អន្តរជាតិ
នយោបាយអន្តរជាតិ
ហ្វីលីពីន៖ តុលាការកំពូល បង្គាប់ឲ្យរដ្ឋាភិបាលការពារបរិស្ថាន និងដែនទឹកសមុទ្រចិនខាងត្បូង
× តុលាការកំពូលហ្វីលីពីន បានបង្គាប់ឲ្យរដ្ឋាភិបាលហ្វីលីពីន ជាពិសេសអង្គភាពកងកម្លាំង ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ការពារបរិស្ថាន និងដែនទឹកដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងដែនសមុទ្រចិនខាងត្បូង។
តាមរយៈលិខិតបង្គាប់បញ្ជាចុះថ្ងៃ៣ ឧសភា តុលាការកំពូលហ្វីលីពីន បានណែនាំដល់ក្រសួងសំខាន់ៗ, កងល្បាត ក៏ដូចជាប៉ូលិស និងទាហានជើងទឹកឲ្យអនុវត្តច្បាប់ជាតិ និងអន្តរជាតិដើម្បីការពារតំបន់ថ្មប៉ប្រះទឹក ក៏ដូចជាជីវៈចម្រុះដែនសមុទ្រ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters។
តាមប្រភពព័ត៌មានដដែលនោះ សេចក្តីបង្គាប់បញ្ជារបស់តុលាការហ្វីលីពីន ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងញត្តិរបស់សហគមន៍នេសាទហ្វីលីពីន ដែលបានប្តឹង និងចោទប្រកាន់ថា កោះសិប្បនិម្មិតរបស់ចិន និងក្រុមនេសាទរបស់ចិន បានបំពានទៅនឹងសាលក្រមមជ្ឈត្តការតុលាអចិន្ត្រៃយ៍ក្រុងឡាអេឆ្នាំ២០១៦។
តែយ៉ាងណាតាមរយៈសេចក្តីបង្គាប់របស់តុលាការ មិនបានបញ្ជាក់ពីមធ្យោបាយ និងពេលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ ដោយគ្រាន់តែបញ្ជាក់ពីតំបន់សំខាន់បីដែលត្រូវគ្របដណ្តប់រួមមានតំបន់ថ្មប៉ប្រះទឹក Scarborough Shoal, តំបន់ Thomas Shoal និង Mischief Reef ដែលសុទ្ធសឹងតែជាតំបន់មានរឿងប្រទាំងប្រទើសលើសិទ្ធិកាន់កាប់រវាងចិន និងហ្វីលីពីន។
សូមរម្លឹកបន្តិចថា នៅឆ្នាំ២០១៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ បានប្រកាសសាលក្រមតាមរយៈបណ្តឹងហ្វីលីពីនពាក់ព័ន្ធនឹងសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូង ដោយបានសម្រេចថា សកម្មភាពរបស់ចិនមួយចំនួននៅក្នុងតំបន់ជម្លោះនេះ ដែលរាប់បញ្ចូលទាំងតំបន់ដែលតុលាការហ្វីលីពីនកំណត់ឲ្យកងកម្លាំងខ្លួនការពារនោះ បានបំពាននឹងច្បាប់អន្តរជាតិ។
ក៏ប៉ុន្តែគិតចាប់ពីរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់ផ្តើមអាណត្តិមក សាលក្រមនេះ មិនត្រូវបានយកមកអនុវត្តឡើយ។ នោះ ក៏ព្រោះតែចិន បានប្រកាសដាច់ខាតមិនទទួលស្គាល់ ខណៈដែលរដ្ឋបាលលោក ឌូទើតេ រង់ចាំពេលសមស្រប និងចង់ប្រើប្រាស់មធ្យោបាយសន្តិវិធីដើម្បីចរចាគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com