ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ នឹង​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ​
05, May 2019 , 1:06 pm        
រូបភាព
រូបពី Xinhua.jpg
រូបពី Xinhua.jpg
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក K.P. Sharma Oli នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ ឧសភា​។ នេះ​បើតាម​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​



​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ លោក កេ​ត សោ​ផាន់ មិនទាន់​អាច​ប្រាប់​លម្អិត​ពី​ជំនួប​មេដឹកនាំ​កម្ពុជា និង​នេ​ប៉ាល់ បាន​នៅឡើយ​ទេ​។​
 
​តែ​យ៉ាងណា​លោក Pradeep Kumar Gyawali រដ្ឋមន្ត្រី​ក្រសួងការបរទេស​នេ​ប៉ាល់ បាន​និយាយថា នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ពិភាក្សាគ្នា ទាក់ទង​វិស័យ​ទេសចរណ៍ ,​ការវិនិយោគ និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​។ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក K.P. Sharma Oli នឹង​បន្តដំណើរ​ទៅ​ប្រទេស​វៀតណាម​ផងដែរ​។ នេះ​បើតាម The Himalayan Times ដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​នេ​ប៉ាល់​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​កម្ពុជា​ដំបូង​គេ ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់  នៅពេលដែល​សម្ដេច បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់ នៅ​ទីក្រុង​Kathmandu កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ មេដឹកនាំ​កម្ពុជា និង​នេ​ប៉ាល់ ក៏បាន​ព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិការ​រួមគ្នា លើ​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ រួមទាំង​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការបើក​ស្ថានទូត​កម្ពុជា នៅក្នុង​ប្រទេស​នេ​ប៉ាល់​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា និង​នេ​ប៉ាល់ បាន​បង្កើត​ទំនាក់ទំនង​ការទូត កាលពី​ឆ្នាំ​១៩៧៤​មក ៕

Tag:
 នេ​ប៉ាល់​
  កម្ពុជា​
  ការទូត​
© រក្សាសិទ្ធិដោយ thmeythmey.com