ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិក្ខាសាលា​អប់រំ​ខួរក្បាល​កុមារ​តូច​ជួយ​ឱ្យ​មាតាបិតា​ដឹង​ពី​សក្ដានុពល​កូន​
04, May 2019 , 10:30 pm        
រូបភាព
​ភ្នំពេញ​៖ ចន្លោះ​អាយុ​ពី​០​ឆ្នាំ​ដល់​៦​ឆ្នាំ ជា​វ័យ​សំខាន់បំផុត​របស់​ខួរក្បាល​កុមារ ក្នុងការ​ពង្រឹង និង​ប្រើប្រាស់​ខួរក្បាល​ទាំងពីរ​ផ្នែក​។ ក្នុង​រយៈពេល​នេះ មាតាបិតា​ត្រូវតែ​ចេះ និង​ដឹង​អំពី​ការថែរក្សា​បីបាច់​កូនតូច​។ ដូច្នេះហើយ ទើបបានជា​មាតាបិតា​ដែល​ប្រាថ្នា​ឱ្យ​កូន​របស់ខ្លួន មាន​សមត្ថភាព​ប្រើប្រាស់​ខួរក្បាល​ទាំងពីរ​បានល្អ ឆ្លៀត​មក​ចូលរួម​កម្មវិធី​សិក្ខាសាលា​ស្ដីពី​គុណភាព​ជីវិត​កុមារ​។​


​ដើម្បី​ដឹង​ច្បាស់​ថា​មាតា​មួយចំនួន​មាន​ទម្លាប់​អប់រំ​កូន​យ៉ាងណា ហើយ​ថា​តើ​វិធីសាស្ត្រ​បង្រៀន​និង​បង្វឹក​ខួរក្បាល​កុមារ​តាំងពី​តូច ដែល​សិក្ខាសាលា​បានបង្ហាញ មាន​អ្វីខ្លះ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



​សិក្ខាសាលា​ស្ដីពី​គុណភាព​ជីវិត​កុមារ ក្រោម​ប្រធានបទ «​ការអប់រំ​ខួរក្បាល​ទាំងសងខាង និង​អប់រំ​បុត្រ​ធីតា​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​សកល​» ដែល​រៀបចំឡើង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​ទាក់ទាញ​ចិត្ត​មាតាបិតា​ជាច្រើន ឱ្យ​នាំ​កូន​មក​ចូលរួម​។ សិក្ខាសាលា​នេះ ផ្ដោត​សំខាន់​ទៅលើ​ការអប់រំ​ខួរក្បាល​ទាំង​ឆ្វេង​និង​ស្ដាំ របស់​កុមារ​ពី​អាយុ​០​ឆ្នាំ​ដល់​៦​ឆ្នាំ​។​
  
 
​អង្គុយ​ក្នុង​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន ផ្នែក​ខាងក្រោយ អ្នកស្រី អ៊ំ ខេ​មា ចូលរួម​កម្មវិធី​នេះ ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ការអប់រំ​កូន​របស់ខ្លួន​រាល់ថ្ងៃ ដូច​ទៅនឹង​ការបង្ហាញ​របស់​អ្នកជំនាញ​ក្នុង​កម្មវិធី​ដែរឬទេ​? ដោយសារតែ​អ្នក​ម្ដាយ​រូបនេះ ក៏​ជា​គ្រូបង្រៀន​មួយរូប និង​ធ្លាប់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​តម្រូវការ​របស់​កុមារ​តូច ទើបបានជា​អ្នកស្រី យល់​ពី​អារម្មណ៍​កូន​ច្រើន​។ តែ​ទោះជា​យ៉ាងណា អ្នក​ម្ដាយ​វ័យ​៣៨​ឆ្នាំ​រូបនេះ ទទួលស្គាល់ថា មានរឿង​មួយចំនួន ខ្លួន​នៅ​ធ្វើ​មិនទាន់​បានល្អ​នៅឡើយ​។ អ្នកស្រី បញ្ជាក់ថា​៖«​ឪពុកម្ដាយ​ត្រូវជា​គំរូ​ល្អ​ដល់​កូន ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​។ កូន​មាន​ការវិវឌ្ឍ​លឿន តាំងពី​អាយុ​០​ឆ្នាំ ឡើងទៅ​។ ម្ដាយ​មានការ​លំបាក​មែនទែន​។ ពេលខ្លះ​យើង​ខឹង យើង​ចង់បង្ហាញ​ការខឹង តែ​យើង​ពិបាក​ក្នុង​ការបង្ហាញ ព្រោះ​យើង​បារម្ភ​ថា ទង្វើ ឬ​សកម្មភាព​របស់​យើង​ហ្នឹង ជា​គំរូ​របស់​ពួកគាត់​។ ដូច្នេះ​ពេល​កូន​នៅក្នុង​ពោះ ឪពុកម្ដាយ គឺ​ត្រូវមាន​សមត្ថភាព​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​។ បើ​អារម្មណ៍​យើង​មិនល្អ គឺ​វា​ប៉ះពាល់​ដល់​ទារក​»​។​
 
​ឆ្លើយតប​មកកាន់​ខ្ញុំ ស្រពពេល​វាគ្មិន​កំពុង​ឆ្លើយ​សំណួរ​របស់​អ្នកចូលរួម​ដទៃទៀត​ដែរនោះ អ្នក​ម្ដាយ​ម្នាក់នេះ ថា​ពេល​កូន​របស់ខ្លួន​រឹង​ចចេស អ្នកស្រី​ពិចារណា​ពីរ​ផ្លូវ​។ អ្នកស្រី​បន្ថែម​ដូច្នេះ​៖«​ពេលខ្លះ​គាត់​រឹងរូស ហើយ​ភាព​រឹងរូស​នោះ យើង​អាច​គិត​ក្នុងន័យ​ពីរ គឺ​អវិជ្ជមាន និង​វិជ្ជមាន​។ វិជ្ជមាន​មានន័យថា គាត់​ជាម​នុស្ស​ដែល​ឆ្លាត​។ សម្រាប់​ជនជាតិខ្មែរ​យើង គិតថា​នៅពេលដែល​ក្មេង​មានការ​ជជែក​តវ៉ា ថា​រឹងរូស តែ​សម្រាប់​បរទេស​វិញ គាត់​គិតថា​ក្មេង​គាត់​ចាប់ផ្ដើម​ក្លាយជា​ម្ចាស់​លើ​ខ្លួនឯង គឺ​គាត់​ចេះ​គិត ចេះ​ពិចារណា​»​។​
 
​ហាក់​នៅ​ទ្រឹង​គិត​បន្តិច នារី​ដែល​រស់នៅ​ភ្នំពេញ​រូ​នេះ បានទទួល​ចំណេះដឹង​ថ្មី ពី​សិក្ខាសាលា​នេះ គឺ​ការជំរុញ​លើកទឹកចិត្ត​កូន ដើម្បីឱ្យ​ពួកគេ​ចាប់ផ្ដើម​ដាក់​គោលដៅ​សម្រាប់​ខ្លួនឯង​។ នាង​បញ្ជាក់ថា​៖«​អ្វីដែល​ខ្ញុំ​រៀន​បាន​នៅពេលនេះ គឺ​របៀប​នៃ​ការជំរុញ​លើកទឹកចិត្ត​កូន ថា​តើ​យើង​គួរតែ​លើកទឹកចិត្ត​គាត់​យ៉ាងម៉េច ឱ្យ​គាត់​មាន​មហិច្ឆតា​។ មានន័យថា កូន​គឺជា​មនុស្ស​ដែលមាន​សក្តានុពល ជាម​នុស្ស​ដែលមាន​សមត្ថភាព គឺ​ធ្វើយ៉ាងណា ឱ្យ​កូន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​បាន ដើម្បី​ចូលរួម​ជួយ​ពិភពលោក​។ គាត់​ជាម​នុស្ស​ដែលមាន​សមត្ថភាព​ពី​កំណើត​ហើយ តែ​យើង​មិនបាន​ជំរុញ​ទឹកចិត្ត​គាត់ យើង​មិនបាន​គាស់​កំណប់​របស់​គាត់ គឺ​ធ្វើឱ្យ​វា​នៅជាប់​ក្នុង​ខ្លួន​មិនអាច​ប្រើការ​បាន​»​។​
 
​នាយិកា​មណ្ឌល​អប់រំ​កុមារ​តូច Shichida បាន​លើក​ឡើយ​ថា តាម​ការស្រាវជ្រាវ​មនុស្ស​នាពេល​បច្ចុប្បន្ន ភាគច្រើន​ប្រើប្រាស់​ខួរក្បាល​ខាងឆ្វេង ច្រើនជាង​ខាងស្ដាំ​។ ការណ៍​នេះ​ដោយសារតែ​មនុស្ស បាន​បណ្ដោយឱ្យ​ដំណាក់កាល​ដ៏​សំខាន់បំផុត នៃ​ការអភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​បាន​កន្លងផុត​។ នាយិការ​រូបនេះ​បន្ថែម​៖«​តាម​ការស្រាវជ្រាវ មនុស្ស​ឥឡូវ​ភាគច្រើន ប្រើ​បានតែ​ខួរក្បាល​ខាងឆ្វេង ច្រើនជាង​ខាងស្ដាំ​។ ប្រើ​បានតែ​ខាងឆ្វេង​ហ្នឹង ដោយសារតែ​ភាគច្រើន យើង​យល់ច្រឡំ​ថា ក្មេង​ចាំ​អាយុ​ច្រើន​បន្តិច ចាំ​អាយុ​៦​ឆ្នាំ ចាំ​ទៅ​រៀន​។ ដូច្នេះ​វា​ហួស​ដំណាក់កាល ដែល​ត្រូវ​អភិវឌ្ឍន៍​ខួរក្បាល​ផ្នែក​ខាងស្ដាំ​ហើយ​។ មានន័យថា យើង​មិនបាន​ប្រើប្រាស់​ខួរក្បាល​ទាំងពី​ផ្នែក​ស្មើគ្នា​ទេ តាំងពី​កូន​នៅ​តូច​។ ការអប់រំ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​នេះ ធ្វើយ៉ាងណា ឱ្យ​គាត់​អាច​ប្រើប្រាស់​ខួរក្បាល​ទាំងសងខាង​បាន​»​។​
  
 
​ជា​ម្ដាយ​ពពោះ​កូន​ក្នុង​ផ្ទៃ ដែល​ជិត​គ្រប់​ខែ គឺ​អ្នកស្រី ហូរ លី​គា​។ ធ្លាប់បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ម្ដាយ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ពី​ពេលកន្លងមក​ច្រើន​ដែរ នារី​មកពី​ខេត្តក្រចេះ​រូបនេះ ថា​សិក្ខាសាលា​នេះ​ពិតជា​ល្អ សម្រាប់​ឱ្យ​ម្ដាយ​ដែល​កំពុង​ពពោះ ត្រៀមខ្លួន​ទុកជាមុន​។ អ្នកស្រី​បន្ថែម​៖«​ខ្ញុំ​គិតថា​ល្អ​សម្រាប់​អ្នក​ដែលមាន​ផ្ទៃពោះ គឺអាច​ត្រៀមខ្លួន​មុន​បាន ថា​យើង​មាន​តួនាទី​យ៉ាងណា ក្នុងការ​អប់រំ​កូន ដឹងថា​មាន​កត្តា​ច្រើន ដែល​ជះឥទ្ធិពល​ទៅលើ​កូន​។ ប៉ុន្តែ​ឪពុកម្ដាយ ជា​អ្នក​ជះឥទ្ធិពល ទៅលើ​ជីវភាព​រស់នៅ​របស់​កូន និង​ទៅលើ​ឥរិយាបទ​របស់​កូន​ទាំងអស់​»​។​
 
​អង្គុយ​ម្នាក់ឯង ក្នុងចំណោម​ម្ដាយ​ឪពុក​ផ្សេងទៀត  អ្នកស្រី លី​គា និយាយ​អមដោយ​កាយវិការ លើកដៃ​ចុះឡើង សម្រួល​ដល់​លំហូរ​គំនិត​ផង​នោះ មាន​ក្ដី​ប្រាថ្នា ឱ្យ​កូន​លុះ​ដោយ​ដំបូន្មាន ហើយ​គាត់​ព្យាយាម​អាន​សៀវភៅ ឱ្យ​កូន​ស្ដាប់​រាល់ថ្ងៃ ក្នុងពេល​មាន​មាន​ផ្ទៃពោះ​នេះ​។ អ្នកស្រី លី​គា​បន្ថែម​៖«​ធម្មតា​យើង​ជា​ម្ដាយ​តែងតែ​ចង់ឱ្យ​កូន​មាន​ភាព​វ័យឆ្លាត ខួរក្បាល​ល្អ ចង់ឱ្យ​គាត់​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម និយាយ​ចេះ​ស្ដាប់​គ្នា​។ ចង់ឱ្យ​គាត់​ជា​មនុស្ស​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត​។ រាល់ថ្ងៃនេះ ខ្ញុំ​អាន​សៀវភៅ​រឿង​ឱ្យ​កូន​ខ្ញុំ​ស្ដាប់​ដែរ​»​។  
 
​ហាក់ដូចជា​យល់​ច្រើន ពី​ការអប់រំ​កូន​អ្នកនាង លី​គា ដែលជា​មន្ត្រីរាជការ បាន​តាំងចិត្ត​រក​វិធី​ដុសខាត់​កូន ឱ្យទៅជា​មនុស្ស​ល្អ តាំងពី​នៅក្នុង​ផ្ទៃ​។ តែ​ទោះជា​យ៉ាងណា អ្នកនាង​នៅតែ​ព្រួយបារម្ភ ពេលដែល​កូន​ធំ​។ អ្នក​ម្តាយ​រូបនេះ​ពន្យល់​ដូច្នេះ​៖«​កូនក្មេង នៅពេលដែល​យើង​ផ្ដល់នៅ​ភាពកក់ក្ដៅ​ឱ្យ​គាត់ ផ្ដល់នូវ​ក្ដី​ស្រឡាញ់​ដល់​គាត់ គឺ​គាត់​ទទួលបាន​នូវ​អារម្មណ៍​នេះហើយ​។ យើង​អាន​សៀវភៅ​ឱ្យ​គាត់​ស្ដាប់ ដូច​ជាការ​ដុសខាត់​គាត់​ពី​តូច​ទៅ​។ បើសិនជា​យើង​ចេះតែ​ឱ្យ​គាត់​លេង​ទូរ​សព្ទ គឺ​មិនល្អ​ទេ​។ អ្វីដែល​ខ្ញុំ​បារម្ភ​គឺ ពេលដែល​នៅផ្ទះ​ជាមួយ​យើង​មិន​អី​ទេ តែ​ពេល​យើង​ទៅធ្វើ​ការបាត់ គាត់​នៅ​ជាមួយ​អ្នក​មើលថែ តើ​គេ​មាន​ឥរិយាបទ​បែបណា​»​។​
  
 
​ងាក​មក​អ្នក​ម្ដាយ​វ័យក្មេង ដែលមាន​កូនប្រុស​អាយុ​ជាង​មួយ​ខួប និង​មានកូន​ក្នុង​ផ្ទៃ​ម្នាក់ទៀត គឺ​អ្នកស្រី សុខ ចាន់​ធី​។ មកជា​មួយ​ស្វាមី ដែល​អង្គុយ​នៅ​ខាងស្ដាំ​ដៃ អ្នក​ម្ដាយ​រូបនេះ​បានឃើញ​ពី​ផលប៉ះពាល់​ពេល​ឱ្យ​កូន​មើល​ទូរ​សព្ទ ហើយ​នាង​ក៏បាន​ព្យាយាម​ប្ដូរ​ទម្លាប់​របស់គេ​បាន​ដោយ​ជោគជ័យ​ដែរ​។ អ្នកស្រី សុខ ចាន់​ធី​បញ្ជាក់ថា​៖«​រយៈពេល​ដែល​កូន​នៅ​តូច មិនគួរ​ឱ្យមើល​ទូរ​សព្ទ ឬ​ទូរទស្សន៍​ច្រើនពេក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ខួរក្បាល វា​ធ្វើឱ្យ​ក្មេង​មិន​ឆ្លាត​។ ពីមុន​ខ្ញុំ ធ្លាប់​ឱ្យ​កូន​មើល​ទូរ​សព្ទ​ដែរ ព្រោះ​មិនដឹង តែ​ឥឡូវ​ឈប់​ឱ្យ​គាត់​មើល​ហើយ ព្រោះ​ខ្លាច​គាត់​មិន​ចាប់អារម្មណ៍​លើ​អ្វី ដែល​យើង​បង្រៀន​គាត់​។ ខូច​ដែរ​ហ្នឹង គាត់​យំ តែ​ដល់​យើង​ប្រាប់​គាត់​ថា​ខូច​ភ្នែក គាត់​អាច​យល់បាន​»​។  
 
​ទោះជា​យ៉ាងណា​នារី​រូប​ស្រស់ ចាន់​ធី ដែលមាន​អាយុ ២៥​ឆ្នាំ​រូបនេះ ចង់ឱ្យ​អ្នកជំនាញ​ផ្នែក​អប់រំ​ខួរក្បាល​កុមារ​តូច ប្រាប់​ពី​តួនាទី​របស់​ខួរក្បាល​ទាំងពីរ​ផ្នែក​។ អ្នកស្រី​ថា​៖«​ចង់ឱ្យ​គាត់​ប្រាប់​ពី​ខួរក្បាល​ខាងឆ្វេង​ខាងស្ដាំ របស់​កូន​យើង ថា​អត្ថប្រយោជន៍​វា​មាន​អ្វីខ្លះ​»​។​
 
​ឆ្លើយតប​ទៅ​អ្នក​ម្ដាយ​វ័យក្មេង​ខាងលើ អ្នកស្រី សរ ម៉ុ​ន្ថា នាយិកា​មណ្ឌល​អប់រំ​កុមារ​តូច Shichida ពន្យល់​ដូច្នេះ​៖«​ខួរក្បាល​ខាងឆ្វេង របៀប​នៃ​ការប្រមូល​ព័ត៌មាន ដោយ​ការ​ខំ​ទន្ទេញ ឬ​មើល​អ្វី​បន្តិច​ម្ដងៗ ប៉ុន្តែ​សម្រាប់​ខួរក្បាល​ខាងស្ដាំ របៀប​នៃ​ការចាប់យក​ព័ត៌មាន តាមរយៈ​រូបភាព ហើយ​គាត់​អាចដាក់​ព័ត៌មាន​បាន​ច្រើន ក្នុងពេល​តែមួយ​។ ខួរក្បាល​ខាងស្ដាំ វា​ធ្វើការ​ខ្លាំងណាស់ តាំងពី​កូន​នៅក្នុង​ពោះ រហូតដល់​អាយុ​៦​ឆ្នាំ​។ តែ​ចាប់ពី​អាយុ​៦​ឆ្នាំទៅ មុខងារ​ខួរក្បាល​ខាងស្ដាំ ចាប់ផ្ដើម​អន់ថយ​បន្តិច​ហើយ​»​។​
  
​អ្នកជំនាញ​រូបនេះ​ឧទាហរណ៍​បន្ថែម ៖«​ខ្ញុំ​ឧទាហរណ៍​ពី​ការអាន​សៀវភៅ យើង​ប្រើតែ​ខួរក្បាល​ខាងឆ្វេង​អាន យើង​ខំប្រឹង​ទន្ទេញ ខំប្រឹង​មើល​ណាស់ តែ​ភាគច្រើន​ខួរក្បាល​ខាងឆ្វេង យើង​មិនសូវ​ចាំបាន​ច្រើន​ទេ​។ ប៉ុន្តែ​បើ​យើង​ប្រើ​ខួរក្បាល​ទាំងសងខាង មានន័យថា​ប្រើ​ទាំង​រូបភាព​ផង ធ្វើឱ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាប់បាន​។ ដូច្នេះហើយ​ទើបបានជា​ក្មេង​ខ្លះ​ទោះបី​គាត់​មិនសូវ​ចាំ មិនចេះ​អាន​អក្សរ​មែន តែ​គាត់​អាច​និយាយបានថា អូ​! មាន​អ្វី​កើតឡើង នៅពេលដែល​គាត់​បាន​ស្ដាប់ឮ តែម្ដង ឬ​ពីរដង​»​។ 
  
 
​គំរូ​របស់​អាណាព្យាបាល​ពិតជា​សំខាន់ និង​ជះឥទ្ធិពល​ខ្លាំង​ដល់​កូន​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកស្រី ម៉ុ​ន្ថា ៖«​ការនិទាន​រឿង​របស់​បុគ្គល​ល្បីៗ​លើ​ពិភពលោក ឬ​បុគ្គល​ល្បីៗ​នៅក្នុង​ស្រុក​ខ្មែរ ដែលមាន​ស្នាដៃ​ពិសេសៗ​មួយចំនួន ពេលខ្លះ​វិធី​នេះ មិនមាន​នៅក្នុង​សាលា​ទេ​។ បើសិនជា​យើង​ខឹង របៀប​យើង​ឆ្លើយតប​យ៉ាងម៉េច​ទៅ​កូន គាត់​មើលឃើញ​គំរូ​របស់​យើង គាត់​ឆ្លើយតប​ទៅតាម​ហ្នឹង​ដែរ​។ បើ​យើង​ឆ្លើយតប​ទៅដោយ​ការ​វ៉ៃ កូន​ហ្នឹង​ធំ​ឡើង របៀប​ដោះស្រាយ​បញ្ហា​របស់គាត់ នឹក​ឃើញតែ​រឿង​វ៉ៃ តែ​ការស្ដីបន្ទោស​អ្នកដទៃ​។ ប៉ុន្តែ​ការអប់រំ​របស់​យើង គឺ​យើង​ត្រូវ​ឆ្លុះបញ្ចាំង​ខ្លួន​យើង ឱ្យបាន​ល្អប្រសើរ​»​។​
 
​ការអភិវឌ្ឍ​ខួរក្បាល​កុមារ​តូច មិនមែន​ពឹង​តែ​ទៅលើ​សាលា​តែមួយ​មុខ​នោះទេ តែ​ទំនាក់ទំនង​រវាង​មាតាបិតា​ទៅកាន់​កូន ពិតជា​មាន​សារសំខាន់​បំផុត ក្នុងការ​ដុសខាត់​ការគិត​របស់​ពួកគេ​។ អ្នកស្រី បញ្ជាក់​ដូច្នេះ​៖«​គ្រាន់តែ​នៅក្បែរ​កូន ហើយ​សួរ​គាត់​ថា កូន​រៀន​រាល់ថ្ងៃ​ដើម្បី​អ្វី​? កូន​ធំ​ឡើង​ចង់​ធ្វើ​អ្វី​? ឥរិយាបទ​របស់គាត់ មាន​ទាំង​ខុសឆ្គង មាន​ទាំង​ល្អ ព្រោះ​គាត់​រៀន​បាន​ពី​គំរូ​របស់​យើង​សព្វបែបយ៉ាង​។ មិនមែន​មានន័យថា យើង​ត្រូវតែ​បង្រៀន ក​. ខ​. បង្រៀនលេខ​ឱ្យ​គាត់​ទេ តែ​បង្រៀន​ពី​របៀប​រស់នៅ​ក្នុងសង្គម បង្រៀន​ពី​របៀប​ធ្វើការ​ជាមួយ​អ្នកដទៃ​ក្នុងសង្គម​»​។  
 
​ខួរក្បាល​មនុស្ស​មាន​ពីរ​ផ្នែក គឺ​ផ្នែក​ខាងឆ្វេង នឹង​ផ្នែក​ខាងស្ដាំ ហើយ​ផ្នែក​នីមួយៗ មាន​តួនាទី​ផ្សេងគ្នា​។ ខួរក្បាល​ផ្នែក​ខាងស្ដាំ មាន​ឯកទេស​ផ្ដោតលើ​ការបង្កើត​ថ្មី ឯ​ខួរក្បាល​ខាងឆ្វេង មាន​ឯកទេស ផ្ដោតលើ​ភាព​តក្ក ឬ​វិទ្យាសាស្ត្រ​ពិត​។ នេះ​បើតាម​ការរកឃើញ របស់​សាស្ត្រាចារ្យ Roger Sperry ដែល​បានទទួល​ពានរង្វាន់​ណូបែល​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​ឆ្នាំ​១៩៨១ ចំពោះ​របកគំហើញ​នេះ​។ 
 
​ជាការ​ពិតណាស់ ការអភិវឌ្ឍ​ខួរក្បាល​ពិត​ជាមាន​សារៈសំខាន់​ណាស់ ចំពោះ​ការរីកចម្រើន និង​អនាគត​របស់​កុមារ​។ ការអប់រំ​កុមារ និង​ការចិញ្ចឹម​បីបាច់ តាមរយៈ​ការផ្ដល់​ការថែទាំ និង របប​អាហារ​ឱ្យបាន​ត្រឹមត្រូវ ពិតជា​ទាក់ទង​ខ្លាំង ដល់​ការលូតលាស់​របស់​កុមារ​៕
 
  

Tag:
 អប់រំ​
 ​ ខួរក្បាល​
 ​ កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com