ជាតិ
រថយន្ត
សង្គមជាតិ
កម្មវិធី​ប្រណាំង​ស៊ីក្លូ​នឹងធ្វើ​នៅ​ថ្ងៃទី​២៦​ខែឧសភា​ខាងមុខ​ដើម្បី​លើកកម្ពស់​អ្នកធាក់ស៊ីក្លូ​
05, May 2019 , 1:55 pm        
រូបភាព
 ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​អ្នកធាក់ស៊ីក្លូ និង​មុខរបរ​ធាក់​ស៊ីក្លូ ក៏​ជាការ​រួមចំណែក​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ក្នុងស្រុក និង​ក្រៅប្រទេស​ផង សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា រៀបចំ​កម្មវិធី​ប្រណាំង​ស៊ីក្លូ​ក្រោម​ប្រធានបទ “​អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក អ៊ឹម សម្បត្តិ ប្រធាន​សមា​គ​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្មវិធី​ប្រណាំង​ស៊ីក្លូ​នេះ នឹង​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​បង្ហាញ​ពី​គុណភាព​ស៊ីក្លូ ក្នុងការ​រួមចំណែក​លើ​វិស័យ​ទេសចរណ៍​ទាំង​ភ្ញៀវ​ក្នុងស្រុក និង​ក្រៅប្រទេស​ផងដែរ​។ 
  
 
​កម្មវិធី​ប្រណាំង​ស៊ីក្លូ​ដែល​នឹងធ្វើ​នៅ​កោះ​ពេជ្រ​នាពេល​ខាងមុខនេះ មាន​រយៈ​ចម្ងាយ ៩០០​ម៉ែត្រ​។ បេក្ខជន​ប្រកួត​ត្រូវបាន​ជ្រើសរើស​តែ​អ្នក​ដែលមាន​សុខភាព​ល្អ ដោយ​មិនមាន​ជំងឺ ឬ​មាន​វ័យចាស់​ពេក​។ សម្រាប់​ស៊ីក្លូ​វិញ ត្រូវតែមាន​គុណភាព​។ សម្រាប់​ការប្រណាំង​នេះ មាន​ស៊ីក្លូ​ចូលរួម​ចំនួន​៦៩​គូ​។ 
 
​បេក្ខជន​ជ័យលាភី​លេខ​១​និង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត រួមទាំង​ប្រាក់រង្វាន់ ១០០​ដុល្លារ​។ សម្រាប់​ជ័យលាភី​លេខ​២​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​ប្រាក់រង្វាន់​៨០​ដុល្លារ និង​ជ័យលាភី​លេខ​៣​ទទួលបាន​រង្វាន់​លើកទឹកចិត្ត និង​ប្រាក់រង្វាន់​៦០​ដុល្លារ​។ រីឯ​អ្នក​ដែល​មិន​ទទួលបាន​ចំណា​ច់​ថ្នាក់​ក៏​ទទួលបាន​ប្រាក់​លើកទឹកចិត្ត ១០​ម៉ឺន​រៀល​ដែរ​។​
 
​សូមបញ្ជាក់ថា​កម្ពុជា​ធ្លាប់មាន​កម្មវិធី​ប្រកួតប្រណាំង​ស៊ីក្លូ​ម្ដង​នៅ​ឆ្នាំ​១៩៩៥ ក្រោយ​បែក​សង្គ្រាម​។ ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួតប្រណាំង​ស៊ីក្លូ​លើក​ទី​២​។ លោក អ៊ឹម សម្បត្តិ ប្រធាន​សមា​គ​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ នៅ​មិនទាន់​អាច​កំណត់​បាន​ថា ការប្រកួត​ស៊ីក្លូ​លើក​ទី​៣​អាច​នឹងមាន​ឬក៏​អត់​នោះទេ​។ តែ​លោ​កថា​បើសិនជា​ធ្វើ អាច​រំលង​ប្រហែល​២​ទៅ​៣​ឆ្នាំក្រោយ​៕
 
 
​ 

Tag:
 ស៊ីក្លូ​
  ប្រណាំង​ស៊ីក្លូ​
  សមាគម​ស៊ីក្លូ​
  ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com