ពីនេះ ពីនោះ
ទើប​ចូលឆ្នាំ​រួច តើ​ជោគជតារាសី​របស់លោក​-​អ្នក យ៉ាងណាដែរ​?
05, May 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក បាន​កន្លងផុត​ទៅហើយ​។ ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាង ធុ​ង្សៈ ទេវី កំពុង​គ្រប់គ្រង​ដែន​ជម្ពូទ្វីប​។ លោក អ៊ឹម បុរិន្ទ ក្នុង​សៀវភៅ «​មហាសង្ក្រាន្ត​» បាន​ប្រើ​ក្បួនតម្រា​ទាយ​ជោគជតារាសី មនុស្ស​ប្រុស​ស្រី​នៃ​ឆ្នាំ​ទី​១២​។

 
​តើ​ការ​ទស្សន៍ទាយ​របស់លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ មាន​ដូចម្តេចខ្លះ​? សារព័ត៌មាន ThmeyThmey សូម​សង្ខេប​ដូចខាងក្រោម​៖
 
​ឆ្នាំជូត​៖
​សម្រាប់​មនុស្ស​ប្រុស លោក អ៊ឹម បុរិន្ទ គន់គូ​ឃើញថា លោកអ្នក​នឹង​បាន​លាភ​ធំ តែ​ត្រូវ​បាត់បង់​ទ្រព្យសម្បត្តិ​ជាម​នុស្ស​។ សូម​ប្រយ័ត្ន​ខ្លួន​បន្តិច​ចំពោះ​អំពើចោរកម្ម ប៉ុន្តែ​អ្វីៗ​នឹង​ល្អប្រសើរ ដោយ​អ្នក​អាច​ទទួលបាន​មុខតំណែង​ថ្មី និង​មាន​ទំនួល​ខុសត្រូវ​ជាង​មុន​។ សម្រាប់​មនុស្ស​ស្រី ជើង​លេខ​មិន​ខុសពី​មនុស្ស​ឡើយ មុន​បាន​លាភ​ធំ ត្រូវតែ​បង់ទ្រព្យ​មុន ហើយ​លាភ​ទាំងនោះ ភាគច្រើន​បានមកពី​ទី​ឆ្ងាយ​។ ចូរ​ខំ​ថែ​សុខភាព​ផង ព្រោះ​ជំងឺ​តម្កាត់​តែងតែ​តាម​យាយី​។​
 
​ឆ្នាំឆ្លូវ​៖
​សម្រាប់​មនុស្ស​ប្រុស ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង ប្រសិនបើ​អ្នក​មិន​ចង់​នឿយហត់ និង​ធុញទ្រាន់​កន្លែង ឬ​ទីលំនៅ​ចាស់​។ កំពូល​ហោរា​ស្រុក​ខ្មែរ បាន​ផ្តាំ​ថា អ្នក​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ ព្រោះ​អ្នក​ត្រូវ​រង​ការ​ស្កៀបរមាស់​រង្គោះរង្គើ​នៅ​ក្រុមហ៊ុន និង​ជាមួយ​មិត្តភក្តិ ញាតិ​ព័ន្ធ​។ សម្រាប់​មនុស្ស​វិញ បញ្ហា​ក៏​មិនសូវ​ខុសគ្នា​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​អារម្មណ៍ ដូច្នេះ​អ្នកនឹង​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​បន្តិច​។​
 
​ឆ្នាំខាល​៖
​ជោគ​រាសី​ល្អ​ណាស់​សម្រាប់​មនុស្ស​ប្រុស ដោយ​អ្នក​នឹងមាន​សេចក្តីសុខ​លើសលុប និង​គាប់ចិត្ត​គ្រប់យ៉ាង​ទាំង​ក្នុង​ការងារ និង​គ្រួសារ​។ បើ​អ្នក​មានបំណង​ធ្វើ​ការងារ ឬ​បើកមុខ​ជំនួយ​ជួញដូរ ផល​នឹង​បានសម្រេច​ពិតប្រាកដ ប៉ុន្តែ​សូមកុំ​ផ្តេកផ្តួល​នឹង​ការជួយ​ពី​អ្នកដទៃ​ខ្លាំងពេក​។ សម្រាប់​មនុស្ស​ស្រី​វិញ លោក អ៊ឹម បុរិន្ទ ទាយ​ថា ជោគ​រាសី​មិនល្អ​ដូច​មនុស្ស​ឡើយ​។ មិនគួរ​ដើរ​ឆ្ងាយ ឬ​បើកហាង​លក់ដូរ​នោះទេ ប៉ុន្តែ​ទោះយ៉ាងណា​ផ្លូវ​ក៏​មិន​បិទ​សម្រាប់​អ្នក​ដែរ បើ​អ្នក​តាំងចិត្ត​ព្យាយាម និង​មិន​ធ្វេសប្រហែស​។​
 
​ឆ្នាំថោះ​៖
​សម្រាប់​មនុស្ស​ប្រុស វា​ជា​ឆ្នាំ​មង្គល​របស់​អ្នក​ហើយ​។ ចូរ​កុំ​ខ្លាច​ឲ្យ​សោះការ​ច្រណែន​ឫស្យា ព្រោះ​អ្នក​នៅមាន​អ្នក​រង់ចាំ​ជួយ​យ៉ាង​ពេញទំហឹង​។ កុំ​ចិត្តទន់​ឲ្យ​សោះ​ជាមួយ​ដែល​បញ្ចុះបញ្ចូល​បញ្ជោរ​លើ​កជើង​។ ចំពោះ​សុខភាព​វិញ លោក​ហោរា ហាម​លីសែង​រែកពុន​របស់​ធ្ងន់​។ ចំពោះ​មនុស្ស​ស្រី ឧបសគ្គ​មាន​ច្រើន ប៉ុន្តែ​គង់​សាបរលាប​ទៅវិញ ដោយមាន​អ្នក​ចាំ​ជួយ​ច្រើន​។ ឆ្នាំនេះ អ្នក​អាច​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល ឬ​ធ្វើ​ថ្មី​ផង ក៏​អាច​ថា​បាន​។​
 
​ឆ្នាំរោង​៖
​ចំពោះ​មនុស្ស​ប្រុស គ្រោះកាច​តាម​យាយី ហើយ​ការ​សេពគប់​ទៀតសោត កុំ​រំពឹងថា​បាន​ផល​កម្រៃ​។ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង និង​ប្រើ​សេចក្តី​អង់អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អាច​ប្រាស់ចាក​ផុតពី​វិបត្តិ​ទាំងនេះ​។ ផ្ទុយទៅវិញ ចំពោះ​មនុស្ស​ស្រី ផល​លាភ​ស្ថិតក្នុង​កណ្តាប់ដៃ​។ អ្នកនឹង​ទទួលបាន​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ​។ អ្វីដែល​ពិសេស​នោះ បើ​សុភាពនារី​ណា​ត្រូវ​រៀប​មង្គលការ ឆ្នាំនេះ​គឺ​ល្អ​ផ្តាច់​សម្រាប់​អ្នក​ហើយ​។ ប៉ុន្តែ​អ្នក​ក៏​មិនអាច​គេច​ផុតពី​ការយាយី​រំខាន​ទាំងស្រុង​នោះដែរ​។​
 
​ឆ្នាំម្សាញ់​៖
​សម្រាប់​មនុស្ស​ប្រុស បើ​ត្រូវ​រៀប​មង្គលការ អ្នកនឹង​បានសម្រេច​បំណង​ប្រកបដោយ​សេចក្តី ទោះបី​មានទំនាស់​តិចតួច​ជាមួយ​មេបា​ក៏ដោយ​។ អ្នកនឹង​បាន​តំណែង និង​ទំនួល​ខុសត្រូវ​បន្ថែម ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចោរកម្ម អគ្គិភ័យ និង​ជំងឺ​ផ្តាសាយ​។ រីឯ​មនុស្ស​ស្រី​វិញ ក៏​មិន​ខុសគ្នា​ដែរ វា​ជា​ឆ្នាំ​ជោគ​លាភ ប៉ុន្តែ​សូម​ហាមផ្តាច់ ការ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឯណោះ បើ​អ្នក​តម​បាន​មែន​នោះ គ្មាន​ឡើយ​ការបែកបាក់​មេត្រីភាព​។​
 
​ឆ្នាំមមី​៖
​មិនសូវ​ល្អ​សោះ​សម្រាប់​ដួង​ជតា​មនុស្ស​ប្រុស​។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ ហើយ​កុំ​ពូកែ​កំប្លុកកំប្លែង​ពេក ត្រូវធ្វើ​ខ្លួន​ជា​មនុស្ស​សុភាពរៀបសារ ហើយ​តប​សេចក្តី​ល្អជា​មួយ​សត្រូវ​។ ទោះ​មាន​គ្រោះអាសន្ន តែ​អ្នក​មានសំណាង​ដោយមាន​មិត្ត​ជិតស្និទ្ធ​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​។ ទំនាញ​សម្រាប់​មនុស្ស​ស្រី​នៅ​ឆ្នាំនេះ ដូច​មនុស្ស​ប្រុស​បេះបិទ ដូច្នេះ​ការពិចារណា​គិត​មុខ គិត​ក្រោយ ជា​បច្ច័យ​ដែល​នាំ​អ្នក​ឆ្លង​ផុត​គ្រោះ និង​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ​។​
 
​ឆ្នាំមមែ​៖
​មនុស្ស​ប្រុស​ឆ្នាំនេះ គឺមាន​ជោគជតា​ល្អ ដូច​មនុស្ស​ស្រី​ឆ្នាំម្សាញ់​ទាំងស្រុង​។ មិត្តភក្តិ ចៅហ្វាយនាយ​ចាំ​ទំនុកបម្រុង​អ្នកជា​និច្ច សំខាន់បំផុត​គឺ​ហាម​និយាយដើម​គេ ឬ​នាំ​រឿង​ពីនេះ ទៅនោះ​។ រីឯ​ចំពោះ​មនុស្ស​ស្រី​ឆ្នាំមមែ​នេះ​វិញ លោក អ៊ឹម បុរិន្ទ គន់គូ​ឃើញ​ដូច​មនុស្ស​ប្រុស​ឆ្នាំម្សាញ់​។ ជា​ឆ្នាំ​ល្អ​សម្រាប់​អាពាហ៍ពិពាហ៍ ហើយ​ទ្រាំ​បន្តិច​ទៅ ហេតុការណ៍​នឹង​បានល្អ​ប្រសើរ​ឡើងវិញ ក្រោយ​មានទំនាស់​នឹង​មេបា​បន្តិចបន្តួច​របស់​អ្នក​។​
 
​ឆ្នាំវក​៖
​ទំនាយ​ថា មនុស្ស​ប្រុស​ឆ្នាំវក​នេះ មានជោគ​ជតា ដូច​មនុស្ស​ស្រី​ឆ្នាំរោង ដោយ លាភ​ផល​ជូន​ដល់ដៃ មានការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ ហើយ​អ្នក​អាច​គេច​ផុតពី​សត្រូវ​កាច​ដែល​ប៉ុនប៉ង​ប្រទូស្ត​រាយ​ទាំងអស់​។ ងាក​ទៅ​មនុស្ស​ស្រី​ឆ្នាំវក​នេះ​វិញ នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ មើលឃើញថា មាន​រាសី​មិនសូវ​ល្អ​ដូច​មនុស្ស​ប្រុស​ឆ្នាំរោង​ដែរ​។ អ្នក​កុំ​សង្ឃឹមថា បាន​ផល​កម្រៃ​ពី​ការដាក់ទុន​រកស៊ី​ជាមួយ​មនុស្ស​ជិតស្និទ្ធ​។​

​ឆ្នាំរកា​៖
​រាសី​របស់​មនុស្ស​ប្រុស​ឆ្នាំរកា ដូច​ទៅនឹង​រាសី​របស់​មនុស្ស​ស្រី​ឆ្នាំថោះ​។ ទោះ​មាន​ឧបសគ្គ មានទុក្ខ ប៉ុន្តែ មិត្តភក្តិ​ចាំ​ជួយ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ឲ្យ​អ្នក​បាន​សុខសាន្ត ហើយ​អ្នក​ប្រហែលជា​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល ឬ​ធ្វើ​ថ្មី​ផងដែរ​។ សម្រាប់​មនុស្ស​ស្រី​ឆ្នាំរកា​វិញ មាន​ទំនាយ​ដូច​ទៅនឹង​មនុស្ស​ប្រុស​ឆ្នាំថោះ ជា​ឆ្នាំ​ល្អ​សម្រាប់​មង្គលការ កុំ​ប្រឹង​សេពគប់​ជា​មនុស្ស​មនុស្ស​ដែល​ចូលចិត្ត​និយាយ​លើកជើង ហើយ​បើ​មិន​ចង់​ថ្លោះ​ចង្កេះ គ្រេច​ឆ្អឹងខ្នង សូមកុំ​លើក​លើកដាក់​របស់​ធ្ងន់​។​
 
​ឆ្នាំច​៖
​មនុស្ស​ប្រុស​ឆ្នាំច ក៏ដូចជា​មនុស្ស​ស្រី​ឆ្នាំខាល​យ៉ាង​ដូច្នោះ​ដែរ​។ ឆ្នាំនេះ លោកអ្នក​មិនសូវ​រីករាយ​សោះ ហើយ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក៏​មិនសូវ​កាក់កប និង​មិនគួរ​ពឹង​គេ​ឲ្យ​ជួយ​ធុរៈ​ខ្លួន​។ ជោគជ័យ​កើតឡើង​គឺ​ដោយសារតែ​ការតាំង​ចិត្ត​ព្យាយាម​ប្តូរផ្តាច់​របស់​អ្នក​។ រីឯ​មនុស្ស​ឆ្នាំច​វិញ ដូច​មនុស្ស​ប្រុស​ឆ្នាំ​ឆាល ដោយ​លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​លើសលុប តែ​ចំពោះ​ការស្រឡាញ់​រាប់អាន ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹកចិត្ត​គេ​ផង​។​
 
​ឆ្នាំកុរ​៖
​មនុស្ស​ប្រុស​ឆ្នាំកុរ ដូច​មនុស្ស​ស្រី​ឆ្នាំឆ្លូវ ដោយ​ដំណើរ​ជីវិត​ត្រូវ​ជួប​ឧបសគ្គ ហើយ​មានតែ​ការ​ខំ​តាំងចិត្ត​ពុះពារ​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​ទេ ដែល​នាំ​អ្នក​ឲ្យ​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​បន្តិច​។ ដោយឡែក​មនុស្ស​ស្រី​ឆ្នាំកុរ​វិញ រាសី​ដូច​មនុស្ស​ឆ្នាំឆ្លូវ​។ អ្នក​ច្បាស់​ជា​ធុញទ្រាន់​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង​ក៏មាន​។ សូមកុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ នៅពេល​ដែលមាន​អ្នកធ្វើ​អ្វីមួយ​មិន​គាប់ និង​នាំ​អ្នក​ឲ្យ​មាន​សេចក្តី​សៅហ្មង​រឿយៗ​៕
 
 
 

Tag:
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com