ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោកផ្តល់ថវិកាជាង៥៧លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងទឹកស្អាត និងអនាម័យ
× ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានជាង ៥៧ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ គម្រោងនេះនឹងអនុវត្តលើខេត្តគោលដៅចំនួន ៦ ខេត្ត មានដូចជា ខេត្តកំពង់ធំ, មណ្ឌលគីរី, បាត់ដំបង, ព្រៃវែង, សៀមរាប និងកំពង់ឆ្នាំង។
គម្រោងនេះមានរយៈពេល៥ ឆ្នាំ (ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤) ដែលអនុវត្តរួមគ្នារវាងក្រសួងឧស្សាហកម្ម និងធនាគារពិភពលោក។ ក្នុងទំហំទឹកប្រាក់ជាង ៥៧ លានដុល្លារ ក៏មានថវិកាបដិភាគរបស់រដ្ឋាភិបាល ជាង ២ លានដុល្លាផងដែរ។ ក្នុងនោះទឹកប្រាក់ចំនួន ៣២ លានដុល្លារ ត្រូវអនុវត្តលើវិស័យលើកកម្ពស់ទឹកស្អាត និងជាង២៥លានដុល្លារអនុវត្តលើវិស័យអនាម័យ។ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Takuya Kamata នាយកប្រតិបត្តិធនាគារពិភពលោក (WB) ទទួលបន្ទុកវិស័យទឹកសកលប្រចាំតំបន់អាស៊ី បានជួបពិភាក្សាគ្នាលើកិច្ចការទាំងនេះ កាលពីថ្ងៃ០៣ខែ ឧសភា។
លោក Takuya Kamata បានបញ្ជាក់ថា គម្រោងទឹកស្អាត និងអនាម័យលើកនេះ ជាចំណុចចាប់ផ្តើមថ្មី លើការគាំទ្រលើវិស័យទឹកស្អាត របស់ធនាគារពិភពលោក ដែលបានរៀបចំផែនការយ៉ាងលម្អិត ទាំងផែនការវិនិយោគ និងផែនការសកម្មភាពអនុវត្តប្រកបដោយតម្លាភាពរួមគ្នា។ លោកសង្ឃឹមថា កិច្ចសហការនេះនឹងទទួលបានផ្លែផ្កា ស្របតាមគោលដៅ ដែលជាសកម្មភាពរួមគ្នា។
វិសាលភាព នៃការអនុវត្តគម្រោង បានកំណត់ទៅលើការពង្រីកបណ្តាញ និងផលិតកម្មនៅស្រុកស្ទោង ខេត្តកំពង់ធំ និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។ ជាពិសេសការអភិវឌ្ឍការផ្គត់ផ្គង់ខ្នាតតូចនៅភ្នំព្រឹក ខេត្តបាត់ដំបង និងឃុំមួយចំនួននៅខេត្តព្រៃវែង សៀមរាប និងកំពង់ឆ្នាំង រួមទាំងការគៀងគរ ហិរញ្ញប្បទានវិស័យឯកជនក្នុងប្រព័ន្ធខ្នាតតូច។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ដែលចាត់ទុកគម្រោងនេះ គឺការួមចំណែកសំខាន់ដល់គោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល លើវិស័យទឹកស្អាតឆ្នាំ២០២៥៕
Tag:
World Bank
ចម ប្រសិទ្ធ
ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com