វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
នំបុ័ង មានដើមកំណើតដំបូងនៅអេហ្ស៊ីបបុរាណ
× សម្រាប់ប្រជាជនខ្មែរ នំបុ័ងគឺជាអាហារ ឬចំណីបន្ទាប់បន្សំ បន្ទាប់ពីបាយ មី គុយទាវជាដើម។ ចំពោះបណ្តាប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប នំបុ័ង ប្រៀបដូចជា «បាយ» សម្រាប់ជនជាតិខ្មែរដែរ។ ដើមកំណើតរបស់វា អាចធ្វើឲ្យមនុស្សនឹកស្មានមិនដល់ ដែលលេចរូបរាងឡើងតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។
នំបុ័ងគឺជា អាហារទាំងឡាយណា ដែលផលិតពីម្សៅរុក្ខជាតិ ទឹក និងមេ សម្រាប់ធ្វើឲ្យងាយឡើងប៉ោង ។ ដោយលាយសារធាតុទាំងបីនេះចូលគ្នា រួចចម្អិន។ យោងតាមប្រវត្តិសាស្ត្រ ដោយដកស្រង់ដោយគេហទំព័រ lyonbakery.com នំបុ័ង អាចមានដើមកំណើតតាំងពីជាង ៨ពាន់ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះ ដ្បិតគេឃើញមានវត្តមានរបស់វា នៅប្រទេសអេហ្ស៊ីបបុរាណ។
អេហ្ស៊ីបបុរាណ គឺជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ចំណាស់ជាងគេ។ កាលនោះ រូបរាងនំបុ័ង ដូចទៅនឹង នំម្សៅម្យ៉ាង មានរាងមូលសំប៉ែតៗ។ អស់ជាច្រើនរយឆ្នាំក្រោយមក គេឃើញមាន ប្រទេសជាច្រើនបានចម្លង និងផលិតនំបុ័ងតាមចំណងចំណូលចិត្ត ក៏ដូចជាទៅតាមវប្បធម៌រៀងៗខ្លួន។ កាលពីឆ្នាំ៤៥០ ប្រជាជននៃអាណាចក្ររ៉ូមាំង បានប្រើប្រាស់រហាត់ទឹក ទាញយកថាមពលទឹកដើម្បីកិនគ្រឿងម្សៅ ដើម្បីផលិតនំបុ័ងនោះឯង។
អ្វីដែលពិសេសនោះ នំបុ័ងដែលមានពណ៌ ស គឺជានំបុ័ងសម្រាប់អ្នកមានធនធាន និងមានអំណាច។ ប្រជាជនបុរាណ អង់គ្លេស និងរ៉ូមាំង បានជឿថា នំបុ័ងដែលមានពណ៌ ស គឺជាអាហារដែលមានគុណភាព និងមានតម្លៃ។ ក្នុងឆ្នាំ ១៨៣៤ ស្វីស បានផលិតម៉ាស៊ីនកិនម្សៅនំបុ័ង ក្នុងអំឡុងពេលបដិវត្តន៍ឧស្សាហកម្ម ដែលមានភាពងាយស្រួល និងចំណាយថវិកាតិចតួច ក្នុងការផលិតអាហារមួយនេះ។ ក្រោយឆ្នាំ១៩០០ សារធាតុនានាត្រូវបានគេលាយបន្ថែមទៅក្នុងនំ ដើម្បីរក្សាគុណភាព សោភ័ណភាពជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com