ជាតិ
អចលនទ្រព្យ
តម្លៃ​អចលនទ្រព្យ​នៅ​ខេត្តកំពត​ចាប់ផ្តើម​នៅ​ទ្រឹង តែ​ការទិញ​-​លក់​ល្អប្រសើរ​
05, May 2019 , 12:20 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកំពត​បាន​ស្គា​ល់ពី​ភាព​រីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈ​ជាង ៣ ឆ្នាំ​ចុង​ក្រោយនេះ​។ គម្រោង​អភិវឌ្ឍន៍​ធំៗ​មួយចំនួន​បាន​ចាប់ដំណើរការ​នៅក្នុង​តំបន់​នេះ ដែលមាន​ដូចជា​គម្រោង​កំពង់ផែ​ទឹក​ជ្រៅ ឆ្នេរ​សិប្បនិម្មិត​តម្លៃ​ជិត ២ ពាន់​លាន​ដុល្លារ និង​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម​។​
 
​រដ្ឋាភិបាល​បានកំណត់​ប្លង់គោល​ខេត្តកំពត​រួចរាល់​កាលពី​ឆ្នាំ ២០១៨ កន្លងទៅ ដោយ​ដាក់​គោលដៅ អភិវឌ្ឍ​ដី​ខេត្ត​នេះ​ជា​៖ ១. តំបន់​រមណីយដ្ឋាន​ទេ​ចរណ៍​ធម្មជាតិ ដែល​ស្អាត​បំផុត​លំដាប់​ពិភពលោក ។ ២.តំបន់​កែច្នៃ​ផលិតកម្ម និង​ឧស្សាហ​ម្ម។ ៣.ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កសិកម្ម និង​ការ​ចែកចាយ​ទំនិញ។ ៤. ទីក្រុង​ទំនើប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និង​បរិស្ថាន​ស្អាត និង​៥. ទីក្រុង​ដែលមាន​អភិបាលកិច្ច​ល្អ​។​
 
​សម្រាប់​វិស័យ​អចលនទ្រព្យ វិស័យ​ដីធ្លី​ត្រូវបាន​មើលឃើញថា​ មាន​សន្ទុះ​កំណើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ប្រតិបត្តិ​ការទិញ​លក់ ​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅតាម​តំបន់​ទេសចរណ៍ ដែល​គេ​ជឿថា​ ជា​តំបន់​មាន​សក្តានុពល​នៅពេល​អនាគត​។ កត្តា​នេះ បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ បាន​ហក់​ឡើង​ខ្លាំង​នៅ​ឆ្នាំ ២០១៨​។​
 
​លោក សុខ គែន  ​ស្ថាបនិក​ក្រុមហ៊ុន Kampot Property បាន​ឲ្យ​ដឹងថា កំណើន​នៃ​ការវិនិយោគ​ពី​សំណាក់​អ្នក​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ​បាន​រុញ​តម្លៃ​ដី​ឲ្យ​កើនឡើង​ខ្លាំង​ នៅ​ឆ្នាំ ២០១៨​។​ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ​ចាប់ពី​ចុងឆ្នាំ ២០១៨មក ពោលគឺ​រយៈពេល ៦ ខែ​ចុង​ក្រោយនេះ ​តម្លៃ​ដី​នៅ​កំពត​ បាន​នៅ​ទ្រឹង ​ដោយសារតែ​ទំហំ​នៃ​ការវិនិយោគ​ដ៏​ច្រើន​នាពេល​កន្លងមក ហើយ​នៅពេល​បច្ចុប្បន្ន​អ្នកទិញ​ ពីមុន​បានចាប់ផ្តើម​ដាក់លក់​វិញ នៅក្នុង​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​។​

ទោះបីយ៉ាងណា លោក​ទទួលស្គាល់ថា​បរិ​យា​កាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ នៅតែមាន​ភាពល្អប្រសើរ ចំណែក​ការទិញ​លក់​នៅតែ​មានដំណើ​រ​ការល្អ​ជាធម្មតា សម្រាប់​អចលនទ្រព្យ​ដែល​ដាក់លក់​នៅក្នុង​តម្លៃ​តាម​ទីផ្សារ​។ 
 
​ទាក់ទង​នឹង​តម្លៃ​ដី លោក​គែន បញ្ជាក់ថា​ទីផ្សារ​តម្លៃ​ដី​ពិតប្រាកដ​បាន​ស្ថិតនៅ​ថេរ​ ចាប់ពី​ចុងឆ្នាំ ២០១៨ មក ដោយ​ដី​លំនៅដ្ឋាន​នៅតាម​ជាយក្រុង មានតម្លៃ​ពី ៣០ដុល្លារ ទៅ ៥០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដី​ជាប់មាត់​សមុទ្រ​មានតម្លៃ ២០០ ទៅ ២៥០ដុល្លារ​។ ចំណែក​ដី​នៅតាម​មាត់​ព្រែក ក្នុង​តំបន់​សក្តានុពល (​ស្ពាន​កំពង់បាយ​) តម្លៃ​ដី​អាចមាន​ចន្លោះ ១,២០០​ដុល្លារ ទៅ ១,៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។ រីឯ​ដី​ចេញ​ឆ្ងាយ​ពី​ស្ពាន​កំពង់បាយ​ក្នុង​រង្វង់​កន្លះ​គីឡូម៉ែត្ រ​មានតម្លៃ​ចាប់ពី ១៥០ ដុល្លារ ទៅ ៤០០ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​។​


 
​លោក គែន មើលឃើញថា វិស័យ​ទេសចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដែល​បាន​រុញ​ច្រាន​តម្លៃ​អចលនទ្រព្យ​ នៅខេត្តជាប់​មាត់សមុទ្រ​មួយ​នេះ ​ឲ្យ​កាន់​តែមាន​សក្តានុពល​។ លោក​ជឿថា​ ការវិនិយោគ​បែប​អេកូ​ទេសចរណ៍ ផ្ទះ​លម្ហែកាយ មិន​ថា​នៅតាម​ដងព្រែក ឬ​នៅជាប់​មាត់សមុទ្រ គឺ​នៅតែមាន​សត្តា​នុព​ល​ខ្លាំង​សម្រាប់​វិនិយោគិន ដែល​ចង់​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ខេត្តកំពត​។​
 
​ក្រៅពី​កំពត ខេត្ត​កែប ក៏មាន​សក្តានុពល​ប្រហាក់ប្រហែលគ្នា​នេះដែរ​។ លោក គែន​បាន​បង្ហើប​ថា ​ទាំង​ការទិញ​លក់ និង​ស្ថានភាព​នៃ​តម្លៃ​ដី​របស់​ខេត្តកំពត និង​កែប​គឺមាន​លក្ខណៈ​ស្រដៀង​គ្នា​(​ទ្រឹង​)​។​
 
​រដ្ឋាភិបាល​ នឹង​កំណត់​ប្លង់គោល​សម្រាប់​ការ​ការអភិវឌ្ឍន៍​ដី​នៅក្នុង​ខេត្ត​កែប ដើម្បី​ប្រែក្លាយ​ខេត្តនេះ ​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ ជារួម​គឺ​សម្រេច​អភិវឌ្ឍន៍​ទីក្រុង កោះ ឆ្នេរសមុទ្រ ផ្សារ កំពង់ផែ​ទេសចរណ៍ សេវាកម្ម​ទេសចរណ៍ និង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា នៅក្នុង​ខេត្ត​កែប​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។  
 
​សម្រាប់​ភ្ញៀវ​ទេសចរ កំពត និង​កែប​ គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការសម្រាកលម្ហែ ឬ​ការចូលនិវត្តន៍​។ ជាមួយគ្នានេះ ​រដ្ឋាភិបាល​នឹង​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​ នៅពេល​អនាគត​។​
 
​កម្ពុជា​ មានខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន ៤ គឺ​កំពត កែប ក្រុងព្រះសីហនុ និង​កោះកុង​។ ក្នុងនោះ​ខេត្ត​ព្រះសីហនុ កំពុងមាន​ការវិនិយោគ និង​មាន​សក្តានុពល​ខ្លាំងជាងគេ ខណៈ​ខេត្ត​បី ផ្សេងៗ​ កំពុង​ស្រូបយក​ការវិនិយោគ​បន្តិច​ម្តងៗ​៕
 
​ប្រភព​៖ realestate.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com