អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លី សៀន​ឡុង​៖ ទំនាក់ទំនង​សិង្ហ​បុរី​-​ចិន នឹង​នៅតែ​ល្អ ទោះ​សិង្ហ​បុរី​ត្រូវ​ផ្លាស់ប្តូរ​អ្នក​បន្តវេន​ថ្មី​ក៏ដោយ​
05, May 2019 , 3:27 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​អះអាង​ជាមួយនឹង​ទំនុកចិត្ត​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​សិង្ហ​បុរី និង​ចិន នឹង​តែ​ល្អ​នឹង​គ្នា បើទោះបីជា​សិង្ហ​បុរី ត្រូវ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​នាពេលខាងមុខ​ក៏ដោយ​។ ប្រមុខ​ដឹកនាំ​រូបនេះ ហ៊ាន​ថ្លែង​បែបនេះ ដោយសារតែ​ទំនាក់ទំនង​នេះ ពឹង​ផ្អែកលើ​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ មិនមែន​លើ​ទំនាក់ទំនង​របស់​មេដឹកនាំ ឬ​ក្រុម​អ្នកដឹកនាំ​ឡើយ​។​

 
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​«​ផ្លូវ និង​ខ្សែក្រវ៉ាត់​»​ក្នុង​ក្រុង​ប៉េកាំង​របស់​ចិន ដែល​ទើបតែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ត្រូវ​ចោទ​សួរថា​តើ លោក មើលឃើញ​បែបណា​ពី​ផលប៉ះពាល់​នៃ​ទំនាក់ទំនង​សិង្ហ​បុរី​-​ចិន នៅពេលដែល​សិង្ហ​បុរី ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​នាពេលខាងមុខ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Strait Times លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា សិង្ហ​បុរី បានគិត​គូរ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យូរណាស់​មកហើយ​ពោលគឺ សិង្ហ​បុរី បានរៀបចំ​ឲ្យ​មាន​រដ្ឋមន្ត្រី​វ័យក្មេង​ជាច្រើនរូប​ដើម្បី​បញ្ជ្រាប និង​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ជាមួយនឹង​ចិន​លើ​វេទិកា​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។  
 
​ខណៈ​អះអាងថា​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​របស់​សិង្ហ​បុរី​នឹង​កើតឡើង លោកនាយក​រដ្ឋមន្ត្រី លី សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ចិន ក៏​ចង់​ឲ្យ​ទំនាក់ទំនង និង​មិត្តភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នឹង​នៅតែ​បន្ត​ល្អ​នឹង​គ្នា​។ លោក សង្កត់ធ្ងន់ថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ ពឹង​ផ្អែកលើ​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ មិនមែន​លើ​បុគ្គល ឬ​ក្រុម​អ្នកដឹកនាំ​មួយក្រុម​ណាមួយ​ឡើយ​។​
 
​នៅពេលដែល​និយាយ​ដល់​ទំនាក់ទំនង​បុគ្គល​រវាង​លោក និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង លោកនាយក​រដ្ឋមន្ត្រី លី ថ្លែងថា លោក រីករាយ​នឹងធ្វើ​ការ​ជាមួយនឹង​គ្នា ហើយក៏​សង្ឃឹមថា ស្ថានភាព​នេះ ក៏​នឹង​នៅតែ​បន្ត នៅពេលដែល​មេដឹកនាំ​សិង្ហ​បុរី ផ្លាស់ប្តូរ​។​
 
​គួរ​ជម្រាប​ថា លោក លី សៀន​ឡុង បានប្រកាស​យ៉ាងច្បាស់​លាស់​រួចហើយ​ថា លោក នឹងមិន​កាន់តំណែង​នាយករដ្ឋមន្ត្រី​ទៀត​នោះទេ បើទោះបីជា​បក្ស​របស់លោក ឈ្នះ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ក៏ដោយ ។ ហេតុផល​របស់លោក គឺ​ដោយសារ​លោក ចង់​ផ្តល់ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ ជាពិសេស​មេដឹកនាំ​វ័យក្មេង​ហើយ​ខ្លាំង ដឹកនាំ​ប្រទេស​វិញ​ម្តង​៕​

Tag:
 សិង្ហ​បុរី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com