ភ្នំពេញ៖ សម្រាប់អ្នកដែលមិនបានបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ អាចត្រឡប់មករៀនសូត្របានឡើងវិញតាមរយៈកម្មវិធី ប៊ីប(BEEP) ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងការអង្គការយូនីស្កូ។ កម្មវិធីនេះ ផ្តល់ឱកាសឲ្យយុវជនដែលបោះបង់ការសិក្សាអាចរៀនដោយខ្លួនឯងនៅផ្ទះ តាមប្រព័ន្ធអ៊ីនធឺណិត ឬតាមគ្រឹះស្ថានសិក្សានៅភ្នំពេញ និងខេត្តសៀមរាប ដែលមានកម្មវិធីប៊ីប។
ថ្លែងនៅក្នុងកម្មពិធីសម្ពោធដាក់ឲ្យដំណើរការមណ្ឌលសិក្សាសម្រាប់កម្មវិធីប៊ីបនៅរាជធានីភ្នំពេញ លោក សេរី ជំនះ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា កម្មវិធីBEEP នឹងជួយឲ្យយុវជនកម្ពុជា ដែលបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន ដើម្បីបន្តសិក្សាទៅតាមជំនាញដែលខ្លួនពេញចិត្ត តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធអ៊ីនធឺណិត។
លោក សេរី ជំនះ បានអះអាងថា យុវជនដែលបោះបង់ការសិក្សាតាំងពីថ្នាក់ទី៩ មកគឺពួកគេសុទ្ធតែជាអ្នកមានជីវភាពខ្វះខាត ដូច្នេះតាមរយៈកម្មវិធីនេះ អាចអនុញ្ញាតឲ្យពួកគេទទួលឱកាសជាថ្មីឡើងវិញ ដើម្បីរៀនសូត្រពីមុខវិជ្ជាគោលដូចជា ភាសាខ្មែរ គណិតវិទ្យាកម្រិត១ មុខវិជ្ជាបច្ចេកទេស គីមីវិទ្យា រូបវិទ្យា គណិតវិទ្យាកម្រិត២ យេនឌ័រ,មូលដ្ឋានគ្រិះនៃមុខរបរ,អង់គ្លេស,សហគ្រិនភាព,ទេសចរណ៍,បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។
អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ បានបញ្ជាក់ដូច្នេះថា៖«កម្មវិធីនេះមិនមែនសម្រាប់តែពលរដ្ឋខ្មែរនៅក្នុងស្រុកដែលរៀនបាននោះទេ សូម្បីពលរដ្ឋនៅក្រៅប្រទេស ដូចជាប្រទេសកូរ៉េ,ថៃ ជាដើម ក៏អាចរៀនបានតាមរយៈប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ខ្ញុំជឿជាក់ថាកម្មវិធីនេះ អាចជាផ្លូវមួយដែលឲ្យពួកគេមានចំណេះដឹងទូលំទូលាយ ដើម្បីប្រកបមុខរបរ ឬទទួលបានការងារសមស្របផងដែរ»។
លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់ទុកកម្មវិធីនេះជាស្ពានចម្លងជំនាញ និងជាជោគវាសនាសម្រាប់យុវជនដែលបោះបង់ការសិក្សា ឲ្យមកបន្តការសិក្សាឡើងវិញ តាមរយៈកម្មវិធីថ្មីសន្លាងនេះ។ ជាពិសេសអាចចាប់យកជំនាញណាមួយ ដែលខ្លួនចង់រៀនបន្ត សម្រាប់ជួយកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ ឬក្នុងសង្គម។
ក្នុងពិធីសម្ពោធវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍នៅថ្ងៃទី០២ ខែឧសភា លោក ពេជ សោភ័ន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ដើម្បីផ្តល់ឱកាសឲ្យយុវជនដែលបោះបង់ការសិក្សាអាចបន្តការសិក្សាឡើងវិញនោះ ក្រសួងពាក់ព័ន្ធទាំងអស់នឹងខិតខំពង្រីកសាខាវិទ្យាស្ថានដែលមានកម្មវិធីសិក្សានេះនៅតាមបណ្តាខេត្តបន្ថែមទៀត។បច្ចុប្បន្នកម្មវិធីនេះបានដាក់ដំណើរការនៅតាមវិទ្យាស្ថានសិក្សានៅភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ។ វិទ្យាស្ថានសិក្សានានានៅភ្នំពេញមានដូចជា វិទ្យាសា្ថនជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI),វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB) និង សាលាមធ្យមសិក្សាបច្ចេកទេស(JVC)។ សម្រាប់នៅខេត្តសៀមរាប មានដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។
កញ្ញា ខឹម ស្រីល័ក្ខ ដែលបោះបង់ការសិក្សាតាំងពីថ្នាក់ទី៩ ទើបតែចុះឈ្មោះចូលរៀននៅកម្មវិធីប៊ីប(BEEP) បានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗទាំងក្តីរំភើបថា ខ្លួនពិតជាពេញចិត្តនឹងកម្មវិធីនេះណាស់ ព្រោះវាផ្តល់ក្តីសង្ឃឹមឲ្យកញ្ញាអាចរៀនសូត្របន្ត ដើម្បីចាប់យកជំនាញដែលខ្លួនស្រឡាញ់នាពេលអនាគត។
សិស្សដែលចុះឈ្មោះចូលរៀនតាមរយៈកម្មវិធីប៊ីប មានចំនួន២៣៤នាក់ដែលសិក្សាតាមប្រព័ន្ធអនឡាញ និងចំនួន៣២នាក់ទៀតកំពុងសិក្សាផ្ទាល់នៅតាមវិទ្យាស្ថានទាំង៥នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕