​សហភាព​អ៊ឺរ៉ុប​នេះ បាន​ជួយ​ឲ្យ​ស្ករត្នោត​កំពង់ស្ពឺ​កាន់តែ​មាន​ទំនុកចិត្ត​លើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ជួយ​បង្កើន​តម្លៃ​លើ​ផលិត​កសិកម្ម​កម្ពុជា​។​
 
​លោក​បាន​លើកឡើងថា​៖« ការចុះបញ្ជី​ទទួលស្គាល​ភូមិសាស្ត្រ​នេះ​បាន​ជួយ​ឲ្យ​ស្ករត្នោត​ទទួលបាន​តម្លៃ​ខ្ពស់ និង​ជួយ​ប​ង្រី​ក​ទីផ្សារ​កាន់តែ​ធំ​ផងដែរ​។ លើសពីនេះ​បាន​ជួយ​ដល់​កសិករ​ក្នុងការ​បង្កើន​ចំណូល​តាមរយៈ​ការផលិត​ស្ករត្នោត ព្រោះ​មាន​ទីផ្សារ​ល្អ​»​។ 
 
​ក្រុមហ៊ុន Confirel បាន​ទិញ​ស្ករត្នោត​កំពង់ស្ពឺ ១២០ តោន កាលពី​ឆ្នាំ​២០១៨​។ ហើយ​បាន​នាំចេញ​៦០​ភាគរយ ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ​មាន សហភាព​អ៊ឺរ៉ុប អាមេរិក និង​ជប៉ុន​។ 
 
​លោក អ៊ា​ដ  រ៉ា​ឌី  នាយក​ផ្នែក​កម្ម​សិ​ទិ្ធ​បញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម បាន​និយាយថា ការទទួលស្គាល់​ម៉ាក សម្គាល់​ភូមិសាស្ត្រ​នេះ បាន​ជួយ​ការពារ​ផលិតផល​ស្ករត្នោត​កម្ពុជា ពី​ការលួចបន្លំ​ម៉ាក​សញ្ញា និង​ជួយ​ជំរុញ​ដល់​ការប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ជួយ​បង្កើន​តម្លៃ​ផលិតផល​ទៀតផង​។ 
 
​លោក​បាន​និយាយថា​៖«​ក្រសួង​បានដាក់​លិខិត​ស្នើសុំ​ការទទួលស្គាល់​បញ្ជី​សម្គាល់​ភូមិសាស្ត្រ​លើ​ស្ករត្នោត​កំពង​ស្ពឺ​តាំងពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ទើប​ទទួលបាន​នៅ​ដើមខែ ៤ ឆ្នាំ​២០១៩​នេះ​»​។ 
 
​លោក​បន្ថែមថា ក្រសួង​កំពុង​ពិនិត្យមើល​លើ​លទ្ធភាព​ផលិតផល​ក្នុងស្រុក​មួយចំនួន ដើម្បី​ស្នើសុំ​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​បន្ថែមទៀត​។ 
 
​បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​ចុះបញ្ជី​សម្គាល់​ម៉ាក​ភូមិសាស្ត្រ​លើ​ផលិតផល​ចំនួន ៣ ក្នុងនោះ​មាន​ពីរ​ផលិត គឺ​ម្រេច​កំពត និង​ស្ករត្នោត​កំពង​ស្ពឺ បាន​ចុះ​ជា​លក្ខណៈ​អន្តរជាតិ និង​ក្រូចថ្លុង​កោះ​ទ្រ​ង ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ​នៅឡើយ​។ 
 
​គួរ​បញ្ជាក់ថា សមាគម​ស្ករត្នោត​កំពង់ស្ពឺ បាន​ផលិត​ស្ករ​២០០​តោន កាលពី ២០១៧​និង​ឆ្នាំ ២០១៨ ចំនួន​២៥០​តោន ។ ស្ករត្នោត​កំពង់ស្ពឺ​ជា​ផលិតផល​ទី​២​ហើយ បន្ទាប់ពី​ម្រេច​កំពត​ដែល​ត្រូវ​ទទួលបាន​ការចុះបញ្ជី​ម៉ាក​ស្គាល់​ភូមិសាស្ត្រ កាលពី​ឆ្នាំ​២០១៦៕ 
 
 
 

 

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com