ONE Championship
កីឡាជាតិ
ជាតិ
ONE Championship ផ្ដល់ផលល្អច្រើនដល់អ្នកហាត់ក្បាច់គុន និង MMA នៅកម្ពុជា
× អត្ថបទ៖ ស៊ីធី
មួយរយៈចុងក្រោយនេះគេឃើញមានកីឡាករកម្ពុជាជាច្រើនបានបង្ហាញខ្លួនលើសង្វៀនកម្រិតពិភពលោក ONE Championship ដូចជា ចាន់ រតនា, នៅ ស្រីពៅ, សុខ ធី ហៅ កាកា, គង់ សំបូរ, ស សី, ឡៅ ចិត្រា, មាស ម៉ើ, ថៃ រិទ្ធី, វី ស្រីខួច និង ខុន ស៊ីចាន់ ជាដើម។ រឿងល្អទាំងនេះនាំឲ្យមានទស្សនៈកីឡាករ គ្រូបង្វឹក និង ថ្នាក់ដឹកនាំបានលើកឡើងអំពីផលល្អនៅកម្ពុជាពីសង្វៀន ONE។
កីឡាករជើងចាស់ ស សី បានបញ្ចេញទស្សនៈអំពីសង្វៀនកម្រិតអន្តរជាតិថាសង្វៀន ONE ផ្ដល់តម្លៃខ្លួនល្អប្រសើរពេលចេញទៅប្រកួតម្ដងៗ។ ជាក់ស្ដែង សុខ ធី បង្ហើបថា គេទទួលបានតម្លៃខ្លួនដល់ ៥ ពាន់ដុល្លារអាមេរិក ជាថ្នូរនឹងការឡើងសង្វៀនម្ដងៗ ខណៈដែល នៅ ស្រីពៅ ហ៊ានបង្ហើបថាការឡើងសង្វៀនដូចគ្នានេះទទួលបាន ៤ ពាន់ដុល្លារអាមេរិក។ ចំណែក ចាន់ រតនា ដែលជាកីឡាករជើងចាស់ប្រចាំសង្វៀនអន្តរជាតិមួយអាចមានតម្លៃខ្លួនច្រើនជាង សុខ ធី និង ស្រីពៅ។ ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ ស សី ដែលមានបទពិសោធន៍នៅសង្វៀនខាងលើនោះបានសង្កត់ធ្ងន់ថា៖« នៅសង្វៀន ONE Championship យើងមិនបានឡើងវ៉ៃរាល់សប្ដាហ៍ ឬ ១ ខែម្ដងទៀងទាត់ទេ ប៉ុន្តែបើឡើងវ៉ៃម្ដងៗ ក៏បានតម្លៃខ្លួនគួរសមអាចផ្គត់ផ្គង់គ្រួសារបាន។ នេះជារឿងល្អដែលយើងត្រូវប្រឹងហាត់។ ពេលយើងខ្លាំង មិនខ្វះសង្វៀនប្រកួតទេ។ ខ្ញុំមានតែការផ្ដាំផ្ញើទេឥឡូវនេះ ព្រោះវ័យខ្ញុំចាស់ណាស់ទៅហើយ»។
ជាមួយគ្នានោះគ្រូបង្វឹកនៅក្លឹប Phnom Penh MMA លោក Alan Mccune បាននិយាយអំពីផលចំណេញដល់កីឡាករកម្ពុជាបែបនេះ៖«ខ្ញុំបានបង្វឹកគុនចម្រុះតាំងពីឆ្នាំ ២០១៣ មកនៅកម្ពុជាពេលកម្មវិធី Khmer Warrior Challenges ហើយ សង្វៀន ONE ធ្វើឲ្យកីឡាករកម្ពុជាកាន់តែរឹងមាំ។ យ៉ាងណាក្ដីយើងត្រូវបន្តប្រឹងថែមទៀតព្រោះនៅមានការប្រកួតច្រើន។ យើងរីកចម្រើន និង មានកីឡាករកាន់តែច្រើន តែលទ្ធផលទទួលបាននៅមានកម្រិត។ ខ្ញុំមើលឃើញថាMMA ធ្វើឲ្យចាន់ រតនា រីកច្រើនខ្លាំង ហើយគេជាកីឡាករល្អបំផុតលើក្បាច់គុនចម្រុះនៅកម្ពុជា»។
រីឯអនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោក កែ ប៊ិនសូរស្មី បានបង្ហើបត្រួសៗអំពីចំណុចល្អដល់កីឡាករកម្ពុជាថា តាំងពីការរៀបចំព្រឹត្តិការណ៍ប្រកួត ONE Championship លើកដំបូងនៅភ្នំពេញកាលឆ្នាំ ២០១៤ កីឡាករកម្ពុជាមានការកើនឡើងផ្នែកកម្លាំង និង បច្ចេកទេសគួរឲ្យកត់សម្គាល់លើក្បាច់គុនចម្រុះ។ ក្នុងនោះកីឡាករមួយចំនួនបានក្រាញននាលនឹងក្បាច់ MMA ហើយពួកគេខំប្រឹងរហូតដល់មានឈ្មោះបោះសំឡេងទូទាំងប្រទេស និង ឆាកអន្តរជាតិទោះមិនមានការប្រកួតញឹកញាប់ក្នុងស្រុក។ ជាមួយគ្នានេះ កីឡាករដែលមានជំនាញខាងគុនខ្មែរ គឺឆាប់ចាប់បាន និង ហាត់ក្បាច់គុន MMA បានយ៉ាងល្អ។ បើប្រកួតក្នុងស្រុក ល្បីតែក្នុងស្រុក ប៉ុន្តែ បើសិនជាចូលប្រកួតលើសង្វៀន ONE គឺល្បីលំដាប់ពិភពលោក ហើយ រួមចំណែកផ្សព្វផ្សាយក្បាច់របស់ខ្មែរទៀតផង។ កីឡាករខ្មែរជាច្រើនល្បីល្បាញទូទាំងសកលតាមរយៈសង្វៀនអន្តរជាតិមួយនេះ។
អនុប្រធានសហព័ន្ធដដែលនេះ បានប្ដេជ្ញាចិត្តជាមួយថ្នាក់ដឹកនាំ និង ក្លឹប/សមាគមក្រោមដំបូលសហព័ន្ធក្នុងគោលដៅជួយឲ្យកីឡាករខ្មែរទៅប្រកួតនៅក្រៅប្រទេស និង ទទួលបានតម្លៃខ្លួនល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
គួរដឹងដែរថា ONE Championship ដែលស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតពិភពលោក បានមករៀបចំការប្រកួតលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០១៤ និងបន្តដល់ឆ្នាំ ២០១៥ មុននឹងផ្អាកការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះនៅកម្ពុជា។ ថ្មីៗ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានបង្កើតឡើង ហើយ សហព័ន្ធនឹងព្យាយាមសហការបង្កើតឲ្យមានការប្រកួតគុនចម្រុះលំដាប់ជាតិ និង អន្តរជាតិឡើងវិញតាមតែអាចធ្វើទៅបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com