អន្តរជាតិ
នយោបាយអន្តរជាតិ
ជប៉ុន និងវៀតណាម ឯកភាពជំរុញការដោះស្រាយសកម្មភាពវាតទីរបស់ចិនក្នុងសមុទ្រចិនខាងត្បូងដោយសន្តិវិធី រូបភាពៈ Kyodo
× រដ្ឋាភិបាលក្រុងកូត្យូ និងរដ្ឋាភិបាលក្រុងហាណូយ បានព្រមព្រៀងគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការការពារជាតិ។ ភាគីទាំងពីរ ក៏បានសន្យាធ្វើការជាមួយគ្នាក្នុងការដោះស្រាយបញ្ហានៃការវាតទីនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូងរបស់ចិនតាមមធ្យោបាយសន្តិវិធីផងដែរ។
តាមរយៈដំណើរទស្សនកិច្ចផ្លូវការទៅកាន់ក្រុងហាណូយរបស់វៀតណាមនៅថ្ងៃ៣ ឧសភា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បានជួបពិភាក្សាជាមួយនឹងសមភាគីវៀតណាម លោករដ្ឋមន្ត្រី Ngo Xuan Lich ដោយផ្តោតលើការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី និងបញ្ហាក្នុងតំបន់ ដែលជាក្តីបារម្ភរួមគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Times។
តាមរយៈជំនួបនោះលោករដ្ឋមន្ត្រី Takeshi Iwaya បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចដែលជាទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើង សំដៅធានាឲ្យបានថារដ្ឋឯកោមួយនេះរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោករដ្ឋមន្ត្រី ថ្លែងបែបនេះ ក៏ព្រោះវៀតណាម ជារដ្ឋមួយរបស់ពិភពលោក ដែលមានទំនាក់ទំនងល្អជាមួយនឹងកូរ៉េខាងជើង។
ក្នុងជំនួបដដែលនោះ ប្រមុខការពារជប៉ុន ក៏បានរំលេចបញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះអធិបតេយ្យរវាងចិន និងវៀតណាម ក៏ដូចជារដ្ឋអាស៊ានដទៃផ្សេងទៀតផងដែរ។ ប្រមុខការពារជាតិជប៉ុនរូបនេះ នៅចំពោះមុខសមភាគីវៀតណាម បានចាត់ទុកសកម្មភាពយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺជាក្តីបារម្ភសន្តិសុខធ្ងន់ធ្ងរមួយសម្រាប់ជប៉ុន និងតំបន់។
តាម Japan Times ប្រមុខការពារជាតិជប៉ុន និងវៀតណាម បានព្រមព្រៀងគ្នារកដំណោះស្រាយលើក្តីបារម្ភនេះ តាមរយៈមធ្យោបាយសន្តិវិធី ពោលគឺភាគីទាំងពីរ មិនយកកម្លាំងយោធាតបតនឹងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ជម្លោះឡើយ។
គួរជម្រាបផងដែរ កន្លងមក ជប៉ុន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម ដែលផ្តោតតែលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ ជប៉ុន ក៏មានកិច្ចសហប្រតិបត្តិការយោធាស៊ីជម្រៅជាមួយនឹងវៀតណាមផងដែរ។ កន្លងមកជប៉ុន ក៏ធ្លាប់បានផ្តល់នាវាល្បាតដល់វៀតណាម សម្រាប់ប្រតិបត្តិការក្នុងដែនសមុទ្ររបស់ខ្លួន ខណៈដែលវៀតណាម មានរឿងចម្រូងចម្រាស់ជាមួយនឹងចិន នៅក្នុងសមុទ្រចិនខាងត្បូង។
គួរឲ្យកត់សម្គាល់ ជប៉ុន មិនមានជាភាគីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងដូចជារដ្ឋអាស៊ានដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិននោះទេ តែជប៉ុន គឺជាភាគីជម្លោះជាមួយនឹងចិន នៅក្នុងដែនសមុទ្រខាងកើត ដែលភាគីទាំងពីរ បានទាមទារគ្រប់គ្រងអធិបតេយ្យលើតំបន់ត្រួតស៊ីដូចនឹងបណ្តាប្រទេសក្នុងសមុទ្រចិនខាងត្បូងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com