ភ្នំពេញ៖ ចន្លោះអាយុពី០ឆ្នាំដល់៦ឆ្នាំ ជាវ័យសំខាន់បំផុតរបស់ខួរក្បាលកុមារ ក្នុងការពង្រឹង និងប្រើប្រាស់ខួរក្បាលទាំងពីរផ្នែក។ ក្នុងរយៈពេលនេះ មាតាបិតាត្រូវតែចេះ និងដឹងអំពីការថែរក្សាបីបាច់កូនតូច។ ដូច្នេះហើយ ទើបបានជាមាតាបិតាដែលប្រាថ្នាឱ្យកូនរបស់ខ្លួន មានសមត្ថភាពប្រើប្រាស់ខួរក្បាលទាំងពីរបានល្អ ឆ្លៀតមកចូលរួមកម្មវិធីសិក្ខាសាលាស្ដីពីគុណភាពជីវិតកុមារ។
ដើម្បីដឹងច្បាស់ថាមាតាមួយចំនួនមានទម្លាប់អប់រំកូនយ៉ាងណា ហើយថាតើវិធីសាស្ត្របង្រៀននិងបង្វឹកខួរក្បាលកុមារតាំងពីតូច ដែលសិក្ខាសាលាបានបង្ហាញ មានអ្វីខ្លះ តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
សិក្ខាសាលាស្ដីពីគុណភាពជីវិតកុមារ ក្រោមប្រធានបទ «ការអប់រំខួរក្បាលទាំងសងខាង និងអប់រំបុត្រធីតាឱ្យក្លាយជាអ្នកដឹកនាំសកល» ដែលរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅ បានទាក់ទាញចិត្តមាតាបិតាជាច្រើន ឱ្យនាំកូនមកចូលរួម។ សិក្ខាសាលានេះ ផ្ដោតសំខាន់ទៅលើការអប់រំខួរក្បាលទាំងឆ្វេងនិងស្ដាំ របស់កុមារពីអាយុ០ឆ្នាំដល់៦ឆ្នាំ។
អង្គុយក្នុងសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្នែកខាងក្រោយ អ្នកស្រី អ៊ំ ខេមា ចូលរួមកម្មវិធីនេះ ដើម្បីផ្ទៀងផ្ទាត់ថា តើការអប់រំកូនរបស់ខ្លួនរាល់ថ្ងៃ ដូចទៅនឹងការបង្ហាញរបស់អ្នកជំនាញក្នុងកម្មវិធីដែរឬទេ? ដោយសារតែអ្នកម្ដាយរូបនេះ ក៏ជាគ្រូបង្រៀនមួយរូប និងធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីតម្រូវការរបស់កុមារតូច ទើបបានជាអ្នកស្រី យល់ពីអារម្មណ៍កូនច្រើន។ តែទោះជាយ៉ាងណា អ្នកម្ដាយវ័យ៣៨ឆ្នាំរូបនេះ ទទួលស្គាល់ថា មានរឿងមួយចំនួន ខ្លួននៅធ្វើមិនទាន់បានល្អនៅឡើយ។ អ្នកស្រី បញ្ជាក់ថា៖«ឪពុកម្ដាយត្រូវជាគំរូល្អដល់កូន ទាំងផ្លូវចិត្ត និងផ្លូវកាយ។ កូនមានការវិវឌ្ឍលឿន តាំងពីអាយុ០ឆ្នាំ ឡើងទៅ។ ម្ដាយមានការលំបាកមែនទែន។ ពេលខ្លះយើងខឹង យើងចង់បង្ហាញការខឹង តែយើងពិបាកក្នុងការបង្ហាញ ព្រោះយើងបារម្ភថា ទង្វើ ឬសកម្មភាពរបស់យើងហ្នឹង ជាគំរូរបស់ពួកគាត់។ ដូច្នេះពេលកូននៅក្នុងពោះ ឪពុកម្ដាយ គឺត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ បើអារម្មណ៍យើងមិនល្អ គឺវាប៉ះពាល់ដល់ទារក»។
ឆ្លើយតបមកកាន់ខ្ញុំ ស្រពពេលវាគ្មិនកំពុងឆ្លើយសំណួររបស់អ្នកចូលរួមដទៃទៀតដែរនោះ អ្នកម្ដាយម្នាក់នេះ ថាពេលកូនរបស់ខ្លួនរឹងចចេស អ្នកស្រីពិចារណាពីរផ្លូវ។ អ្នកស្រីបន្ថែមដូច្នេះ៖«ពេលខ្លះគាត់រឹងរូស ហើយភាពរឹងរូសនោះ យើងអាចគិតក្នុងន័យពីរ គឺអវិជ្ជមាន និងវិជ្ជមាន។ វិជ្ជមានមានន័យថា គាត់ជាមនុស្សដែលឆ្លាត។ សម្រាប់ជនជាតិខ្មែរយើង គិតថានៅពេលដែលក្មេងមានការជជែកតវ៉ា ថារឹងរូស តែសម្រាប់បរទេសវិញ គាត់គិតថាក្មេងគាត់ចាប់ផ្ដើមក្លាយជាម្ចាស់លើខ្លួនឯង គឺគាត់ចេះគិត ចេះពិចារណា»។
ហាក់នៅទ្រឹងគិតបន្តិច នារីដែលរស់នៅភ្នំពេញរូនេះ បានទទួលចំណេះដឹងថ្មី ពីសិក្ខាសាលានេះ គឺការជំរុញលើកទឹកចិត្តកូន ដើម្បីឱ្យពួកគេចាប់ផ្ដើមដាក់គោលដៅសម្រាប់ខ្លួនឯង។ នាងបញ្ជាក់ថា៖«អ្វីដែលខ្ញុំរៀនបាននៅពេលនេះ គឺរបៀបនៃការជំរុញលើកទឹកចិត្តកូន ថាតើយើងគួរតែលើកទឹកចិត្តគាត់យ៉ាងម៉េច ឱ្យគាត់មានមហិច្ឆតា។ មានន័យថា កូនគឺជាមនុស្សដែលមានសក្តានុពល ជាមនុស្សដែលមានសមត្ថភាព គឺធ្វើយ៉ាងណា ឱ្យកូនបញ្ចេញសមត្ថភាពរបស់ខ្លួនបាន ដើម្បីចូលរួមជួយពិភពលោក។ គាត់ជាមនុស្សដែលមានសមត្ថភាពពីកំណើតហើយ តែយើងមិនបានជំរុញទឹកចិត្តគាត់ យើងមិនបានគាស់កំណប់របស់គាត់ គឺធ្វើឱ្យវានៅជាប់ក្នុងខ្លួនមិនអាចប្រើការបាន»។
នាយិកាមណ្ឌលអប់រំកុមារតូច Shichida បានលើកឡើយថា តាមការស្រាវជ្រាវមនុស្សនាពេលបច្ចុប្បន្ន ភាគច្រើនប្រើប្រាស់ខួរក្បាលខាងឆ្វេង ច្រើនជាងខាងស្ដាំ។ ការណ៍នេះដោយសារតែមនុស្ស បានបណ្ដោយឱ្យដំណាក់កាលដ៏សំខាន់បំផុត នៃការអភិវឌ្ឍខួរក្បាលរបស់កុមារបានកន្លងផុត។ នាយិការរូបនេះបន្ថែម៖«តាមការស្រាវជ្រាវ មនុស្សឥឡូវភាគច្រើន ប្រើបានតែខួរក្បាលខាងឆ្វេង ច្រើនជាងខាងស្ដាំ។ ប្រើបានតែខាងឆ្វេងហ្នឹង ដោយសារតែភាគច្រើន យើងយល់ច្រឡំថា ក្មេងចាំអាយុច្រើនបន្តិច ចាំអាយុ៦ឆ្នាំ ចាំទៅរៀន។ ដូច្នេះវាហួសដំណាក់កាល ដែលត្រូវអភិវឌ្ឍន៍ខួរក្បាលផ្នែកខាងស្ដាំហើយ។ មានន័យថា យើងមិនបានប្រើប្រាស់ខួរក្បាលទាំងពីផ្នែកស្មើគ្នាទេ តាំងពីកូននៅតូច។ ការអប់រំសម្រាប់មនុស្សជំនាន់ថ្មីនេះ ធ្វើយ៉ាងណា ឱ្យគាត់អាចប្រើប្រាស់ខួរក្បាលទាំងសងខាងបាន»។
ជាម្ដាយពពោះកូនក្នុងផ្ទៃ ដែលជិតគ្រប់ខែ គឺអ្នកស្រី ហូរ លីគា។ ធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសុខភាពផ្លូវកាយ និងផ្លូវចិត្តម្ដាយ ក្នុងអំឡុងពេលមានផ្ទៃពោះ ពីពេលកន្លងមកច្រើនដែរ នារីមកពីខេត្តក្រចេះរូបនេះ ថាសិក្ខាសាលានេះពិតជាល្អ សម្រាប់ឱ្យម្ដាយដែលកំពុងពពោះ ត្រៀមខ្លួនទុកជាមុន។ អ្នកស្រីបន្ថែម៖«ខ្ញុំគិតថាល្អសម្រាប់អ្នកដែលមានផ្ទៃពោះ គឺអាចត្រៀមខ្លួនមុនបាន ថាយើងមានតួនាទីយ៉ាងណា ក្នុងការអប់រំកូន ដឹងថាមានកត្តាច្រើន ដែលជះឥទ្ធិពលទៅលើកូន។ ប៉ុន្តែឪពុកម្ដាយ ជាអ្នកជះឥទ្ធិពល ទៅលើជីវភាពរស់នៅរបស់កូន និងទៅលើឥរិយាបទរបស់កូនទាំងអស់»។
អង្គុយម្នាក់ឯង ក្នុងចំណោមម្ដាយឪពុកផ្សេងទៀត អ្នកស្រី លីគា និយាយអមដោយកាយវិការ លើកដៃចុះឡើង សម្រួលដល់លំហូរគំនិតផងនោះ មានក្ដីប្រាថ្នា ឱ្យកូនលុះដោយដំបូន្មាន ហើយគាត់ព្យាយាមអានសៀវភៅ ឱ្យកូនស្ដាប់រាល់ថ្ងៃ ក្នុងពេលមានមានផ្ទៃពោះនេះ។ អ្នកស្រី លីគាបន្ថែម៖«ធម្មតាយើងជាម្ដាយតែងតែចង់ឱ្យកូនមានភាពវ័យឆ្លាត ខួរក្បាលល្អ ចង់ឱ្យគាត់ជាពលរដ្ឋល្អក្នុងសង្គម និយាយចេះស្ដាប់គ្នា។ ចង់ឱ្យគាត់ជាមនុស្សមានគោលដៅច្បាស់លាស់ក្នុងជីវិត។ រាល់ថ្ងៃនេះ ខ្ញុំអានសៀវភៅរឿងឱ្យកូនខ្ញុំស្ដាប់ដែរ»។
ហាក់ដូចជាយល់ច្រើន ពីការអប់រំកូនអ្នកនាង លីគា ដែលជាមន្ត្រីរាជការ បានតាំងចិត្តរកវិធីដុសខាត់កូន ឱ្យទៅជាមនុស្សល្អ តាំងពីនៅក្នុងផ្ទៃ។ តែទោះជាយ៉ាងណា អ្នកនាងនៅតែព្រួយបារម្ភ ពេលដែលកូនធំ។ អ្នកម្តាយរូបនេះពន្យល់ដូច្នេះ៖«កូនក្មេង នៅពេលដែលយើងផ្ដល់នៅភាពកក់ក្ដៅឱ្យគាត់ ផ្ដល់នូវក្ដីស្រឡាញ់ដល់គាត់ គឺគាត់ទទួលបាននូវអារម្មណ៍នេះហើយ។ យើងអានសៀវភៅឱ្យគាត់ស្ដាប់ ដូចជាការដុសខាត់គាត់ពីតូចទៅ។ បើសិនជាយើងចេះតែឱ្យគាត់លេងទូរសព្ទ គឺមិនល្អទេ។ អ្វីដែលខ្ញុំបារម្ភគឺ ពេលដែលនៅផ្ទះជាមួយយើងមិនអីទេ តែពេលយើងទៅធ្វើការបាត់ គាត់នៅជាមួយអ្នកមើលថែ តើគេមានឥរិយាបទបែបណា»។
ងាកមកអ្នកម្ដាយវ័យក្មេង ដែលមានកូនប្រុសអាយុជាងមួយខួប និងមានកូនក្នុងផ្ទៃម្នាក់ទៀត គឺអ្នកស្រី សុខ ចាន់ធី។ មកជាមួយស្វាមី ដែលអង្គុយនៅខាងស្ដាំដៃ អ្នកម្ដាយរូបនេះបានឃើញពីផលប៉ះពាល់ពេលឱ្យកូនមើលទូរសព្ទ ហើយនាងក៏បានព្យាយាមប្ដូរទម្លាប់របស់គេបានដោយជោគជ័យដែរ។ អ្នកស្រី សុខ ចាន់ធីបញ្ជាក់ថា៖«រយៈពេលដែលកូននៅតូច មិនគួរឱ្យមើលទូរសព្ទ ឬទូរទស្សន៍ច្រើនពេកទេ ព្រោះវាប៉ះពាល់ដល់ខួរក្បាល វាធ្វើឱ្យក្មេងមិនឆ្លាត។ ពីមុនខ្ញុំ ធ្លាប់ឱ្យកូនមើលទូរសព្ទដែរ ព្រោះមិនដឹង តែឥឡូវឈប់ឱ្យគាត់មើលហើយ ព្រោះខ្លាចគាត់មិនចាប់អារម្មណ៍លើអ្វី ដែលយើងបង្រៀនគាត់។ ខូចដែរហ្នឹង គាត់យំ តែដល់យើងប្រាប់គាត់ថាខូចភ្នែក គាត់អាចយល់បាន»។
ទោះជាយ៉ាងណានារីរូបស្រស់ ចាន់ធី ដែលមានអាយុ ២៥ឆ្នាំរូបនេះ ចង់ឱ្យអ្នកជំនាញផ្នែកអប់រំខួរក្បាលកុមារតូច ប្រាប់ពីតួនាទីរបស់ខួរក្បាលទាំងពីរផ្នែក។ អ្នកស្រីថា៖«ចង់ឱ្យគាត់ប្រាប់ពីខួរក្បាលខាងឆ្វេងខាងស្ដាំ របស់កូនយើង ថាអត្ថប្រយោជន៍វាមានអ្វីខ្លះ»។
ឆ្លើយតបទៅអ្នកម្ដាយវ័យក្មេងខាងលើ អ្នកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូច Shichida ពន្យល់ដូច្នេះ៖«ខួរក្បាលខាងឆ្វេង របៀបនៃការប្រមូលព័ត៌មាន ដោយការខំទន្ទេញ ឬមើលអ្វីបន្តិចម្ដងៗ ប៉ុន្តែសម្រាប់ខួរក្បាលខាងស្ដាំ របៀបនៃការចាប់យកព័ត៌មាន តាមរយៈរូបភាព ហើយគាត់អាចដាក់ព័ត៌មានបានច្រើន ក្នុងពេលតែមួយ។ ខួរក្បាលខាងស្ដាំ វាធ្វើការខ្លាំងណាស់ តាំងពីកូននៅក្នុងពោះ រហូតដល់អាយុ៦ឆ្នាំ។ តែចាប់ពីអាយុ៦ឆ្នាំទៅ មុខងារខួរក្បាលខាងស្ដាំ ចាប់ផ្ដើមអន់ថយបន្តិចហើយ»។
អ្នកជំនាញរូបនេះឧទាហរណ៍បន្ថែម ៖«ខ្ញុំឧទាហរណ៍ពីការអានសៀវភៅ យើងប្រើតែខួរក្បាលខាងឆ្វេងអាន យើងខំប្រឹងទន្ទេញ ខំប្រឹងមើលណាស់ តែភាគច្រើនខួរក្បាលខាងឆ្វេង យើងមិនសូវចាំបានច្រើនទេ។ ប៉ុន្តែបើយើងប្រើខួរក្បាលទាំងសងខាង មានន័យថាប្រើទាំងរូបភាពផង ធ្វើឱ្យខួរក្បាលរបស់យើងឆាប់ចាប់បាន។ ដូច្នេះហើយទើបបានជាក្មេងខ្លះទោះបីគាត់មិនសូវចាំ មិនចេះអានអក្សរមែន តែគាត់អាចនិយាយបានថា អូ! មានអ្វីកើតឡើង នៅពេលដែលគាត់បានស្ដាប់ឮ តែម្ដង ឬពីរដង»។
គំរូរបស់អាណាព្យាបាលពិតជាសំខាន់ និងជះឥទ្ធិពលខ្លាំងដល់កូន។ នេះជាការបញ្ជាក់របស់ អ្នកស្រី ម៉ុន្ថា ៖«ការនិទានរឿងរបស់បុគ្គលល្បីៗលើពិភពលោក ឬបុគ្គលល្បីៗនៅក្នុងស្រុកខ្មែរ ដែលមានស្នាដៃពិសេសៗមួយចំនួន ពេលខ្លះវិធីនេះ មិនមាននៅក្នុងសាលាទេ។ បើសិនជាយើងខឹង របៀបយើងឆ្លើយតបយ៉ាងម៉េចទៅកូន គាត់មើលឃើញគំរូរបស់យើង គាត់ឆ្លើយតបទៅតាមហ្នឹងដែរ។ បើយើងឆ្លើយតបទៅដោយការវ៉ៃ កូនហ្នឹងធំឡើង របៀបដោះស្រាយបញ្ហារបស់គាត់ នឹកឃើញតែរឿងវ៉ៃ តែការស្ដីបន្ទោសអ្នកដទៃ។ ប៉ុន្តែការអប់រំរបស់យើង គឺយើងត្រូវឆ្លុះបញ្ចាំងខ្លួនយើង ឱ្យបានល្អប្រសើរ»។
ការអភិវឌ្ឍខួរក្បាលកុមារតូច មិនមែនពឹងតែទៅលើសាលាតែមួយមុខនោះទេ តែទំនាក់ទំនងរវាងមាតាបិតាទៅកាន់កូន ពិតជាមានសារសំខាន់បំផុត ក្នុងការដុសខាត់ការគិតរបស់ពួកគេ។ អ្នកស្រី បញ្ជាក់ដូច្នេះ៖«គ្រាន់តែនៅក្បែរកូន ហើយសួរគាត់ថា កូនរៀនរាល់ថ្ងៃដើម្បីអ្វី? កូនធំឡើងចង់ធ្វើអ្វី? ឥរិយាបទរបស់គាត់ មានទាំងខុសឆ្គង មានទាំងល្អ ព្រោះគាត់រៀនបានពីគំរូរបស់យើងសព្វបែបយ៉ាង។ មិនមែនមានន័យថា យើងត្រូវតែបង្រៀន ក. ខ. បង្រៀនលេខឱ្យគាត់ទេ តែបង្រៀនពីរបៀបរស់នៅក្នុងសង្គម បង្រៀនពីរបៀបធ្វើការជាមួយអ្នកដទៃក្នុងសង្គម»។
ខួរក្បាលមនុស្សមានពីរផ្នែក គឺផ្នែកខាងឆ្វេង នឹងផ្នែកខាងស្ដាំ ហើយផ្នែកនីមួយៗ មានតួនាទីផ្សេងគ្នា។ ខួរក្បាលផ្នែកខាងស្ដាំ មានឯកទេសផ្ដោតលើការបង្កើតថ្មី ឯខួរក្បាលខាងឆ្វេង មានឯកទេស ផ្ដោតលើភាពតក្ក ឬវិទ្យាសាស្ត្រពិត។ នេះបើតាមការរកឃើញ របស់សាស្ត្រាចារ្យ Roger Sperry ដែលបានទទួលពានរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្រ ក្នុងឆ្នាំ១៩៨១ ចំពោះរបកគំហើញនេះ។
ជាការពិតណាស់ ការអភិវឌ្ឍខួរក្បាលពិតជាមានសារៈសំខាន់ណាស់ ចំពោះការរីកចម្រើន និងអនាគតរបស់កុមារ។ ការអប់រំកុមារ និងការចិញ្ចឹមបីបាច់ តាមរយៈការផ្ដល់ការថែទាំ និង របបអាហារឱ្យបានត្រឹមត្រូវ ពិតជាទាក់ទងខ្លាំង ដល់ការលូតលាស់របស់កុមារ៕