សង្គមអន្តរជាតិ​
អន្តរជាតិ
សត្វ​សមុទ្រ​ប្រាំ​ប្រភេទ​នេះ​បន្ត​ស្លាប់​ដោយសារ​សម្រាម​ប្លា​ស្ទិ​ក​
05, May 2019 , 11:00 am        
រូបភាព
​ជា​រៀងរាល់ថ្ងៃ ប្លា​ស្ទិ​ករាប់​ពាន់​តោន បាន​បំពេញតម្រូវការ​របស់​មនុស្ស​នៅ​គ្រប់​ទីកន្លែង​។ ដោយសារតែ​ភាព​ធន់ មិន​ងាយ​ខូច និង​មានតម្លៃ​ធូរ​ថ្លៃ ទើប​ទីផ្សារ​រូបធាតុ​មួយ​នេះ​មាន​ភាព​មមាញឹក​ខ្លាំង​។ ប៉ុន្តែ​តម្រូវ​ខ្លាំង​បែបនេះ​បណ្តាល​ឲ្យ​សត្វ​សមុទ្រ​ជាច្រើន​ស្លាប់​ដែរ​។

 
​ទិន្នន័យ​មួយ ដែល​បាន​ដកស្រង់​ចេញពី​គេហទំព័រ onegreenplanet.org បង្ហាញថា ក្នុង​មួយឆ្នាំៗ មនុស្ស ប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​បរិមាណ ៣០០​លាន​តោន​។ ប្លា​ស្ទិ​ក​ភាគច្រើន​ដែល​អណ្តែត​ក្នុង​សមុទ្រ ខ្លះ​មាន​ទំហំ​តូចៗ ដែល​ភ្នែក​មនុស្ស​មិនអាច​មើលឃើញ​។ គេ​ហៅ​វា​ថា «​មីក្រូ​ប្លា​ស្ទិ​ក​»​។ មីក្រូ​ប្លា​ស្ទិ​ក​នេះ កើតឡើង​នៅពេលដែល​ប្លា​ស្ទិ​ក​ធំៗ រង​ការ​កកិត​ជាមួយនឹង​ដី ខ្យល់ និង​ទឹក បង្ក​ឲ្យ​វា​បែក​ទៅជា​បំណែកៗ​តូច​។ តែ​វា​ក៏​នៅតែ​បង្ក​ភាពគ្រោះថ្នាក់​ដល់​សត្វ​ដែល​រស់នៅក្នុង​ប្រភពទឹក​ជាច្រើន​ផងដែរ​។​
 
​ទាក់ទិន​នឹង​ផលវិបាក​របស់​ប្លា​ស្ទិ​ក​ដែល​មនុស្ស​បោះចោល​នេះ សាកលវិទ្យាល័យ Plymouth បានបញ្ជាក់​នៅក្នុង​សិក្សា​របស់ខ្លួន​ថា សត្វ​ក្នុង​សមុទ្រ​ជាង​៧០០​ប្រភេទ ទទួលរង​ផលប៉ះពាល់​ជាច្រើន​ដោយសារ​សំណល់​ប្លា​ស្ទិ​ក​នេះ​។ ក្នុងនោះ សត្វ​ចំនួន​ប្រាំ​ប្រភេទ អាច​នឹងត្រូវ​ផុត​ពូជ ប្រសិន​ការបោះ​ចោល​ប្លា​ស្ទិ​ក​ពុំ​ត្រូវ​ទប់ស្កាត់​ទេនោះ​។ 
 
​អណ្តើក​៖ សត្វ​មួយ​នេះ​ងាយ​ច្រឡំ​រវាង​អាហារ និង​ប្លា​ស្ទិ​ក​ណាស់​។ ដោយសារតែ​ការ​អណ្តែត​របស់​ប្លា​ស្ទិ​ក​ក្នុង​ទឹក ចលនា​នេះ​មាន​ភាពស្រដៀងគ្នា​ជាមួយនឹង​ចលនា​របស់​សត្វ​ដែលជា​ចំណី​សត្វ​អណ្តើក​ដែរ​។ សារធាតុ​ទាំងនេះ​មិន​រលាយ​ក្នុង​ក្រពះ​របស់​វា​នោះទេ ដែល​ក្នុង​រយៈពេល​មួយ​អាចធ្វើ​ឲ្យ​វា​ស្លាប់​បាន​។ 
 
​តោ​សមុទ្រ និង​ភេ​៖ ពេលខ្លះ ប្លា​ស្ទិ​ក​ធំៗ ឬ​វែងៗ​ក៏​អាច​ទាក់​សត្វ​ទាំង​នោះបាន​ដូចជា​សំណាញ់ ឬ​មង​ដែរ​។ ការសិក្សា​រយៈពេល​៨​ឆ្នាំ​មួយ​ដែល​បាន​ធ្វើឡើង​នៅតាម​បណ្តោយ​ឆ្នេរ​រដ្ឋ​អា​ឡា​ស្កា និង British Columbia ទៅលើ​តោ​សមុទ្រ​ប្រភេទ Steller បាន​កត់ត្រា​ថា តោ​សមុទ្រ​ប្រភេទ​នេះ​ជាង ៣៨៨ បាន​ជំពាក់​ជាមួយនឹង​ប្លា​ស្ទិ​ក​ប្រៀបដូចជា​សំណាញ់​នេះ​។ ហេតុការណ៍​នេះ អាចធ្វើ​ឲ្យ​វា​ឆ្លង​ជំងឺ​ផ្សេងៗ​នានា ឬ​អាច​ស្លាប់​បាន​។ 
 
​បក្សី​សមុទ្រ​៖ បក្សី​មួយចំនួនរ​ស់បាន​ដោយ​ពឹង​ផ្អែកលើ​ការចាប់​ត្រី​ជា​ចំណី​នៅតាម​ផ្ទៃសមុទ្រ​។ តែ​ផ្ទៃសមុទ្រ​ក៏​ជា​កន្លែង​មួយ​ដែល​សម្បូរ​ទៅដោយ​ប្លា​ស្ទិ​ក​ដែល​អណ្តែត​ផងដែរ​។ នៅពេលដែល​ពួកវា​ប្រមាញ់​ត្រី ពួកវា​មិនអាច​ជៀស​ពី​វត្តមាន​ប្លា​ស្ទិ​ក​បានទេ​។ ៩៨​ភាគរយ​នៃ​បក្សី​ទឹក​ម្យ៉ាង​ដែលមាន​ឈ្មោះថា Albatross មាន​វត្តមាន​ប្លា​ស្ទិ​ក​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួកវា​។ 
 
​ត្រី​ទូទៅ​៖ ត្រី​ដកដង្ហើម​តាម​ស្រកី​នៅក្នុង​ទឹក​។ នៅក្នុង​ទឹក បរិមាណ​មីក្រូ​ប្លា​ស្ទិ​ក​ដែល​បាន​រៀបរាប់​ខាងលើ​កំពុងតែ​មានកំណើត​កើនឡើង បានន័យថា​មីក្រូ​ប្លា​ស្ទិ​ក​អាច​ជ្រាបចូល​ខ្លួន​ត្រី​ដោយ​ស្រកី​បាន​។ ត្រី​ជា​អាហារ​មួយ​យ៉ាងសំខាន់​របស់​មនុស្ស​។ ដូចនេះ អាហារ​របស់​មនុស្ស​ក៏​កំពុង​តែមាន​ភាពកខ្វក់​ទៅៗ​ដែរ​។ 
 
​បា​ឡែ​ន និង​ដុល​ហ្វី​ន​៖ យើង​ឃើញ​មាន​ពត៌មាន​ជាច្រើន​បង្ហាញ​ពី​ត្រី​ខ្មោច​ត្រី​បា​ឡែ​ន អណ្តែត​នៅតាម​ឆ្នេរ ហើយ​នៅក្នុង​ពោះ​របស់​វា​ពោរពេញ​ទៅដោយ​បរិមាណ​ប្លា​ស្ចិ​ច​។ ក្រុម Cetaceans ដែលជា​ក្រុម​ថនិកសត្វ​ក្នុង​ទឹក​មានដូចជា បា​ឡែ​ន​មាន​មាត់ធំៗ​ណាស់​។ ពួកវា​មិនអាច​ដឹក​ពី​ប្លា​ស្ចិ​ច​ដែល​ហូរ​ចូល​នៅពេលដែល​វា​ស៊ី​ចំណី​ទេ​។ ប្រៀប​ដូច​បី​ជា មនុស្ស​ម្នាក់​ហូប​បបរ​មួយ​ចានគោម ដែល​សម្បូរ​ទៅដោយ​គ្រាប់​គ្រួ​សរឹងៗ ល្អិតៗ​។ វា​មិនមែន​ងាយស្រួល​នោះទេ​។ ប្លា​ស្ទិ​ក ទាំងនេះ អាច​ទៅធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​របស់​ពួកវា​រហែក​បាន​។ ២២​ភាគរយ​នៃ​ក្រុម​សត្វ Cetaceans កំពុងតែ​រងគ្រោះ​ក្នុង​កម្រិត​មួយ​ធ្ងន់ធ្ងរ​៕
 

Tag:
 សត្វ
 ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com