កីឡាជាតិ
ជាតិ
វិសាខា​ស៊ី​កំពង់ចាម​១៤-០ មុន​គិរីវង់​បាន​៣​ពិន្ទុ ហើយ​ទ័ព​ត្រឹម​ស្មើ​សូល​ទី​ឡូ​
04, May 2019 , 8:11 pm        
រូបភាព
កែវ សុខផេង ជាកីឡាករដំបូងដែលស៊ុតបាល់បញ្ចូលទីដល់ទៅ៧គ្រាប់ក្នុង១ប្រកួត។​រូបថត CNCC
កែវ សុខផេង ជាកីឡាករដំបូងដែលស៊ុតបាល់បញ្ចូលទីដល់ទៅ៧គ្រាប់ក្នុង១ប្រកួត។​រូបថត CNCC
ដោយ: រួបរួម
ទីបំផុត ខ្សែប្រយុទ្ធ កែវ សុខ​ផេង មានឈ្មោះ​ក្នុង​តារាង​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ហើយ តាមរយៈ​ការសម្រេចបាន​ដល់​ទៅ​៧​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​វិសាខា ១៤-០ លើ​ភ្ញៀវ​កំពង់ចាម​។ ជំនួប​សប្តាហ៍​ទី​៦ នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ផងដែរ ក្រសួងការពារជាតិ ទទួលបាន​១​ពិន្ទុ​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​ទឹកដី​របស់​សូល​ទី​ឡូ​អង្គរ ខណៈ​គិរីវង់​សុខ​សែន​ជ័យ បាន​៣​ពិន្ទុ ជាមួយនឹង​លទ្ធផល ២-១ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​វិសាខា បាន​៣​ពិន្ទុ​ដ៏​រីករាយ​នៅ​កីឡដ្ឋាន​របស់ខ្លួន​ជាមួយនឹង​ជ័យ ១៤-០ លើ​កំពង់ចាម​។ កែវ សុខ​ផេង រកបាន​៥​គ្រាប់​នៅ​តង់​ទី​១ ហើយ​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​។ ខ្សែប្រយុទ្ធ​ក្រិ​ក Evangelos Skraparas រកបាន​២​គ្រាប់ ស៊ិន សុ​ផា​ណាត់ បន្ថែម​បាន​២​គ្រាប់ ខណៈ​ខ្សែការពារ​ប៊ុលហ្គារី Lyuben Nikolov ខ្សែបម្រើ​កូរ៉េខាងជើង Park Song-chol និង​ខ្សែការពារ​សុខ សុវណ្ណ ជួយ​បាន​ម្នាក់​១​គ្រាប់​។ វិសាខា​ឡើងទៅ​លេខ​២​បណ្តោះអាសន្ន ដោយមាន​១៣​ពិន្ទុ ខណៈ​កំពង់ចាម​ធ្លាក់​ទៅ​បាត​តារាង ដោយ​ធ្លាយ​សំណាញ់​ទី​ដល់​ទៅ​៤៦​គ្រាប់​ក្នុង​៦​ប្រកួត​។​

​សម្រាប់​ជំនួប​នៅ​ទឹកដី​ខេត្តសៀមរាប ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Dzarma Bata បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៦២ ដើម្បី​ចែករំលែក​មួយ​ពិន្ទុ​ជាមួយ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ដែល​នាំ​មុខមុន​១​គ្រាប់​ដោយសារ​គ្រាប់​បាល់​របស់ លី ម៉ូ​ស្លី​ម នៅ​នាទី​៣៧​។ នេះ​ជា​គ្រាប់​ទី​១០​របស់ Bata នៅ​រដូវ​កាល​ថ្មី ប៉ុន្តែ​រូបគេ​នៅតែ​មិន​អាចជួយ​ឲ្យ​ក្រសួងការពារជាតិ បង្កើន​៣​ពិន្ទុ​ដើម្បី​ប្រជែង​កំពូល​តារាង ក្រោយ​បរាជ័យ ២-០ ដោយសារ​បឹងកេត​។ រីឯ​សូល​ទី​ឡូ ពួកគេ​គ្រាន់តែ​បង្កើន​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ហើយ​នៅតែ​មិន​ស្គាល់​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​។​

​ដោយឡែក​ជំនួប​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា គិរីវង់​សុខ​សែន​ជ័យ​បាន​ស្តារ​ការបរាជ័យ​៤​ប្រកួត​ជាប់​គ្នា តាមរយៈ​ជ័យជម្នះ ៣-២ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ៦​នាទី​ដំបូង ខ្សែបម្រើ​ជប៉ុន Takahito Ota និង ដាវ នី​ម បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​សម្រាប់​គិរីវង់ ហើយ​ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen Shane របស់​នគរបាលជាតិ កាត់បន្ថយ​គម្លាត​មួយគ្រា​ប់​នៅ​នាទី​១៧ ហើយ​បន្ថែម​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ នៅ​នាទី​៦៦​។ ប៉ុន្តែ​៣​ពិន្ទុ​បាន​លើ​គិរីវង់ ក្រោយ​ខ្សែប្រយុទ្ធ​ម៉ាលី Coulbaly Souleymane ទាត់​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​នៅ​នាទី​៧៦៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com